
ក្រុមហ៊ុន Toyota កំពុងពន្លឿនការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងវិស័យរថយន្តអគ្គិសនីប្រើអគ្គិសនី (BEVs)។ ក្នុងនោះកិច្ចខិតខំប្រឹងប្រែងជាច្រើនកំពុងត្រូវបានអនុវត្តជាបន្ដបន្ទាប់ ដើម្បីផ្ដល់ឲ្យរថយន្តថ្មីៗទាំងនោះទទួលបាននូវអត្តសញ្ញាណដ៏ល្បីល្បាញរបស់ Toyota គឺ គុណភាព (Quality), ភាពជឿជាក់ (Dependability) និងភាពរឹងមាំ (Reliability) ដែលទទួលបានការទំនុកចិត្តពីសំណាក់អតិថិជនដ៏មហាសាលរបស់ខ្លួន។

ដើម្បីពង្រឹងការប្ដេជ្ញាចិត្តក្នុងការជំរុញការសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) និងបង្កើតការចល័តប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា ថ្មីៗនេះ Toyota បានប្រកាសពីយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់រថយន្តអគ្គិសនីប្រើអគ្គិសនី (BEVs) នៅក្នុងព្រឹត្តិការណ៍មួយដែលបានប្រារព្ធឡើងនៅឯបន្ទប់តាំងបង្ហាញ MEGA WEB របស់ Toyota ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជាផ្នែកមួយនៃយុទ្ធសាស្ត្រអព្យាក្រឹតភាពកាបូន Toyota មានគោលដៅអភិវឌ្ឍខ្សែស្រឡាយរថយន្តប្រើអគ្គសនី BEV ឲ្យបានពេញលេញចំនួន ៣០ ម៉ូឌែលនៅត្រឹមឆ្នាំ ២០៣០ បន្ថែមពីលើខ្សែស្រឡាយរថយន្តអគ្គិសនីដ៏សម្បូរបែបមានស្រាប់ រួមមាន៖ រថយន្ត Hybrid (HEVs), រថយន្ត Plug-in Hybrid (PHEVs) និងរថយន្តប្រើថាមពលអ៊ីដ្រូសែន (FCEVs)។ ខ្សែស្រឡាយផលិតផលពេញលេញនេះ នឹងរួមបញ្ចូលទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តប្រភេទអាជីវកម្មនៅទូទាំងពិភពលោក។គោលបំណងនៃការដាក់ចេញនូវផែនការបញ្ចេញរថយន្តអគ្គិសនីថ្មីចំនួន ៣០ម៉ូឌែលទៀតគិតត្រឹមឆ្នាំ ២០៣០ គឺក្រុមហ៊ុន Toyota ចង់ចូលរួមចំណែកដល់បរិស្ថានសកល ស្វែងរកការនាំមកនូវសុភមង្គលជូនដល់មនុស្សជាតិ ធ្វើសកម្មភាព និងនៅក្បែរអតិថិជនជានិច្ច។ សរុបមក ពួកគេចង់ក្លាយជាក្រុមហ៊ុនដែលផលិតនូវក្តីសុខសម្រាប់មនុស្សគ្រប់គ្នា ទាំងបុគ្គល និងសង្គម។
បើតាមយោងតាមលើកឡើងរបស់ លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor Corporation បាននិយយាថា៖ «ថាមពលរបស់យានយន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូន។ នាពេលបច្ចុប្បន្ន ស្ថានភាពថាមពលរបស់រថយន្ដមានភាពខុសប្លែកគ្នាខ្លាំងពីតំបន់មួយទៅតំបន់មួយ។ នោះហើយជាមូលហេតុដែល Toyota ប្តេជ្ញាផ្តល់ជូននូវជម្រើសអព្យាក្រឹតកាបូនដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងនៅក្នុងគ្រប់ប្រទេស និងគ្រប់តំបន់»។
រូបលោកបានសង្កត់ធ្ងន់ថា៖«ពួកយើងទាំងអស់នៅ Toyota មានគោលដៅរួមដើម្បីជួយក្រុមហ៊ុនក្លាយជាចំណែកជួយដល់បរិស្ថានសកល ស្វែងរកការនាំមកនូវសុភមង្គលជូនដល់មនុស្សជាតិ ធ្វើសកម្មភាព និងនៅក្បែរអតិថិជនជានិច្ច។ សរុបមក យើងចង់ក្លាយជាក្រុមហ៊ុនដែលផលិតនូវក្តីសុខសម្រាប់មនុស្សគ្រប់គ្នា ទាំងបុគ្គល និងសង្គម។ យើងចង់បន្សល់ទុកនូវអនាគតដ៏ល្អប្រសើរសម្រាប់កុមារនាពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយៗទៀត។ យើងចង់ឱ្យអនាគតកាន់តែមានភាពភ្លឺស្វាងជានិច្ច»។
គួរបញ្ជាក់ផងដែរក្រុមហ៊ុន Toyota បានខិតខំអភិវឌ្ឍរថយន្តអគ្គិសនីប្រើអាគុយអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ផ្នែកអភិវឌ្ឍន៍រថយន្តអគ្គិសនី EV ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ហើយម៉ូឌែល RAV4 EV ត្រូវបានដាក់ចូលក្នុងទីផ្សារក្នុងឆ្នាំ ១៩៩៦ វាបានកើតឡើងសូម្បីតែមុនការចេញលក់រថយន្ត Hybrid ដំបូងបង្អស់របស់ពិភពលោកគឺ Toyota Prius ទៅទៀត។ ក្នុងពេលជាមួយគ្នានោះ Toyota ក៏បានចាប់ផ្តើមអភិវឌ្ឍរថយន្តអគ្គិសនីដែលដើរដោយថាមពលអុីដ្រូសែន (Fuel Cell Electric Vehicles) ដែលនាំទៅដល់ការដាក់បង្ហាញរថយន្ត Toyota Mirai ជំនាន់ទី ១ ក្នុងឆ្នាំ ២០១៤៕


























