ញាក់សាច់! Nissan ប្រកាសកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនគ្រប់ផ្នែក ដោយសារការលក់ធ្លាក់ចុះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានប្រកាសថា ពួកគេនឹងកាត់បន្ថយបុគ្គលិកចំនួន ៩ ០០០ នាក់ (ប្រហែល ៦,៧ភាគរយ នៃកម្លាំងពលកម្មសកល) និងបន្ថយការផលិត ២០ភាគរយ នៅទូទាំងពិភពលោក។

ក្នុងនោះ នាយកប្រតិបត្តិ Makoto Uchida បាននិយាយបញ្ជាក់ថា ការធ្វើបែបនេះរបស់ក្រុមហ៊ុន គឺដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លក់​ដែល​កំពុងជួប​ការ​លំបាក និង​ការខាតបង់​ប្រាក់​ចំណេញរបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ការសម្រេចចិត្តដ៏សំខាន់មួយទៀតរបស់ Nissan គឺលក់ចេញភាគហ៊ុនចំនួន ៣៤,០៧ភាគរយ នៅក្នុង Mitsubishi Motor Corp ដែលជាផ្នែកមួយនៅក្នុងសម្ព័ន្ធសហគ្រិន Renault-Nissan-Mitsubishi។ ក្រៅពីនេះ ក្រុមគ្រប់គ្រងតំណែងជាន់របស់ក្រុមហ៊ុននឹងត្រូវកាត់ប្រាក់ខែរបស់ពួកគេចាប់ពីខែនេះ ហើយគម្រោងអភិវឌ្ឈន៍រថយន្តថ្មីចំនួន ៣០ម៉ូដែល របស់ពួកគេនឹងត្រូវពន្យារពេលទៅពេលអនាគត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nissan បានប្រកាសផែនការបង្កើនការផលិតរថយន្តកូនកាត់ (hybrid) នៅក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយពេលអភិវឌ្ឍន៍ឲ្យបានឆាប់រហ័សជាងមុន ដើម្បីបង្កើនការ​លក់​ដែល​កំពុងជួប​ការ​លំបាក និង​ការខាតបង់​ប្រាក់​ចំណេញរបស់ខ្លួនឡើងវិញ។

គួរឲដឹងថា ក្រុមហ៊ុន Nissan មានការការខាតបង់ទឹកប្រាក់ប្រហែល ៦១លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ។ ចំណែកចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Nissan ត្រូវបានព្យាករណ៍ថានឹងមានចំនួនត្រឹមតែ ៨៣ ពាន់លានដុល្លារ ប៉ុណ្ណោះ នៅក្នុុងឆ្នាំ២០២៤ នេះ រីឯការលក់រថយន្តត្រូវបានការព្យាករណ៍ថានឹងមានចំនួនត្រឹមតែ ៣,៤ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម