Land Rover បញ្ចេញឡាន Evoque អាចសាកភ្លើងបាន សាកពេញជិះបាន ៦៦គ.ម

ក្រុមហ៊ុន Jaguar Land Rover ទើប​ប្រកាស​ចេញ​​នូវ​ប្រព័ន្ធ PHEV (Plug-in Hybrid) ថ្មី ហើយ​ប្រព័ន្ធ​នេះ​នឹង​ប្រើ​ប្រាស់​ជា​លើក​ដំបូង​គេ​លើ​ម៉ូដែល Range Rover Evoque និង Land Rover Discovery Sport។

សម្រាប់​ Range Rover Evoque គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន ១,៥ លីត្រ ៣ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១៩៧ សេះ ផ្គួប​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ១០៧សេះ ដែល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ១៥ គីឡូវ៉ាត់​ម៉ោង។ សរុប​ទៅ​ប្រព័ន្ធ​នេះ​អាច​ផលិត​កម្លាំង​បាន​ ៣០៤ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Evoque ប្រភេទ P300e អាច​បង្កើន​សន្ទុះ​ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ៦,៤ វិនាទី។ វា​មាន​សមត្ថភាព​សាក​​ភ្លើង​ពី ០-៨០% ដោយ​ចំណាយ​ពេល​ ៣០នាទី ហើយ​ពេល​សាក​ភ្លើង​ពេញ​គឺ​វា​អាច​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៦៦ គីឡូម៉ែត្រ។

រថយន្ត Evoque ប្រភេទ​ថ្មី​នេះ​ដែរ​គឺ​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ ១,៤ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ ពេល​បើកបរ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ PHEV ហើយ​ការ​បើកបរ​គឺ​គួប​ផ្សំ​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨វគ្គ។

គួរ​ដឹង​ថា​ JLR មិន​បាន​ប្រកាស​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​លក់​រថយន្ត Evoque និង Discovery Sport ប្រភេទ​ថ្មី​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម