យ៉ាន់ Alloy គេនិយមប្រើរាល់ថ្ងៃ មានគុណសម្បត្តិ និង គុណវិបត្តិបែបណាខ្លះ?

កាល​ពី​មុន យ៉ាន់​រថយន្ត​ត្រូវ​បាន​ផលិត​ចេញ​ពី​ដែក ដោយ​សារ​តែ​ភាព​រឹងមាំ , ភាព​យូរ​អង្វែង និង រូងរាង​របស់​វា។ ទោះ​ជា​យ៉ាង​ណា ការ​ងាក​មក​ប្រើ​ប្រាស់​យ៉ាន់ Alloy ក៏​ដោយ​សារ​តែ​គេ​មើល​ឃើញ​អត្ថប្រយោជន៍​ជា​ច្រើន​របស់​វា ក៏​ដូច​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​តម្រូវ​ការ​យ៉ាន់​ប្រភេទ​នេះ​ផង​ដែរ។

យ៉ាន់ Alloy ដែល​និយម​បំពាក់​លើ​រថយន្ត​ទំនើបៗ​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម ឬ ម៉ាញ៉េស្យូម ឬ​ជួនកាល​ទាំង​ពីរ​តែម្តង។ តាម​ធម្មតា យ៉ាន់​ប្រភេទ​នេះ​ត្រូវ​បាន​បំពាក់​តែ​លើ​រថយន្ត​ស្ព័រ​ទំនើប និង​រថយន្ត​ប្រណីត​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ វា​ត្រូវ​បាន​បំពាក់​ស្ទើរ​គ្រប់​រថយន្ត​តែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខាង​ក្រោម​នេះ​គឺ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​យ៉ាន់ Alloy ដែល​មនុស្ស​ភាគ​ច្រើន​និយម​ប្រើ​រាល់​ថ្ងៃ៖

គុណសម្បត្តិ

  • រូបរាង៖ យ៉ាន់​ដែក​មិន​អាច​ប្រៀបធៀប​ជាមួយ​យ៉ាន់ Alloy បាន​ឡើយ បើ​និយាយ​ពី​រូបរាង​ស្រស់​ស្អាត។
  • ការ​កាត់​បន្ថយ​កម្តៅ៖ យ៉ាន់ Alloy អាច​កាត់​បន្ថយ​កម្តៅ និង​មាន​សមត្ថភាព​ប្រសើរ​ជាង​យ៉ាន់​ដែក ហើយ​ក៏​អាច​កាត់​បន្ថយ​អត្រា នៃ​ការ​ខូច​ហ្វ្រាំង​ដែរ។
  • សមត្ថភាព៖ យ៉ាន់ Alloy អាច​កាត់​បន្ថយ​ទម្ងន់ និង​បញ្ជូន​និចលភាព​តិច​ជាង​យ៉ាន់​ដែក ដែល​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ប៊ូម​រត់​តាម​ស្ថានភាព​ផ្លូវ​បាន​យ៉ាង​ងាយ​ស្រួល និង​មិន​រអិល​ថែម​ទៀត​ផង។
  • សន្សំ​សំចៃ​សាំង៖ យ៉ាន់ Alloy មាន​ទម្ងន់​ស្រាល​ជាង​យ៉ាន់​ដែក ដូច្នេះ​វា​អាច​ជួយ​សន្សំ​សំចៃ​សាំង​បាន​មួយ​កម្រិត។
  • ជំនួយ​ដល់​ហ្វ្រាំង៖ ដោយ​សារ​តែ​យ៉ាន់ Alloy ជួយ​ធ្វើ​ឲ្យ​កង់​មាន​កម្លាំង​ទាញ​បាន​ល្អ​ប្រសើរ​ក្នុង​អំឡុង​ពេល​ចាប់​ហ្វ្រាំង។
  • មិន​ងាយ​ពុក និង​ច្រេះ៖ ដោយ​សារ​តែ​យ៉ាន់ Alloy ផលិត​ចេញ​ពី​អាលុយមីញ៉ូម ដូច្នេះ​វា​ជួយ​ការពារ​ពី​ភាព​ពុក និង​ច្រេះ​បាន​យ៉ាង​ល្អ​ប្រសើរ។
  • ជួយ​ឲ្យ​សម្បក​កង់​ប្រើ​បាន​យូរ៖ ដោយ​សារ​តែ​យ៉ាន់ Alloy កាត់​បន្ថយ​កម្តៅ​បាន​យ៉ាង​ល្អ​ប្រសើរ ដូច្នេះ​សំណឹក​នៃ​សម្បក​កង់​ក៏​មាន​តិច​ដែរ។
  • សក្តិសម​ប្រើ​ជាមួយ​សម្បក​កង់​គ្មាន​ពោះវៀន៖ ដោយ​សារ​តែ​យ៉ាន់ Alloy អាច​ការពារ​ខ្យល់​មិន​ឲ្យ​លេច​ធ្លាយ​ចេញ​មក​ក្រៅ​បាន​ទាំង​ស្រុង។

គុណវិបត្តិ

  • មិន​ខ្លាំង​ដូច​យ៉ាន់​ដែក៖ យ៉ាន់​ដែក ពិត​ជា​ខ្លាំង​ជាង​យ៉ាន់ Alloy ហើយ​អាច​ទទួល​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​ជាង មុន​ពេល​វៀច ឬ​បាក់។
  • តម្លៃ​ថ្លៃ៖ ដំណើរការ​ផលិត​យ៉ាន់ Alloy ពិត​ជា​ស្មុគស្មាញ​ខ្លាំង​ជាង​យ៉ាន់​ដែក។ ជា​លទ្ធផល យ៉ាន់ Alloy គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ទាំង​ការ​ផលិត , ទិញ និង ជួសជុល។
  • ចោរ​ចូលចិត្ត​លួច៖ ដោយ​សារ​តែ​យ៉ាន់ Alloy មាន​សភាព​ស្រស់​ស្អាត , ថ្លៃ និង គេ​និយម​ប្រើ​ប្រាស់​ច្រើន ដូច្នេះ​វា​ពិត​ជា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជន​ខិលខូច​យ៉ាង​ខ្លាំង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម