ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្តភីកអាប់ដ៏ល្បីល្បាញរបស់ខ្លួន The all-new Navara 2026 នៅក្នុងប្រទេសអូស្រ្តាលី ដែលមកជាមួយរូបរាងថ្មី ដោយ Nissan បានហៅវាថា ជាការបើកជំពូកថ្មី និងជាការអបអរសាទរខួបលើកទី៤០ របស់ Nissan ក្នុងប្រទេសមួយនេះ។

រូបរាងរបស់ Nissan Navara 2026 ត្រូវបានគេលើកឡើថា ស្រដៀងនឹង Mitsubishi Trioton ទាំងផ្នែកខាងមុខ និងខាងក្រោយ ដោយបានអភិវឌ្ឍលើគ្រោងឆ្អឹងតែមួយ ដូចជា ប៉ាណា ចង្កៀង និងកាងខាងក្រោមជាដើម។

រថយន្តភីកអាប់នេះ ប្រើម៉ាស៊ីនម៉ាស៊ូត bi-turbo ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ ជាមួយកម្រិតប្រើប្រាស់ឥន្ធនៈជាមធ្យម ៧,៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។ សមត្ថភាពអូសសណ្តោងរបស់វាបាន ៣៥០០គីឡូក្រាម និងអាចផ្ទុកទម្ងន់បានពី ៩៥០ ទៅ ១០៤៧គីឡូក្រាម។

រថយន្ត Nissan Navara សម្រាប់ option ធម្មតា នឹងបំពាក់ប្រព័ន្ធ Easy 4WD ជាមួយប្រតិបត្តិការស្វ័យប្រវត្តិ និងប្រព័ន្ធឡុកប៉ុងខាងក្រោយ។ ចំណែក option ST-X និង Pro-X នឹងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ Super 4WD ដែលមានម៉ូដជ្រើសរើសតាមស្ថានភាពផ្លូវដូចជា Norman, Eco, Gravel, Snow, Mud, Sand និង Rock ជាមួយប្រអប់លេខអូតូ ៦វគ្គ។
សម្រាប់ផ្នែកខាងក្នុងកាប៊ីន ភីកអាប់ Navara នេះ គឺស្ទើតែដូចគ្នានឹងកាប៊ីន Triton ដោយបំពាក់អេក្រង់ថាច់ស្គ្រីនទំហំ ៩អ៊ីញ ដែលភ្ជាប់ Apple CarPlay, Android Auto និងវិទ្យុឌីជីថល DAB+។ ចំណែកកុងទ័រជាប្រភេទ Analogue ទំហំ ៧អ៊ីញ។ វាក៏បានបំពាក់ប្រព័ន្ធ NissanConnect Service ដែលមានមុខងារជាច្រើនដូចជា បញ្ជាបើកម៉ាស៊ីនត្រជាក់ពីចម្ងាយ, មុខងារខលក្នុងពេលមានអាសន្ន និងមុខងារតាមដានរថយន្តដែលត្រូវចោរលួច។ ទន្ទឹមនេះ រថយន្ត Navara ស៊េរីថ្មី ក៏បំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ Nissan បញ្ជាក់ថា រថយន្តភីកអាប់ជំនាន់ថ្មីនេះ នឹងដាក់លក់នៅឆ្នាំក្រោយ សម្រាប់តំបន់អូសេអានី ដែលមានអូស្ត្រាលី និងណូវែលហ្សេងឡង់ ប៉ុន្តែមិនបានទម្លាយពីតម្លៃនៅឡើយទេ៕

















