នាពេលខាងមុខឆាប់ៗនេះ កម្ពុជានឹងដំឡើងអំពូលភ្លើងសូឡាបំភ្លឺផ្លូវ ដោយចំណាយប្រមាណ ៥លានដុល្លារ ក្នុងរាជធានីខេត្តចំនួន ១៣ ប្រវែងសរុប ១០០០គីឡូម៉ែត្រឯណោះ។ ប៉ុន្តែជាមួយគ្នានេះ ក៏នឹងអាចមានសំណួរកើតឡើងផងដែរ ថាតើហេតុអ្វីរហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅតែមិនត្រូវបានដំឡើងអំពូលបំភ្លឺផ្លូវ?

ក្រុមហ៊ុនផ្លូវល្បឿនលឿន បានបញ្ជាក់នាពេលកន្លងមក អំពីមូលហេតុថូចខាងក្រោមនេះ៖
១. ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។
២. ផ្លូវល្បឿនលឿនគឺមិនអនុញ្ញាតឱ្យអ្នកថ្មើរជើង ទោចក្រយាន ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺផ្លូវជាធម្មតាគឺរចនាឡើងដើម្បីសម្រួលដល់អ្នកថ្មើរជើង និងទោចក្រយាន ឬត្រីចក្រយាន ក្នុងករណីគ្មានពន្លឺបញ្ចាំង ឬខ្សោយពន្លឺ។
៣. ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលព្រមទាំងគិតគូរអំពីបរិស្ថាន និងផលប៉ះពាល់ផ្សេងៗជាយថាហេតុ ម៉្យាងវិញទៀតបង្គោលភ្លើងត្រូវមានចន្លោះកំណត់ ពន្លឺដែលបំភ្លឺតាមផ្លូវអាចមានការបំភ្លឺមិនស្មើគ្នា ខ្លះភ្លឺខ្លះងងឹត។ ក្នុងការបើកបរដោយល្បឿនលឿន ការប្រែប្រួលពន្លឺបែបនេះអាចធ្វើឱ្យភ្នែកអស់កម្លាំង ឆាប់ហត់និងបង្កការងងុយក្នុងការបើកបរ ដែលអាចបណ្តាលឱ្យមានហានិភ័យលើសុវត្ថិភាពចរាចរណ៍៕























