កាលពីពេលថ្មីៗនេះ បើយោងតាមក្រុមហ៊ុន Ford Australia បាននិយាយថា រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៥ នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Plug-in hybrid ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំក្រោយនេះ។
ចំពោះរថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៥ នឹងដំណើរដោយប្រព័ន្ធ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៣លីត្រ turbocharged ទំហំ ៤សុីឡាំង មានកម្លាំងបាន ២៩៧សេះ និងកម្លាំងរមួល ៤៥២ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ១០០សេះ អាចផលិតកម្លាំងសរុបបានចំនួន ២៧៥ សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១,៨ គីឡូវ៉ាត់ម៉ោង អាចបើកបេបានចម្ងាយ ៤៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០វគ្គ និងប្រព័ន្ធបើកបរប៉ុង២ e-4WD។
លើសពីនេះទៅទៀត រថយន្តនេះនឹងទទួលបានយ៉ាន់កង់ស្ព័រថ្មីទំហំ ១៨អ៊ីញ, ប៉ាណាថ្មី Honeycomb, កាងការពារថ្មី, ការរចនាតួខ្លួនថ្មី, ចង្កៀងមុខ Matrix LED, ប្រព័ន្ធគ្លប់ថ្មីអាចបត់ផ្ទុកទម្ងន់បានច្រើនជាងមុន, ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ, ប្រព័ន្ធសំឡេង B&O ចំនួន ១០ចំនុច និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២អ៊ីញ ជាដើម៕