[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា GAC Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Highlander Cavalier Edition ជាមួយតម្លៃលក់ចាប់ពី ៤៨ ០៤២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform មានប្រវែងសរុប ៤ ៩៦៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅបានតុបតែងជាមួយពណ៌ខ្មៅ ប៉ាណាមុខទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រពណ៌ខ្មៅ និងចង្កៀងក្រោយប្រភេទ LED ផងដែរ។
ចំពោះនៅខាងផ្នែកក្នុងកាប៊ីនដែលអាចដាក់បាន ៧ កៅអី តុបតែងដោយស្បែកពណ៌ខ្មៅជាមួយនឹងថ្នេរដេពណ៌មាស បំពាក់ដោយកុងទ័របង្ហាញព័ត៌មាន TFT ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ OTA អេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក JBL ១១ ចំនុច ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.0 ផងដែរ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តម៉ូដែលពិសេសនេះដំណើរការដោយប្រព័ន្ធ Toyota Hybrid System-II ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផលិតកម្លាំងបាន ២៣៦ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយនឹងរបៀបបើកបរ Normal, Sport, Eco ៕