ករណីរថយន្តដែលបើកដល់ល្បឿនដល់ ១៨៩គ.ម/ម៉ ត្រូវផាកពិន័យ និងកាត់ពិន្ទុបណ្ណបើកបរប៉ុន្មាន?

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយធ្វើការត្រួតពិនិត្យល្បឿន នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ចំណុចត្រួតពិនិត្យល្បឿននេះ ធ្វើនៅកន្លែងដែលមានស្លាកសញ្ញាកំណត់ល្បឿនអតិបរមា ៩០គ.ម/ម៉។

ក្នុងចំណោមរថយន្តដែលលើសល្បឿននេះ ក្នុងនោះគឺមានរថយន្ត១គ្រឿងត្រូវថតជាប់ល្បឿនដល់ ១៨៩គ.ម/ម៉ ពោលគឺលើសល្បឿនស្ទើរតែ ១០០គ.ម/ម៉ ទៅហើយ។ អ៊ីចឹង តើការលើសល្បឿនដ៏ខ្ពស់នេះ នឹងត្រូវទទួលការផាកពិន័យ និងកាត់បន្ថយពិន្ទុបណ្ណបើកបរចំនួនប៉ុន្មាន?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមមាត្រា៧ ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា ករណីលើសល្បឿនចាប់ពី ៤០គ.ម/ម៉ ឡើងទៅ ត្រូវពិន័យចំពោះយានយន្តធុនស្រាល ៣០ម៉ឺនរៀល។

ជាមួយគ្នានេះ បើយោងតាមប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ចុះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងផងដែរថា ក្នុងករណីបើកបរលើសល្បឿនកំណត់ចាប់ពី ៥០គ.ម/ម៉ ឡើងទៅ ត្រូវកាត់បន្ថយពិន្ទុបណ្ណបើកបរចំនួន ៦ពិន្ទុ។

សូមបញ្ជាក់ថា គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ។ ក្នុងករណីអស់ពិន្ទុ បណ្ណបើកបរត្រូវទុកឃាមោឃៈ ដូច្នេះបើចង់បានបណ្ណបើកបរថ្មី គឺត្រូវរៀនបំប៉ន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ ចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម