Ford ថាមានគេកក់ឡាន Bronco ជិត ២សែនគ្រឿង ហើយប្រភេទមួយនេះដាច់ច្រើនបំផុត

ក្រុមហ៊ុន Ford បានបញ្ជាក់ថា ខ្លួនទទួលបានការកក់ចំនួន ១៩០ ០០០គ្រឿង សម្រាប់រថយន្ត Bronco ថ្មី។

កាលពីសប្តាហ៍មុន Ford បានចេញឲ្យអតិថិជនធ្វើការជ្រើសរើស Option ដែលខ្លួនចង់បាន តាមរយៈពេលអនឡាញ។ ថ្លែងទៅកាន់គេហទំព័រ Autoblog លោក Mark Grueber ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Ford ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា រថយន្ត Bronco ប្រភេទ Wildtrak គឺទទួលបានប្រជាប្រិយភាពបំផុត ដោយទទួលការកក់សរុប ២៦%។ បន្ទាប់មកទៀតគឺប្រភេទ Badlands ២០% ហើយសល់ ៥៤% ទៀតគឺធ្លាក់ទៅលើ Big Bend, Black Diamond, Outer Banks និង First Edition។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ក្រុមហ៊ុន Ford ក៏បានបង្ហាញឲ្យដឹងដែរថា ពាក់កណ្តាលនៃអ្នកកក់រថយន្ត Bronco សុទ្ធតែយក Option មួយឈ្មោះថា Sasquatch Package ដោយក្នុងនោះរួមមាន សម្បកកង់ Goodyear ទំហំ ៣៥អ៊ីញ, យ៉ាន់ទំហំ ១៧អ៊ីញ, មុខងារ front and rear electronically locking axles និង ប្រព័ន្ធបូម Bilstein។

មិនតែប៉ុណ្ណោះ រថយន្ត Bronco ប្រភេទទ្វារ ៤ គឺពេញនិយមបំផុត ដោយមានគេកក់ ២ភាគ៣នៃចំនួនសរុប ខណៈប្រភេទម៉ាស៊ីនចំណុះ ២,៧លីត្រ V6 គឺជាជម្រើសពេញនិយមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម