បើអ្នកបើករថយន្តទាល់តែអស់សាំងរលីងចេញពីធុងវិញ តើវានឹងបង្កផលប៉ះពាល់ដែរឬទេ? ចម្លើយនោះគឺ រឹតតែធ្ងន់ធ្ងរ ហើយប្រឈមគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
នៅពេលអ្នកបានបើករថយន្តដល់ជិតអស់សាំងពីក្នុងធុងរបស់វា ឬទ្រនិចកុងទ័រសាំងធ្លាក់ចុះដល់អក្សរ E វានឹងលេចចេញនូវសញ្ញាធុងសាំង ដើម្បីដាស់តឿនឲ្យអ្នកឆាប់ចូលចាក់សាំង ព្រោះពេលចេញសញ្ញានេះ មានន័យថា កម្រិតសាំងគឺនៅសល់ប្រហែល ១០ ទៅ ១៥% ឬប្រហែល ៥ ទៅ ១០លីត្រទៀត។

ដូច្នេះហើយ ប្រសិនអ្នកនៅតែមិនព្រមចាក់សាំង ឬរកកន្លែងចាក់សាំងមិនបានទេ ហើយបន្តបើករហូតទាល់តែរលត់ម៉ាស៊ីននោះ អ្វីដែលប្រឈមមុនគេគឺគ្រោះថ្នាក់ចរាចរណ៍ ពោលគឺវានឹងរលត់នៅលើផ្លូវថ្នល់ ហើយយានយន្តដែលមកពីក្រោយ អាចនឹងជាន់ហ្វ្រាំងមិនទាន់ បុករថយន្តអ្នកតែម្តង។
ជាមួយគ្នានេះ បញ្ហាប្រឈមមួយទៀត គឺការខូចគ្រឿងបង្គុំក្នុងប្រព័ន្ធសាំងរថយន្ត ដែលរួមមានដូចជា៖
១. បូមសាំង៖ វាស្ថិតនៅក្នុងសាំងដែលជួយវារក្សាភាពត្រជាក់ ប៉ុន្តែបើសាំងអស់ពីធុង គឺបូមសាំង នឹងស្ងួតហួតហែងឡើងកម្តៅ និងឆាប់ខូច។
២. ខូចតម្រងសាំង និងប៊ិចសាំង ដោយសារពេលសាំងអស់ គឺបូមសាំងបានបឺតទាំងកម្ទេចដីធូលីពីបាតធុងសាំងចូលទៅម៉ាស៊ីន ធ្វើឲ្យស្ទះតម្រងសាំង និងប៊ិចសាំង។
៣. ពេលអស់សាំងបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការម៉ាស៊ីនដែលវាត្រូវគាំង រលត់ភ្លាមៗ ក៏ដូចជាប៉ះពាល់ផងដែរដល់ប្រព័ន្ធចង្កូត និងប្រព័ន្ធហ្វ្រាំង ហើយមានករណីខ្លះទៀត ក៏ប៉ះពាល់ដល់សំបុកឃ្មុំផងដែរ៕















