ទីបំផុតដឹងពេលចេញលក់ Ford F-150 ប្រភេទអគ្គិសនី

Ford បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បញ្ចេញ​លក់​រថយន្ត F-150 ប្រភេទ​អគ្គិសនី និង​រថយន្ត Transit ប្រភេទ​អគ្គិសនី នៅ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០២២ ខាង​មុខ។

កន្លង​មក​ ត្បិត​ថា​ Ford បាន​អភិវឌ្ឍន៍​រថយន្ត​ F-150 និង Transit ប្រភេទ​អគ្គិសនី​យ៉ាង​សស្រាក់សស្រាំ​មែន​ពិត ប៉ុន្តែ​ក្រុមហ៊ុន​លាក់​ដំណឹង​ជិត​ឈឹង​អំពី​កាល​បរិច្ឆេទ​ចេញ​លក់។ យ៉ាងណាក្ដី នៅ​ទីបំផុត​ប្រធាន​ប្រតិបត្តិការ​របស់ Ford បាន​ប្រាប់​អំពី​កាល​បរិច្ឆេទ​លក់​​រថយន្ត ពេល​និយាយ​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍ CNBC នា​ថ្ងៃ​ពុធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បាន​ឲ្យ​ពិភពលោក​បាន​ឃើញ​នូវ​រថយន្ត​ F-150 ប្រភេទ​អគ្គិសនី​ជា​លើក​ដំបូង​ កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន ដែល​ពេល​នោះ Ford បាន​បង្ហាញ​នូវ​ប្រភេទ​ផលិតផល​គំរូ​ដែល​អាច​សណ្ដោង​ទម្ងន់​បាន​ដល់ ៥៦៧ តោន​ឯណោះ។ ផលិតផល​គំរូ​នោះ​គឺ​មាន​រូបរាង​ដូច​ជា F-150 ស៊េរី​បច្ចុប្បន្ន​ដែរ ប៉ុន្តែ​ចំពោះ​ផលិតផល​សម្រេច​នឹង​មាន​រូបរាង​ខុស​ពី​នេះ គឺ​វា​អាច​នឹង​ប្រើ​រូបរាង​របស់ F-150 ជំនាន់​ថ្មី​ដែល​នឹង​បង្ហាញ​មុខ​ពិត​នា​ថ្ងៃ​ទី ២៥ ខែ​មិថុនា​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម