
បន្ទាប់ពីបានបង្ហាញចេញអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Wey Gaoshan 7 ប្រភេទ MPV លំដាប់ VIP ៧កៅអីថ្មី ប្រើថាមពល PHEV ដែលស្ថិតក្រោយម៉ាកយីហោប្រណិតដែលមានឈ្មោះថា Wey របស់ខ្លួនហើយ ដោយក្នុងនោះ គឺមានតម្លៃលក់ខ្ទង់ ៤០ ០០០ ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៥២ សេះ ផ្គួបជាមួយអាគុយទំហំ ៤៤,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១៧២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ៩៤៥គីឡូម៉ែត្រ។


សម្រាប់ការរចនាផ្នែកខាងក្រៅវិញ គឺមានប្រវែងដល់ទៅ ៥ម៉ែត្រឯណ្ណោះ។ លើសពីនេះ ក៏ទទួលបាននូវសេនស័រចំនួន ២៧ចំនុច, កាមេរ៉ាខាងមុខទំហំ ៨មេហ្គាភិចសែលចំនួន២, កាមេរ៉ាមើលជុំវិញរថយន្តចំនួន ៤ចំនុច, កាមេរ៉ាមើលចំហៀងចំនួន ៤ចំនុច និងកាមេរ៉ាមើលខាងក្រោយចំនួន ១ ផងដែរ។
ចំណែកផ្នែកខាងក្នុងទៀតសោត ក៏ទទួលបាននូវអេក្រង់ទំហំ ១៥,៦អ៊ីញ ចំនួន ២, អេក្រង់ឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់ SR-HUD ទំហំ ២៦អ៊ីញផងដែរ៕