
បន្ទាប់ពីរង់ចាំអស់ជាយូរ ពេលនេះ ក្រុមហ៊ុន XPeng ផ្ទាល់បានប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី XPeng P7 ជំនាន់ទី ២ របស់ខ្លួនហើយ ដោយមានតម្លៃលក់ចាប់ពី ២៨ ០០០ដុល្លារ ដល់ ៤២ ០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្តជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៥ ០១៧ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៤២៧ ម.ម និងប្រវែងគម្លាតកង់ ៣ ០០៨ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ៣៦៧សេះ
- ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ (AWD) ផលិតកម្លាំងបាន ២២៤ និង ៣៦៧សេះ
លើសពីនេះ ក៏ទទួលបាននូវជម្រើសអាគុយទំហំធំ ៧៤,៩ និង ៩២,២គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ទៅ ៧០២, ៧៥០ និង ៨២០គីឡូម៉ែត្រ ផងដែរ នៅពេលសាកថ្មពេញម្តង។ ជាមួយគ្នានេះ វាក៏គាំទ្រនូវការសាកថ្មល្បឿនលឿន 5C fast charging ផងដែរ។
ក្នុងនោះ ចំពោះការរចនារបស់ XPeng P7 ជំនាន់ទី ២ នេះ គឺមានការរចនាតួខ្លួនបែប fastback ស្រដៀងនឹងរថយន្តរបស់ Tesla ដែរ ពោលគឺបានភ្ជាប់មកជាមួយ spoiler ប្រភេទអគ្គិសនី អាចបើក-បិទដោយស្វ័យប្រវត្តិ មានចង្កៀងមុខ-ក្រោយ LED ថ្មី រចនាជុំវិញផ្នែកខាងមុខ និងខាងក្រោយនៃរថយន្ត មានជម្រើសថាសកង់ទំហំ ២០ និង ២១អ៊ីញ រចនាថ្មី និងបំពាក់មកជាមួយទ្វារស្លាបប្រភេទបើកឡើងលើដែលដំណើរការដោយអគ្គិសនីជាដើម។
ចំពោះផ្នែកខាងក្នុងវិញ គឺទទួលបាននូវប្រព័ន្ធជំនួយការបើកបរដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ចង្កូតស្ព័រ កៅអីស្ព័រនៅផ្នែកខាងមុខមានមុខងារកំដៅ ខ្យល់ចេញចូល ម៉ាស្សា និងអេក្រង់ head-up display (AR-HUD) ទំហំធំដល់ទៅ ៨៧អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តថ្មីជាដើម៕