ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ទៅលើប្រេងម៉ាស៊ូត និងឧស្ម័ន LPG ដោយបានសម្រេចទទួលបន្ទុកបង់អាករលើបន្ថែមជំនួស ១០% ទាំងស្រុងតែម្តង។

ជាមួយគ្នានេះ សម្រាប់ប្រេងសាំងធម្មតាវិញ ក៏ត្រូវបានបញ្ចុះអាករលើតម្លៃបន្ថែមពី ១០% មក ៤% ពោលគឺ រដ្ឋជាអ្នកទទួលបន្ទុកបង់ជំនួស ៦% ផងដែរ។
ក្រៅពីអាករលើតម្លៃបន្ថែម រដ្ឋក៏បានបញ្ចុះពន្ធគយ និងអាករបន្ថែម មក ០ដុល្លារ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតផងដែរ ខណៈអាករពិសេសលើប្រេងសាំង បញ្ចុះមក ១៥% និងប្រេងម៉ាស៊ូត បញ្ចុះមក ០ដុល្លារ។

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ដើម្បីដោះស្រាយស្ថានភាពដ៏លំបាកនេះ គឺរាជរដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឲ្យដៃគូទាំងអស់ អាចនាំប្រេងចូលបានតាមរយៈការសម្របសម្រួលនីតិវិធីទាំងអស់ និងការទម្លាក់ពន្ធ និងអាករគ្រប់ប្រភេទ ដើម្បីសម្រួលតម្លៃប្រេង។ ឯកឧត្តម ក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ប្រេង និងឧស្ម័ន ដោយសន្សំសំចៃ៕
















