BYD Shark 6 ចេញលក់ថ្ងៃដំបូងនៅទីផ្សារប្រទេសអូស្រ្តាលី ទទួលបានការបញ្ជាទិញទុកមុន ២ពាន់គ្រឿង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបញ្ចេញជាផ្លូវការនៅភីកអាប់ BYD Shark 6 ប្រភេទ PHEV ជាមួយតម្លៃលក់ចាប់ពី ៥៧ ៩០០ ដុល្លារ ដោយទទួលបានបញ្ជាទិញទុកមុន ២ ០០០ គ្រឿងក្នុងរយពេលតែ ២៤ម៉ោងប៉ុណ្ណោះ នៅទីផ្សារប្រទេសអូស្រ្តាលី ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រនៅពេលមានសាំងពេញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៉ីញ និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម