[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford នឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ថ្មី នៅទី ១០ ខែឧសភា ឆ្នាំ ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមរិក។
សម្រាប់ពេលនេះ ក្រុមហ៊ុន Ford កំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានបញ្ចេញវីដេអូ Teaser មានរយះពេល ១៥ វិនាទី ដោយមិនបង្ហាញអ្វីច្រើននោះទេ ប៉ុន្តែឃើញមានបំពាក់ចង្កៀងមុខរាងអក្សរ C ចង្កៀងក្រោយរាងបញ្ឈរ និងទ្វារឃ្លុបក្រោយដែលមានអក្សរ Ranger និង Raptor ជាដើម ។
ក្រៅពីការរចនាដ៏ហាប់ណែន និងធំជាងមុន យើងអាចរំពឹងថាផ្នែកខាងក្នុងត្រូវបានកែលម្អយ៉ាងខ្លាំងជាមួយនឹងគ្រឿងបរិក្ខាដែលមានគុណភាពខ្ពស់ និងទំនើបៗ គេរំពឹងថានឹងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ ឬ ១២ អ៉ីញ និងកន្លែងសាកថ្មឥតខ្សែរជាដើម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ត្រូវបានគេរំពឹងថា៖
- Ford Ranger នឹងបំពាក់ម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០០ សេស និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ។
- សម្រាប់ភីកអាប់ Ford Ranger Raptor វានឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៤១៨ សេស និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីនេះ ភីកអាប់នេះ ក៏ត្រូវបានផ្តល់ជូនសម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើងផងដែរ ដោយដំណើរការដោយម៉ាស៊ីនថ្មីចំណុះ ២,៧ លីត្រ Ecoboost V6 មានកម្លាំង ៣៣០ សេស និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ។
ទាក់ទងនឹងតម្លៃវិញ សម្រាប់ភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ អាចមានតម្លៃលក់ ៥៥ ០០០ ដុល្លារ ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម យើងនឹងចាំមើលនៅថ្ងៃទី ១០ ស្អែកនេះទាំងអស់គ្នា ៕