ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Hyundai Ioniq V ផលិតជាពិសេសម្រាប់ទីផ្សារប្រទេសចិន នឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុននៅថ្ងៃទី ២១ ខែសីហា ខាងមុខនេះ

Hyundai Ioniq V ផលិតជាពិសេសម្រាប់ទីផ្សារប្រទេសចិន នឹងចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុននៅថ្ងៃទី ២១ ខែសីហា ខាងមុខនេះ

រថយន្ត Hyundai Ioniq V ដែលផលិតនៅប្រទេសចិន ក្រោមកិច្ចសហការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង និងក្រុមហ៊ុន BAIC នឹងចាប់ផ្តើមបើកទទួលការកក់នៅក្នុងប្រទេសចិន នៅថ្ងៃទី ២១ ខែសីហា ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show 2026។ បន្ថែមពីនេះនៅក្នុងព្រិត្ដឹការណ៍ក៏មានការប្រកាសពីតម្លៃផ្លវការរបស់រថយន្ដនេះផងដែរ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Beijing Hyundai ។

រថយន្តប្រភេទ Fastback ផលិតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ទីផ្សារចិនមួយនេះ បានបំពាក់ជាមួយអាគុយទំហំ ៦៦.៨ គីឡូវ៉ាត់ម៉ោង ដំណើរការដោយម៉ូទ័រអគ្គិសនីកម្លាំង ចំនួន១ អាចផលិតកម្លាំងបាន ១៦៨ គីឡូវ៉ាត់និងអាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ។  រថយន្ត Hyundai Ioniq V ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Beijing Auto Show 2026។ វាជារថយន្តប្រភេទអគ្គិសនី ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Beijing Hyundai សម្រាប់ទីផ្សារប្រទេសចិនដោយឡែកតែម្ដង។ បច្ចុប្បន្ន ម៉ូឌែលនេះមិនទាន់មានគម្រោងក្នុងការនាំចេញទៅលក់នៅលើទីផ្សារបរទេសនោះឡើយ។

រថយន្ត Hyundai Ioniq V វិញ វាជារថយន្តមួយម៉ូឌែលដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដោយមកជាមួយរចនាបថប្លែកភ្នែក ហើយគម្របម៉ាស៊ីនខាងមុខ ត្រូវបានរចនាឡើងដេញស្របជាខ្សែបន្ទាត់តែមួយជាមួយនឹងកញ្ចក់មុខ។ ជម្រើសពណ៌របស់រថយន្ដនេះមានចំនួន ៨ ពណ៌ រួមមាន៖ ពណ៌មាស, ពណ៌ស្វាយ, ពណ៌បៃតង, ពណ៌ប្រផេះ, ពណ៌ស, ពណ៌ប្រាក់ និងពណ៌ខ្មៅ។ សម្រាប់វិមាត្រខាហក្រៅ Hyundai Ioniq V មានប្រវែងបណ្ដោយ ៤ ៩០០ មីលីម៉ែត្រ, ទទឹង ១ ៨៩០ មីលីម៉ែត្រ, កម្ពស់ ១ ៤៧០ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៩០០ មីលីម៉ែត្រ។

ផ្នែកខាងក្នុងរបស់រថយន្តនេះ ប្រើប្រាស់អេក្រង់ភ្លោះទំហំធំដល់ទៅ ២៧ អុីញ និងមានបំពាក់ប្រព័ន្ធបង្ហាញព័ត៌មាននៅលើកញ្ចក់មុខ (Head-up display) ផងដែរ។ ចំណុចលេចធ្លោមួយទៀតនោះគឺ ប្រព័ន្ធជំនួយបើកបរដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Momenta។ រថយន្ត Hyundai  Ioniq V កម្រិតដំបូងបានប្រើប្រាស់អាគុយប្រភេទ LFP ទំហំ ៥៣.៥ គីឡូវ៉ាត់ម៉ោង របស់ក្រុមហ៊ុន CATL សាកមួយពេញអាចបើកបរបានចម្ងាយចន្លោះពី ៥២០ ទៅ ៥៤០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។ លើសពីនេះចំពោះម៉ូឌែល Long-range បានប្រើប្រាស់អាគុយប្រភេទ LFP ទំហំ ៦៦.៨ គីឡូវ៉ាត់ម៉ោង ផលិតដោយក្រុមហ៊ុន CATL សាកមួយពេញអាចបើកបរបានចម្ងាយ ៦២០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម