សម្រាប់ស៊េរីឆ្នាំ ២០២១ ក្រុមហ៊ុន Toyota បានបន្ថែមប្រភេទ XSE មួយទៀតលើរថយន្ត SUV កៅអីបីជួរ Highlander របស់ខ្លួន។
XSE នេះគឺមានលក្ខណៈពិសេសខុសប្លែកគេដូចជា Camry XSE ដែរ ដោយមានផ្ទាំងប៉ាណាខាងមុខបែបកាច និងរន្ធខ្យល់ផ្នែកខាងក្រោមមានទំហំធំខុសពីប្រភេទធម្មតា។ Highlander XSE ឆ្នាំ ២០២១ ក៏មានបំពាក់កង់ទំហំ ២០ អ៊ីញ ដែលមានផ្ដាច់មុខលើប្រភេទនេះ ហើយមានចំណុចតូចៗមួយចំនួនទៀតរំលេចដោយពណ៌ខ្មៅ។
ចំពោះផ្នែកខាងក្នុងមិនមានការផ្លាស់ប្ដូរអ្វីច្រើននោះឡើយ ដោយមានបញ្ចូលនូវភ្លើងភ្លឺនាពេលយប់ កៅអីអង្គុយស្រោបដោយស្បែកខ្មៅ ហើយអតិថិជនក៏មានជម្រើសលេងការឌីហ្សាញពីរពណ៌ផ្នែកខាងក្នុងផងដែរ។
អ្វីដែលមិនផ្លាស់ប្ដូរគឺម៉ាស៊ីនចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ដែលនៅតែផលិតកម្លាំងបាន ២៩៥ សេះ ភ្ជាប់នឹងប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ។ Toyota មិនបាននិយាយអំពីតម្លៃនោះទេ ប៉ុន្តែវាអាចមានប្រមាណ ៤២ ០០០ ដុល្លារ នៅទីផ្សារអាមេរិក៕