BMW កំពុងផលិតអាគុយជិះបានឆ្ងាយជាងមុន៣០% ប៉ុន្តែតម្លៃធូរជាងមុន៥០%

[ទីផ្សារបរទេស] អនាគតនៃរថយន្តអគ្គិសនី Neue Klasse របស់ក្រុមហ៊ុន BMW នឹងមានបំពាក់បច្ចេកវិទ្យាអាគុយលីចូម-អ៊ី​យ៉ុង​ដ៏ទំនើបដែលអាចបើកបរបានឆ្ងាយជាងមុនរហូតដល់ ៣០% ប៉ុន្តែមានតម្លៃធូរថ្លៃជាងមុន ៥០% ឯណោះ។

អាគុយដែលមានឈ្មោះថា Gen 6 កំពុងត្រូវបានអភិវឌ្ឍន៍នៅមជ្ឈមណ្ឌលអាគុយរបស់ BMW Group នៅប្រទេសអាល្លឺម៉ង់ ដោយអាគុយថ្មីនេះវាមានរូបរាងថ្មីដែលអាចឲ្យវាភ្ជាប់ទៅនឹងគ្រោងឆ្អឹងរថយន្តដោយផ្ទាល់បាន។

ការឌីហ្សាញថ្មីនេះមិនត្រឹមតែជួយបង្កើនគុណភាពបើកបរនោះទេ ប៉ុន្តែវាជួយកាត់បន្ថយការចំណាយលើអាគុយបានប្រសើរជាងមុន ៥០% ខណៈដែលការសាកភ្លើងពី ១០% ឡើងដល់ ៨០% នឹងប្រើប្រាស់ពេលវេលាតិចជាងមុន ៣០% ធៀបនឹងរថយន្តអគ្គិសនី​បច្ចុប្បន្នរបស់ BMW។

ពាណិជ្ជកម្ម

BMW មានផែនការផលិតរថយន្ត SUV អគ្គិសនីជាច្រើនម៉ូដែលដោយប្រើប្រាស់គ្រោងឆ្អឹង Neue Klasse របស់ខ្លួននៅឯរោងចក្រនៅ South Carolina ចាប់ពីឆ្នាំ២០២៥តទៅ ហើយការផលិតអាគុយ Gen 6 នឹងរ៉ាប់រងដោយក្រុមហ៊ុន Envision AESC ដែលអាចផលិតអាគុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីបាន ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕

Sponsored