
កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិភពលោកបានដឹងឮរួចមកហើយថា កំពូលរថយន្ត Yangwang U9 Xtreme របស់ក្រុមហ៊ុន BYD បានកសាងប្រវត្តិសាស្ត្រថ្មី ដោយការបំបែកកំណត់ត្រាពិភពលោក ក្នុងល្បឿនដល់ទៅ ៤៩៦,២២ គីឡូម៉ែត្រក្នុងមួយម៉ោង។ សមិទ្ធផលនេះ បានរុញឲរថយន្តមួយនេះក្លាយជារថយន្តដែលផលិតលក់លើទីផ្សារដែលអាចរត់បានលឿនបំផុតនៅលើពិភពលោក ដោយផ្តួលកំណត់ត្រាចាស់ ៤៩០,៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង របស់កំពូលរថយន្ត Bugatti Chiron Super Sport 300+ ។

ប៉ុន្តែបើគិតពីមហិច្ឆតារបស់កំពូលក្រុមហ៊ុនមួយនេះ តួលេខប៉ុណ្ណឹង គឺហាក់ដូចជានៅមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញចំណង់របស់ពួកគេឡើយ។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិ Goodwood Festival of Speed នាទឹកដីចក្រភពអង់គ្លេសថ្មីៗនេះ លោកស្រី Stella Li ដែលជាអនុប្រធានប្រតិបត្តិ (Executive Vice President) របស់ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា ពួកគេនឹងយកនូវរថយន្ត Yangwang U9 Xtreme មួយនេះ ទៅធ្វើការសាកល្បងនៅលើទីលាន Automotive Testing Papenburg ក្នុងប្រទេសអាល្លឺម៉ង់ម្តងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ដោយការវិលត្រឡប់មកវិញនេះ គឺដើម្បីធ្វើការបំបែកកំណត់ត្រាចាស់របស់ខ្លួន ហើយឈានជើងទៅរកប្រវត្តសាស្ត្រថ្មី គឺធ្វើឲរថយន្តអគ្គិសនីមួយនេះអាចរត់បានល្បឿនលើសពី ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Yangwang U9 Xtreme វាគឺរថយន្ត Hypercar អគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ១០០% ផ្អែកលើគ្រោងឆ្អឹង BYD e4 Platform ដោយមានម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុបប្រមាណ ៣,០២៧ សេះ។ ម្យ៉ាងទៀត រថយន្តម៉ូឌែល Xtreme នេះ គឺត្រូវបានផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ៣០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក៕
























