Bugatti បង្ហាញចេញជាផ្លូវការ Chiron ស៊េរីថ្មី តម្លៃ ៣,៩ លានដុល្លារផលិតត្រឹម ៣០ គ្រឿង

ក្រុមហ៊ុន Bugatti បាន​បង្ហាញ​ចេញជា​ផ្លូវ​ការនូវ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ ម៉ូដែល Bugatti Chiron Super Sport 300+ ដែល​វា​ជា​ប្រភេទ​ផលិតផល​ចុងក្រោយ​នៃ រថយន្ត Bugatti គំរូ (Prototype) ដែល​បាន​បំបែក​រនាំង​ល្បឿន ៣០០ ម៉ាយ/ម៉ (៤៨២ គ.ម/ម៉) កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ប្រភេទ​ដែល​ជា​ផលិតផល​ចុងក្រោយសម្រាប់លក់លើទីផ្សារ​នេះ​ មាន​រូបរាង​ដូច​គ្នា​នឹង​ប្រភេទ​ផលិត​គំរូ​ដែរ ហើយ​មាន​​ស្បែក​សរសៃ​​កាបូន​ពណ៌​ទឹក​ក្រូច​​លេច​ដូច​គ្នា​ទៀត​ផង។ ​រថយន្ត​ Chiron Super Sport 300+ ដំណើរ​ការ​ដោយ​ម៉ាស៊ីន Quad-Turbo ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ កម្លាំង ១៥៧៨ សេះ ដូច​នឹង​ប្រភេទ​ផលិតផល​គំរូ​ដែរ។ រថយន្ត​នេះ​នឹង​ផលិត​លក់​ត្រឹម ៣០ គ្រឿង ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៩ លាន​ដុល្លារ។

ពាណិជ្ជកម្ម

បើតាមការ​ចុះ​ផ្សាយ​របស់ Top Gear បាន​ឲ្យ​ដឹង​ថា​ Chiron Super Sport 300+ នឹង​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​អេឡិចត្រូនិក​កំណត់​ល្បឿន ប៉ុន្តែ Bugatti មិន​ទាន់​សម្រេច​ថា​កំណត់​ល្បឿន​រថយន្ត​នៅ​ត្រឹម​ប៉ុន្មាន​នោះ​ទេ។ បន្ថែមពីនេះមាន​ការ​លើក​ឡើង​ថា​ អ្នក​ទិញ​រថយន្ត​នេះ អាច​មាន​ឱកាស​សាក​ល្បឿន​រថយន្ត​នៅ​ទីលាន​សាក​ល្បង​ Ehra-Lessien របស់ Volkswagen ផង​ដែរ៕

Sponsored