[ក្នុងស្រុក] ក្រុមហ៊ុន Changan Cambodia បាននាំយករថយន្តអគ្គិសនីសុទ្ធ Deepal S07 ស៊េរីថ្មីចុងក្រោយ ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៍រថយន្ត Aeon Mall Auto Show 2024 លើកទី ៣ ដែលធ្វើបានធ្វើឡើងចាប់ពីថ្ងៃ ២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ១ ខែឆ្នូ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ ៤៩ ៩០០ ដុល្លារ ។
Deepal S07 ស៊េរីថ្មីចុងក្រោយ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន DC អាចសាកបានពី ៣០-៨០% ប្រើរយៈេពល ៣៥នាទីប៉ុណ្ណោះ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨២៩ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ប្រើដៃទ្វារប្រភេទ flush-door ព្រមទាំងថាសកង់ប្រភេទអាលុយមីញូមទំហំ ១៩ អ៉ីញ ចង្លៀងមុខ-ក្រោយ LED និងទ្វារខាងក្រោយបើក-បិទដោយថាមពលអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប minimalistic ដែលមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏អាចភ្ជាប់មុខងារ Apple CarPlay និងឧបករណ៍បំពងសំឡេង ១៤ ចំនុចផងដែរ ៕