គ្រាន់តែការបើកបរបង្ហាញពិព័រណ៍រថយន្ត Geneva Motor Show ២០២៤ ភ្លាម BYD ក៏បាននាំយករថយន្ត Minivan របស់ខ្លួន Denza D9 ខណៈម៉ាកសញ្ញារថយន្តអន្តរជាតិមួយចំនួនបានបាត់មុខមិនឃើញតាំងបង្ហាញនៅពិព័រណ៍មួយនេះ។ គួរបញ្ជាក់ផងដែរ រថយន្ត Denza ដំបូងឡើយ ជាការបណ្តាក់ទុនរួមគ្នាគឺ ៥០% ម្នាក់រវាង Mercedes និង BYD ប៉ុន្តែក្រោយមកម៉ាករថយន្តប្រណីតរបស់អាល្លឺម៉ង់បានកាត់បន្ថយចំណែករបស់ខ្លួនមកត្រឹម ១០% ក្នុងឆ្នាំ ២០២១ ខណៈពេលដែល Denza បានធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
BYD កំពុងត្រួសត្រាយផ្លូវសម្រាប់ម៉ាករថយន្ត Denza របស់ខ្លួននៅអឺរ៉ុប ដោយបាននាំយករថយន្ត D9 ដែលជារថយន្តមានរូបរាងធំទូលាយ ដើម្បីប្រជែងនឹងរថយន្ត Minivan ដ៏ប្រណិតមួយទៀតរបស់ជប៉ុនគឺ Lexus LM ។ វាមិនមែនជាម៉ូដែលថ្មីទាំងស្រុងនោះទេ ចាប់តាំងពីវាត្រូវបានដាក់លក់ដំបូងនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២២។ ដូចនៅក្នុងប្រទេសចិនដែរ ម៉ូដែល D9 សម្រាប់ទីផ្សារអឺរ៉ុបក៏នឹងមានជាប្រភេទ Plug-in Hybrid ឬជាប្រភេទអគ្គិសនីសុទ្ធ។
នៅក្នុងទីផ្សារប្រទេសចិន ម៉ូដែលអគ្គិសនី Denza D9 ក៏ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសប្រភេទប៉ុងមុខ FWD និងប៉ុង២ ស្វ័យប្រវត្តិ AWD ផងដែរ។ ទាំងពីរមានម៉ូទ័រខាងមុខដែលមានកម្លាំង ៣០៨hp និង ៣៦០Nm ចំណែកឯប្រភេទប៉ុង២ All-wheel-drive បាននាំមកនូវម៉ូទ័រខាងក្រោយដែលអាចផលិតថាមពលកម្លាំងបន្ថែមបាន ៦០ hp និងកម្លាំងរមួល ១១០ Nm សម្រាប់កម្លាំងរួមបញ្ចូលគ្នាសរុប ៣៦៩ hp និងកម្លាំងរមួលសរុប ៤៧០ Nm។
ទាក់ទងនឹងរយៈចម្ងាយនៃការបើកបរលើប្រភេទអគ្គិសនីសុទ្ធ យើងគួរតែចង្អុលបង្ហាញថា វដ្តនៃការធ្វើតេស្តយានជំនិះធុនស្រាលរបស់ប្រទេសចិន (CLTC) ខុសគ្នាយ៉ាងខ្លាំងពីនីតិវិធីធ្វើតេស្តយានជំនិះធុនស្រាលរបស់ពិភពលោក (WLTP) ដែលប្រើនៅអឺរ៉ុប។ សម្រាប់ម៉ូដែលអគ្គិសនី Denza D9 ប្រើប្រាស់ប៉ុងមុខអាចនឹងបើកបរបានចម្ងាយប្រហែល ៦២០ គីឡូម៉ែត្រ ខណៈពេលដែលរថយន្តជម្រើសប៉ុង២ អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ។ ថាមពលសាកអតិបរមាគឺ ១៦៦ គីឡូវ៉ាត់ ដែលក្នុងករណីនេះ ១៥ នាទីអាចបើកបរបានចម្ងាយ ២៣០គីឡូម៉ែត្រ។