Lotus Eletre ឆ្នាំ២០២៤ SUV អគ្គិសនីកម្លាំងខ្លាំងថ្មី ត្រៀមអង្រួនទីផ្សារ

ក្រុមហ៊ុនរថយន្ត Lotus បានប្រកាសចេញ SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មីលើកដំបូងរបស់ខ្លួន គឺ Lotus Eletre ស៊េរីឆ្នាំ២០២៤។

រថយន្ត SUV អគ្គិសនីខាងលើដែលមានកូដឈ្មោះ “Type 132” នេះ អាចនឹងមានតម្លៃចាប់ពីខ្ទង់ ១០០ ០០០ដុល្លារ ហើយនឹងចេញលក់នៅចក្រភពអង់គ្លេស, ចិន និង អឺរ៉ុប ក្នុងឆ្នាំ២០២៣ ខាងមុខនេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lotus Eletre ឆ្នាំ២០២៤ មានទំហំតួខ្លួនស្រដៀងទៅនឹងរថយន្ត Porsche Cayenne ដែរ ពោលគឺមានប្រវែងសរុប ៥,១០ម៉ែត្រ, កម្ពស់ ១,៦៣ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣,០១ម៉ែត្រ។

តាមការអះអាងបានឲ្យដឹងថា SUV អគ្គិសនីនេះទំហំមានបំពាក់កញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយអាចសាកបានចម្ងាយ ៤០០គីឡូម៉ែត្រ ក្នុងពេល ២០នាទី តាមរយៈដុំដាកកម្លាំង ៣៥០គីឡូវ៉ាត់។

ដោយឡែក ចំពោះកម្លាំងរបស់វាវិញ Lotus និយាយថា Eletre នឹងមានចាប់ពី ៥៩២សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣វិនាទី និងមានល្បឿនអតិបរមា ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម