ស្ថាបនិក Tesla លោក Elon Musk បានបង្ហាញភាពមិនសប្បាយចិត្តចំពោះក្រុមហ៊ុនរថយន្តនានា ដែលមិនចាប់អារម្មណ៍ជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញ (FSD) របស់ Tesla ឡើយរហូតមកដល់ពេលនេះ។

លោក Elon Musk បានសរសេរលើបណ្តាញសង្គម X របស់ខ្លួននៅថ្ងៃទី២៥ ខែវិច្ឆិកាថា លោកបានព្យាយាមព្រមានពួកគេ និងប្រកាសផ្តល់អាជ្ញាបណ្ណប្រព័ន្ធ FSD របស់ Tesla ប៉ុន្តែគ្មាននរណាម្នាក់ចង់បានវាឡើយ និងហៅក្រុមហ៊ុនទាំងនោះថា ‘ឆ្កួត’ ទៀតផង។
ការសារភាពរបស់ Elon Musk បែបនេះ បន្ទាប់ពីលោកធ្លាប់បានអួតអាងថា ក្រុមហ៊ុនរថយន្តនានា មិនមានជម្រើសណាក្រៅពីការប្រើបច្ចេកវិទ្យា FSD របស់ Tesla ឡើយ។
គួររំលឹកថា កាលពីដើមឆ្នាំ២០២១ លោក Elon Musk បាននិយាយថា Tesla បានបើកកិច្ចពិភាក្សាបឋមជាមួយក្រុមហ៊ុនរថយន្តផ្សេងៗអំពីអាជ្ញាបណ្ណ software ប្រព័ន្ធបើកបរស្វ័យប្រវត្តិ។ ក្រោយៗមកទៀត លោក Elon Musk តែងតែបង្ហោះសារជារឿយៗថា Tesla រីករាយក្នុងការផ្តល់អាជ្ញាបណ្ណបច្ចេកវិទ្យា Autopilot ឬ FSD ឬ បច្ចេកវិទ្យាផ្សេងទៀត ដល់គូប្រជែង។

រហូតដល់ឆ្នាំ២០២៤ លោកអះអាងថា Tesla កំពុងចរចាជាមួយក្រុមហ៊ុនរថយន្តធំមួយហើយ ដែលអាចឈានដល់ការចុះកិច្ចព្រមព្រៀងត្រឹមចុងឆ្នាំ។ យ៉ាងណាមិញ ព័ត៌មានទិញអាជ្ញាបណ្ណប្រព័ន្ធ FSD នេះ បានស្ងាត់រហូតមកទល់ពេលនេះ។ ប៉ុន្តែគេប៉ាន់ស្មានថា ក្រុមហ៊ុនមួយនោះ អាចជា Ford ដោយគេបានកត់សម្គាល់លើសម្តីរបស់លោក Jim Farley ដែលជា CEO របស់ Ford ថា បច្ចេកវិទ្យា FSD របស់ Tesla គឺមានការកំណត់ និងបានច្រានចោលគំនិតនៃការប្រើប្រាស់ប្រព័ន្ធនេះផងដែរ ហើយថែមទាំងបញ្ជាក់ថា ប្រព័ន្ធ Waymo របស់ Google គឺល្អប្រសើរជាងទៀតផង៕





















