ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ រថយន្តមានឈ្នាន់ហ្រ្វាំងផង និងឈ្នាន់ហ្គែរផង ចុះហេតុអ្វីពេលបើកបរ គេឲ្យប្រើតែជើង១?

រថយន្តមានឈ្នាន់ហ្រ្វាំងផង និងឈ្នាន់ហ្គែរផង ចុះហេតុអ្វីពេលបើកបរ គេឲ្យប្រើតែជើង១?

សម្រាប់រថយន្តលេខអូតូ មិនមានឈ្នាន់អំប្រ៊ីយ៉ាទេ គឺមានតែឈ្នាន់ហ្វ្រាំង និងឈ្នាន់ហ្គែរ ដែលជាទូទៅគេបានណែនាំឲ្យប្រើតែជើងស្តាំ១ប៉ុណ្ណោះ ដើម្បីជាន់ទាំងហ្វ្រាំង និងហ្គែរ ចំណែកឯជើងឆ្វេង ត្រូវទុកទំនេរចោល។

មូលហេតុដ៏ធំបំផុតដែលត្រូវប្រើជើងតែម្ខាងក្នុងការជាន់ហ្រ្វាំង និងហ្គែរ គឺដើម្បីចៀសវាងនូវការភ័ន្តច្រឡំគ្នា រវាងឈ្នាន់ទាំងពីរ។ ឧទាហរណ៍ថា បើប្រើជើងឆ្វេងសម្រាប់ជាន់ហ្វ្រាំង ហើយជើងស្តាំសម្រាប់ជាន់ហ្គែរ ក្នុងអំឡុងពេលបើកបរនោះ ស្រាប់តែមានឧបសគ្គខាងមុខភ្លាមៗ គឺអ្នកបើកបរពិតជាស្លន់ ច្របូកច្របល់មិនអាចបែកចែកដាច់ពីគ្នារវាងឈ្នាន់ទាំងពីរឡើយ ពោលគឺភ្លាមនោះ នឹងជាន់ឈ្នាន់ទាំងពីរតែម្តង ដែលមិនអាចបន្ថយល្បឿន ឬបញ្ឈប់រថយន្តបានទាន់ពេលនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្នាន់ហ្វ្រាំង និងហ្គែរ ត្រូវបានឌីហ្សាញឡើងដាក់នៅជិតគ្នាដែលឈ្នាន់ហ្វ្រាំងមានទំហំធំ ដើម្បីឲ្យអ្នកបើកបរងាយស្រួលជាន់ពេញជើង។ ក្នុងនោះអ្នកបើកបរត្រូវបានណែនាំឲ្យដាក់កែងជើងស្តាំមកខាងឈ្នាន់ហ្វ្រាំងដូចការបង្ហាញក្នុងវីដេអូនេះ ដើម្បីផ្តោតអារម្មណ៍ត្រៀមជាន់ហ្វ្រាំងជាប់ជានិច្ច។ មានន័យថា នៅពេលអ្នកបើកបរបានជាន់ហ្គែរដល់ល្បឿនដែលត្រូវការហើយ គឺគ្រាន់តែដកជើងចេញពីឈ្នាន់ហ្គែរ ហើយមកគងនៅលើឈ្នាន់ហ្វ្រាំងវិញ ដែលអ្នកបើកបរអាចគ្រប់គ្រងស្មារតីក្នុងការជាន់ហ្វ្រាំងភ្លាមៗតែម្តងនៅពេលមានឧបសគ្គខាងមុខ ដោយមិនមានការភ័ន្តច្រឡំរវាងឈ្នាន់ទាំង២នេះឡើយ។

គួរបញ្ជាក់ត្រង់ចំណុចនេះដែរថា ពេលជាន់ ឬដកជើងចេញពីឈ្នាន់ហ្វ្រាំង ឬឈ្នាន់ហ្គែរ គឺត្រូវរក្សាកែងជើងឲ្យជាប់ទីតាំងក្រោមឈ្នាន់ហ្វ្រាំងដដែល ហើយពេលត្រូវការជាន់ហ្គែរ គឺប្រើតែចុងជើង ចុចទៅបានហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម