
បន្ទាប់ពីប្រកាសបង្ហាញចេញកាលពីខែកក្កដា ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការបើកទទួលកក់ជាផ្លូវការនូវរថយន្ត Smart #5 EHD ប្រភេទ midsize-SUV ប្រើថាមពលអគ្គិសនី លាយសាំង (PHEV) របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ចាប់ពី ២៦ ៦០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
សម្រាប់រថយន្ត Smart #5 EHD ប្រភេទ PHEV នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៦១ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៤១,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៥២គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គីសនីសុទ្ធ និងសរុប ១ ៦១៥គីឡូម៉ែត្រ។ លើសពីនេះ ក៏ទទួលបាននូវប្រអប់លេខ DHT ចំនួន ៣វគ្គ, បច្ចេកវិទ្យាសាកល្បឿនលឿនដែលអាចសាកពី ១០ ទៅ ៨០% ក្នុងរយៈពេល ២០នាទី រួមជាមួយប្រព័ន្ធរ៉ាដាលើដំបូល ក៏ដូចជាប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធរ៉ាដាផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៧០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅវិញ ក៏មានការរចនាដូចគ្នាទៅនឹងម៉ូដែលប្រើអគ្គីសនីសុទ្ធផងដែរ។
ខណៈផ្នែកខាងក្នុងទៀតសោត ក៏ទទួលបាននូវអេក្រង់ LCD ទំហំ ១០,៣អ៊ីញ, អេក្រង់ AMOLED 2.5K ទំហំ ១៣អ៊ីញ ចំនួន ២, ប្រព័ន្ធអូឌីយ៉ូចំនួន ២០ចំនុច និងអេក្រង់ AR-HUD ទំហំ ២៥,៦អ៊ីញផងដែរ៕