Lexus LX 600 ពាក់អាវពាសដែក មិនខ្លាចគ្រាប់កាំភ្លើង មិនខ្លាចគ្រាប់បែកដៃ!

ក្រុមហ៊ុន INKAS របស់កាណាដា បានបញ្ចេញរថយន្ត Lexus LX 600 ឆ្នាំ២០២៣ ដែលមានបំពាក់អាវក្រោះការពារគ្រាប់ ដែលអាចទប់ទល់បានទាំងគ្រាប់បែកដៃផងដែរ។

វាត្រូវបានស្រោបអាវក្រោះការពារ កម្រិត៦ (CEN 1063 BR6) ដែលមានន័យថា SUV នេះអាចស៊ូជាមួយនឹងការបំផ្ទុះគ្រាប់បែកដៃ DM51 ចំនួន ២គ្រាប់ ក៏ដូចជា គ្រាប់កាំភ្លើងវែង ប្រវែង ៧,៦២មីល្លីម៉ែត្រ ផងដែរ។

ពាណិជ្ជកម្ម

Lexus LX 600 នេះបានបំពាក់កញ្ចក់ប្រភេទ Ballistic Glass, ប្រព័ន្ធស៊ុមទ្វារត្រួតពីលើគ្នា និង បន្ទប់ការពារអ្នកដំណើរ ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏បានពង្រឹងប្រព័ន្ធជើងក្រោម, បំពាក់បន្ទះការពារបាតក្រោមឡាន ព្រមទាំង ប្រើអាវក្រោះការពារធុងសាំង និងផ្នែកម៉ាស៊ីន ផងដែរ។ អ្វីដែលរឹតតែពិសេសនោះគឺ វាប្រើសំបកកង់ប្រភេទ Run-flat ដូច្នេះទោះជាបែកកង់ ក៏នៅតែអាចបើកបានធម្មតា។

ក្រៅពីនោះ វាក៏មានផ្តល់ជម្រើស option មួយចំនួនទៀត រួមទាំង ភ្លើងសារ៉ែន, កាមេរ៉ាមើលពេលយប់ និង ប្រព័ន្ធពន្លត់ភ្លើងសម្រាប់ប្លុកម៉ាស៊ីន ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ចំពោះម៉ាស៊ីនរបស់ LX 600 នេះអត់មានការផ្លាស់ប្តូរឡើយ គឺម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទាក់បូ២ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។ យ៉ាងណាមិញ ក្រុមហ៊ុនខាងលើ អត់ទាន់បានបង្ហាញតម្លៃក្នុងការបំពាក់អាវក្រោះលើឡាន Lexus LX 600 ឆ្នាំ២០២៣ នេះនៅឡើយទេ៕

Sponsored