[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval H9 ជំនាន់ថ្មី ជំនាន់ទី២ ដែលជារថយន្តប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២៨ ៩០០ ដុល្លារ ដល់ ៣៣ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
ទាក់ទងទៅនឹងផ្នែកម៉ាសុីន Haval H9 ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៣៨៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ AWD។
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ដំបូល panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២ ជាដើម៕