Chevrolet Corvette Z06 Coupe ឆ្នាំ២០២៣ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Chevrolet បានបង្ហើបថា ខ្លួននឹងបើកឲ្យបញ្ជាទិញរថយន្ត Corvette Z06 ស៊េរីឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងតម្លៃចាប់ពី ១០៦ ៣៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Chevrolet Corvette Z06 Coupe ឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីនចំណុះ ៥,៥លីត្រ V8 មានកម្លាំងសរុប ៦៧០សេះ និងកម្លាំងរមួល ៦២៤ញ៉ូតុនម៉ែត្រ ដែលធ្វើឲ្យវាក្លាយជាម៉ាស៊ីន naturally aspirated ខ្លាំងបំផុត លើរថយន្តប្រភេទ production vehicle។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តស្ព័ររបស់អាមេរិកខាងលើ នឹងផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ 1LZ, 2LZ និង 3LZ ហើយមានតួខ្លួនចំនួន ២​ជម្រើស គឺ Coupe និង Convertible (បើកដំបូល) ដែលមានតម្លៃថ្លៃជាង ៧ ០០០ដុល្លារ។

ជារួមមក រថយន្ត Corvette ប្រភេទតួខ្លួន Coupe មានតម្លៃចាប់ពី ១០៦ ៣៩៥ដុល្លារ, ១១៥ ៥៩៥ដុល្លារ និង ១២០ ២៤៥ដុល្លារ ទៅតាមម៉ូដែលនិមួយៗ ខណៈប្រភេទតួខ្លួន Convertible មានតម្លៃចាប់ពី ១១៣ ៨៩៥ដុល្លារ, ១២២ ៥៩៥ដុល្លារ និង ១២៧ ២៤៥ដុល្លារ។

បើប្រៀបធៀបជាមួយគូប្រជែងរបស់វា គឺ Audi R8 ឆ្នាំ២០២២ ដែលមានតម្លៃ ៥៦២សេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី​ ១៤៨ ៧០០ដុល្លារ នៅសហរដ្ឋអាមេរិក ខណៈ Porsche 911 GT3 មានតម្លៃចាប់ពី ១៦៩ ៧០០ដុល្លារ និង Lamborghini Huracán មានតម្លៃចាប់ពី ២៥០ ០០០ដុល្លារ។

រថយន្ត Corvette Z06 ឆ្នាំ២០២៣ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣០២គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម