យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យដឹងថា អ្នកបើកបររថយន្តមិនត្រូវបត់ត្រឡប់ក្រោយដាច់ខាត នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ។ យ៉ាងណាមិញ ក្រៅពីសញ្ញាហាមឃាត់មួយនេះ នៅមានករណីមួយចំនួនទៀត ដែលអ្នកបើកបរមិនត្រូវបត់ត្រឡប់ក្រោយផងដែរ រួមមានដូចជា៖
-នៅជិតផ្លូវប្រសព្វ ឬជិតផ្លូវរថភ្លើងឆ្លងកាត់
-នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផ្សេងៗទៀតបាន ក្នុងចម្ងាយ ១៥០ម៉ែត្រ
-នៅជិតដល់កំពូលខ្ពស់ និងនៅពេលចុះពីកំពូលខ្ពស់ -និងនៅលើទ្រូងផ្លូវឯកទិស។

គួរដឹងថា បើនៅចំណុចដែលគ្មានករណីហាមឃាត់ដូចខាងលើនេះទេ ហើយអ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយ គឺត្រូវជឿជាក់ថា ទង្វើនេះមិនធ្វើឲ្យរំខានខ្លាំង ឬបណ្តោយឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឡើយ។ ដូច្នេះទាំងនេះគឺជារបៀបបត់ត្រឡប់ក្រោយឲ្យបានត្រឹមត្រូវ៖
១. នៅលើទ្រូងផ្លូវដែលមានគំនូសសញ្ញាពណ៌លឿងបែងចែកទិសចរាចរណ៍៖ អ្នកបើកបររថយន្តអាចបត់ត្រឡប់ក្រោយតាមរបៀបបត់រាងអក្សរ U បាន បើសិននៅលើទ្រូងផ្លូវនោះ មានទំហំសមល្មមដែលអនុញ្ញាតឲ្យបត់បាន។
២. នៅលើទ្រូងផ្លូវដែលគ្មានគំនូសសញ្ញាពណ៌លឿងបែងចែកទិសចរាចរណ៍៖ ដោយសារតែផ្លូវនេះតូចចង្អៀត អ្នកបើកបររថយន្តគឺមិនអាចបត់ត្រឡប់ក្រោយជារាងអក្សរ U បានទេ ប៉ុន្តែអាចបត់តាមរបៀបដូចក្នុងវីដេអូបង្ហាញ…។
៣. នៅលើទ្រូងផ្លូវដែលមានផ្លាកសញ្ញា និងគំនូសសញ្ញាបត់ត្រឡប់ក្រោយ៖ អ្នកបើកបរ ត្រូវធ្វើការបត់ត្រឡប់ក្រោយ តាមគន្លងផ្លូវដែលមានគំនូសសញ្ញានេះ៕















