
គម្រោងផលិតរថយន្តអគ្គិសនីមានតម្លៃធូរថ្លៃដែលក្រុមហ៊ុន Ford ដែលពួកគេធ្លាប់បានសន្យាយូរណាស់មកហើយ ចុងក្រោយពេលនេះបានលេចចេញជារូបរាងពិតប្រាកដហើយ។ ដោយក្នុងនោះរោងចក្រដំឡើង Louisville Assembly Plant មានផ្ទៃដីរហូតដល់ ៣ លានហ្វីតការ៉េ ធ្លាប់តែផលិតរថយន្តប្រើម៉ាស៊ីនសាំងពីមុនមក ឥឡូវនេះត្រូវបានបន្ថែមនូវរ៉ូបូតថ្មីៗមួយចំនួនទៀតហើយ ដើម្បីគាំទ្រដល់ការផលិតរថយន្ដម៉ូឌែលថ្មីនេះ។
ក្រុមហ៊ុន Ford រៀបចំឡើងវិញស្ទើរតែទាំងស្រុង ដោយចំណាយថវិកាអស់ ២ ពាន់លានដុល្លារអាមេរិក ក្នុងការកសាងរចនាសម្ព័ន្ធរោងចក្រនេះឡើងវិញ ហើយបច្ចុប្បន្នកំពុងរៀបចំខ្លួនដើម្បីផលិតរថយន្តភីកអាប់អគ្គិសនី Fathom ដែលមានតម្លៃ ២៨ ៣៥០ ដុល្លារ។ លទ្ធផលនៃការផ្លាស់ប្តូរនេះគឺជាការសាកល្បងដ៏មានតម្លៃថ្លៃបំផុតមួយរបស់ក្រុមហ៊ុនផលិតរថយន្ដសហរដ្ឋអាមេរិកមួយនេះ។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford បានឲ្យដឹងថារថយន្តគំរូសាកល្បង Fathom ដែលមានគុណភាពស្តង់ដារផលិតកម្ម នឹងចាប់ផ្តើមចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៧ ខាងមុខនេះ។ ចំណែកឯរថយន្តសម្រាប់ប្រគល់ជូនអតិថិជន នឹងត្រូវផលិតជាបន្តបន្ទាប់នៅក្នុងឆ្នាំដដែលនោះ។
Fathom គឺជារថយន្តដំបូងគេបង្អស់ដែលដំណើរការលើគ្រោងឆ្អឹង Universal EV platform ថ្មីរបស់ក្រុមហ៊ុន Ford ហើយវាមានតម្លៃលក់រាយចាប់ផ្តើមពី ២៨ ៣៥០ ដុល្លារ (តម្លៃនេះមិនទាន់បូករួមបញ្ចូលថ្លៃដឹកជញ្ជូន និងសេវាកម្មទិសដៅ Destination charge ចំនួន ១ ៥៩៥ ដុល្លារនៅឡើយទេ)។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Ford នៅមិនទាន់ទម្លាយឲ្យដឹងពីរយៈចម្ងាយបើកបរ សមត្ថភាពផ្ទុកទម្ងន់ សមត្ថភាពអូសទាញ ឬតួលេខបច្ចេកទេសផ្សេងៗទៀតនៅឡើយទេ។
សម្រាប់ពេលនេះ អ្វីដែលជាសាច់រឿងសំខាន់ គឺទាក់ទងនឹងរោងចក្រ និងរបៀបដែលដំណើរការផលិតកម្មនឹងដំណើរការ។ ទាក់ទងជាមួយការផលិតតរថយន្ដនេះ ជំនួសឲ្យការបញ្ជូនគ្រោងឆ្អឹងតួខ្លួនដែលស្ទើរតែពេញលេញទាំងមូលទៅតាមខ្សែសង្វាក់ផលិតកម្មដ៏វែងមួយ ក្រុមហ៊ុន Ford បានបំបែករថយន្ត Fathom នីមួយៗចេញជាបីផ្នែកធំៗ រួមមាន៖ ផ្នែកក្បាលខាងមុខ, ផ្នែកកន្ទុយខាងក្រោយនិងផ្នែកបង្គុំគ្រោងឆ្អឹងអាគុយរួមជាមួយបន្ទប់កាប៊ីនខាងក្នុង៕
























