Kia Ray ស៊េរីឆ្នាំ២០២៣ បង្ហាញរូបរាងថ្មីជាមួយតម្លៃ ១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] Kia បានចេញផ្សាយរូបភាពផ្លូវការដំបូងនៃរថយន្ត Kia Ray ស៊េរី​ឆ្នាំ​២០២៣ ដែល​ជា​ប្រភេទ​រថយន្ត​ទីក្រុង​និងបាន​បង្ហាញវត្តមានលើទីផ្សារប្រទេសកូរ៉េខាងត្បូងតាំងពី​ឆ្នាំ​២០១១មក។

រថយន្តស៊េរីថ្មីបានផ្លាស់ប្ដូរខ្លាំងដោយផ្ដោតលើរូបរាងខាងក្ដៅ ជាមួយការប្រើប្រាស់រចនាបថចុងក្រោយរបស់ Kia ដោយ​ក្នុង​នោះ​មាន​ផ្នែកខាងមុខដែលផ្លាស់ប្ដូរការរចនាថ្មី ជាមួយ​អំពូលភ្លើង LED ដែលមានរៀបចំបែបញ្ឈរ និងផ្ទាំងប៉ាណាដែល​មាន​ដាក់​ផ្លាក Kia ថ្មី។

ពាណិជ្ជកម្ម

ផ្នែកខាងក្នុង អ្វីដែលខុសពីស៊េរីមុនគឺការបំពាក់កុងទ័រប្រភេទឌីជីថល និងការប្រើប្រាស់គ្រឿងបរិក្ខារពណ៌ងងឹតជាងមុន ដែល​ក្រៅ​ពី​នោះ​គឺហាក់មិនខុសពីរថយន្តស៊េរីមុនប៉ុន្មានឡើយ។

ចំណែកម៉ាស៊ីនវិញ មិនបានបង្ហាញលក្ខណៈសម្បត្តិនោះទេ ប៉ុន្តែគេរំពឹងថា Kia Ray ស៊េរីឆ្នាំ២០២៣ នឹង​បន្ត​ប្រើ​ម៉ាស៊ីន​សាំង និង​មាន​ជា​ប្រភេទអគ្គិសនីសុទ្ធផងដែរ ដោយប្រភេទអគ្គិសនីសុទ្ធ​អាចនឹងប្រើម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ៦៧សេះ និងមាន​អាគុយ​ដែល​អាចបើកបរបានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ។

លក្ខណៈសម្បត្តិផ្សេងទៀតរបស់ Kia Ray ស៊េរីឆ្នាំ២០២៣ រំពឹងថានឹងប្រកាសចេញនៅប៉ុន្មានសប្ដាហ៍ទៀត ពេលដែលរថយន្ត​នេះ​ជិតប្រកាសចេញលក់នៅប្រទេសកូរ៉េខាងត្បូង គឺនៅខែកញ្ញាខាងមុខ។ ចំពោញតម្លៃ​វិញ​រំពឹងថាមានចាប់ពីប្រមាណជាង ១​ម៉ឺន​ដុល្លារ​ស្ដើង មិនខុសពី​ស៊េរីមុនប៉ុន្មានឡើយ៕

Sponsored