Ford បញ្ជាក់ច្បាស់ៗថា ការពិតភីកអាប់អគ្គិសនី F-150 Lightning ខ្លាំងជាងអ្វីដែលបានបង្ហាញពីមុនមក

នៅពេលក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់អគ្គិសនី F-150 Lightning ស៊េរីឆ្នាំ២០២២ កាលពីឆ្នាំមុន ក្រុមហ៊ុនបានប៉ាន់ស្មានថា ប្រភេទម៉ូទ័រភ្លោះ standard-range អាចបង្កើតកម្លាំងបានសរុប ៤២៦សេះ ខណៈប្រភេទ extended-range អាចបង្កើតកម្លាំងបាន ៥៦៣សេះ។

ឥឡូវនេះ ស្របពេលដែលភីកអាប់ខាងលើបាននិងកំពុងតែចូលសង្វាក់ផលិតកម្ម ក្រុមហ៊ុន Ford បានទម្លាយឲ្យដឹងថា វាមានកម្លាំងខ្លាំងជាងតួលេខខាងលើ ដែលបានបង្ហាញពីមុនមកទៅទៀត។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការពិតប្រភេទ standard-range អាចផលិតកម្លាំងបាន ៤៥២សេះ ខ្លាំងជាងការអះអាង ពីមុន ២៦សេះ ខណៈប្រភេទ extended-range ក៏ខ្លាំងជាងដែរ គឺ ៥៨០សេះ ខ្លាំងជាង ១៧សេះ។

ពាណិជ្ជកម្ម

ថ្វីបើកម្លាំងរមួលមិនបានផ្លាស់ប្តូរ ពោលគឺស្ថិតនៅ ១ ០៥១ញ៉ូតុនម៉ែត្រទាំងពីរប្រភេទ ប៉ុន្តែទម្ងន់ដឹក payload របស់វាបានកើនឡើង ១០៧គីឡូក្រាម ដល់ ១ ០១៤គីឡូក្រាម។

សូមបញ្ជាក់ថា រថយន្ត Ford F-150 Lightning ឆ្នាំ២០២២ មានចម្ងាយបើកបរសរុប ៣២០ម៉ាយ៍ ឬ ៥១៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤វិនាទីជាងប៉ុណ្ណោះ៕

Sponsored