
ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី នឹងធ្វើការវាយបកទប់ទល់ទៅនឹងការវាយលុកយ៉ាងគំហុក របស់ក្រុមហ៊ុន BYD តាមរយៈការនាំចូលបន្ថែមនូវរថយន្ត ៣ម៉ូឌែលពេញនិយមរបស់ខ្លួនចំនួន ១០ ០០០គ្រឿងទៀត ក្នុងនោះរួមមាន RAV4, HiLux និង bZ4X ចូលមកទីផ្សារប្រទេសអូស្ត្រាលី។
ការត្រៀមខ្លួនបែបនេះ ស្របពេលដែលក្រុមហ៊ុន BYD កំពុងក្លាយជាប្រធានបទដែលគេនិយាយតៗគ្នាពេញទីក្រុង ជុំវិញការប្រើប្រាស់កប៉ាល់ដឹកជញ្ជូនផ្ទាល់ខ្លួន ក្នុងការដឹកជញ្ជូនរថយន្តប្រហែល ៥ ០០០ គ្រឿងត្រង់ពីប្រទេសចិនមកកាន់ប្រទេសអូស្ត្រាលីនោះ។ ងាកទៅមើលក្រុមហ៊ុន Toyota ក៏នឹងបង្ហាញពីឥទ្ធិពល និងសាច់ដុំលំដាប់សកលរបស់ខ្លួន ដោយនាំចូលរថយន្តក្នុងចំនួនច្រើនជាងការដឹកជញ្ជូនរបស់ BYD រហូតដល់ទៅទ្វេដង ឲ្យបានមុនដាច់ឆ្នាំនេះ។
ការធ្វើបែបនេះ គួរតែអាចជួយកាត់បន្ថយរយៈពេលរង់ចាំយកឡានសម្រាប់អតិថិជន ព្រមទាំងជួយរក្សាស្ថិតិនៃការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសអូស្ត្រាលី ឲ្យស្ថិតនៅពីលើកម្រិត ២០០ ០០០ គ្រឿងដដែល ដើម្បីបន្តគ្រងតំណែងជាម៉ាកយីហោរថយន្តលំដាប់កំពូលប្រចាំប្រទេសអូស្រ្ដាលីមិនឱ្យបាត់បង់ឡើយ។
ជាមួយគ្នានេះក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី មិនទាន់បានបញ្ជាក់លម្អិតអំពីការបែងចែកចំណែកនៃរថយន្តចំនួន ១០ ០០០ គ្រឿងនេះ ថាតើម៉ូដែល RAV4, HiLux និង bZ4X មានចំនួនប៉ុន្មានគ្រឿងក្នុងមួយម៉ូឌែលនោះទេ ប៉ុន្តែបើផ្អែកលើប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ម៉ូឌែពីរដំបូងច្បាស់ណាស់ RAV4 និង HiLux អាចនឹងមានចំនួនច្រើន ខណៈវត្តមានរបស់រថយន្ត SUV អគ្គិសនីសុទ្ធ bZ4X អាចនឹងមានចំនួនតិចតួចជាងគេនៅក្នុងចំណោមនោះ។
ជុំវិញករណីនេះលោក John Pappas អនុប្រធានផ្នែកលក់ ទីផ្សារ និងប្រតិបត្តិការសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា ការកើនឡើងនូវការផ្គត់ផ្គង់រថយន្តនេះ គឺជាសញ្ញាណដ៏ល្អមួយ សម្រាប់ឥទ្ធិពលរបស់ផ្នែកចែកចាយក្នុងស្រុកទៅកាន់កម្រិតសកល។
លោក Pappas បានបញ្ជាក់បន្ថែមថា៖ “ការកើនឡើងនៃការផ្គត់ផ្គង់នេះ គឺជាព័ត៌មានដ៏រីករាយបំផុតសម្រាប់អតិថិជន និងតំណាងចែកចាយរបស់យើង។ វាបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពជាដៃគូដ៏រឹងមាំ ដែលយើងមានជាមួយក្រុមហ៊ុន Toyota ក្នុងកម្រិតសកល ដើម្បីផ្តល់អាទិភាពខ្ពស់ដល់ទីផ្សារប្រទេសអូស្ត្រាលី។
អ្វីដែលសំខាន់លោកបានសង្កត់ធ្ងន់ថា៖ រថយន្តដូចជាម៉ូដែល HiLux គឺនៅតែជាជម្រើសដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ប្រជាជនអូស្ត្រាលីជាច្រើន ខណៈពេលដែលម៉ូឌែល RAV4 នៅតែបន្តនាំមុខគេនៅក្នុងផ្នែករថយន្តប្រភេទ SUV ដោយសារតែភាពបត់បែនប្រវត្តិសាស្ត្រក្នុងការប្រើប្រាស់ ភាពងាយស្រួលនិងអារម្មណ៍ល្អក្នុងការបើកបរ ព្រមទាំងប្រសិទ្ធភាពសន្សំសំចៃរបស់វា។
























