ក្រុមហ៊ុន Mercedes-Benz Thailand គ្រោងនឹងចាប់ផ្តើមសង្វាក់ផលិតកម្មក្នុងស្រុក នៃរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ម៉ូដែល EQC របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនបានយល់ព្រមជាមួយក្រុមប្រឹក្សាវិនិយោគ (BoI) ក្នុងការនាំចូលផលិតផលដំបូង (EQC) ដែលនឹងត្រូវដាក់លក់នៅប្រទេសថៃក្នុងឆ្នាំនេះ។
រថយន្ត SUV អត់ប្រើសាំង Mercedes-Benz EQC នេះ នឹងត្រូវគេដាក់តាំងបង្ហាញនាខែមីនា ក្នុងកម្មវិធី Bangkok International Motor Show និងបើកឲ្យកក់ទុកតែម្តង។
យោងតាម ក្រុមប្រឹក្សាវិនិយោគ (BoI) បានឲ្យដឹងថា Mercedes-Benz បានស្នើសុំគម្រោងដើម្បីដំឡើងរថយន្តប្រភេទ Plug-in Hybrid ដែលមានតម្លៃ ៦០៧លានបាត និងរថយន្តអគ្គិសនី ដែលមានតម្លៃ ៣៤២លានបាត។
គួរឲ្យដឹងថា ស្ថិតក្រោមលក្ខខណ្ឌរបស់ក្រុមប្រឹក្សាវិនិយោគ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ត្រូវបានអនុញ្ញាតឲ្យនាំចូលរថយន្តអគ្គិសនីរបស់ខ្លួន (ចន្លោះពី ៥០០ ទៅ ៦០០គ្រឿង) ដោយមិនយកពន្ធនាំចូលឡើយ។ ពន្ធនេះមានតម្លៃស្មើនឹង ៨០% នៃតម្លៃប្រកាសរបស់រថយន្ត៕