[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា លោកស្នើរដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យចាប់ផ្តើមការស៊ើបអង្កេតលើរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាតភ្ជាប់ដែលមានប្រភពមកពីប្រទេសចិន ដែលអាចប្រមូលទិន្នន័យរសើប និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ហើយបញ្ជូនទិន្នន័យនេះត្រឡប់ទៅកាន់ប្រទេសចិនវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកបាននិយាយថា “ប្រទេសចិនបានប្តេជ្ញាចិត្តគ្រប់គ្រងទីផ្សាររថយន្តនាពេលអនាគត រួមទាំងការប្រើប្រាស់ការអនុវត្តមិនយុត្តិធម៌ផងដែរ”។ លោកបានបន្ថែមថា ប្រទេសនេះត្រៀមនឹងបំបាក់អាមេរិកជាមួយនឹងរថយន្តទំនើបៗ ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ។ លោកបានសួរថា «ហេតុអ្វីបានជារថយន្តដែលភ្ជាប់ពីប្រទេសចិនត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការក្នុងប្រទេសយើងដោយគ្មានការការពារ?
ជាមួយគ្នានេះ យោកតាមសារព័ត៌មាន Reuters រាយការណ៍ថា ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរិះគន់ចំពោះការលើកឡើងថា រថយន្តរបស់ខ្លួនបង្កការគំរាមកំហែងដល់ជនជាតិអាមេរិក។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិកបានដាក់កំហិតលើក្រុមហ៊ុនចិន ជុំវិញការភ័យខ្លាចសន្តិសុខជាតិរបស់ខ្លួន ៕