[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរជាច្រើនទាំងផ្នែកខាងក្នុង-ផ្នែកខាងក្រៅ, បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ក្នុងទីផ្សរប្រទេសអូស្រ្តាលី ។
សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅរបស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះ ក៏បំពាក់កាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផង ។
គួរបញ្ជាក់ផងដែរថា Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់ក្រុមហ៊ុន Isuzu គឺដូចជាទៅនឹងម៉ូដែល Isuzu D-Max ខណៈថាមពលម៉ាស៊ីនក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹថា អាចនៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំងដដែល ៕