McLaren ចេញឡានបើកដំបូលកម្លាំងខ្លាំងបំផុត តម្លៃចេញពីរោងចក្រ ៣៨ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស McLaren បានប្រកាសចេញរថយន្តបើកដំបូលមានកម្លាំងខ្លាំងបំផុត ម៉ូដែល 765LT Spider ជាផ្លូវការ។

រថយន្ត McLaren 765LT Spider បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧៥៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ លឿនជាងម៉ូដែល 720S Spider ដល់ទៅ ១៥%។ មិនតែប៉ុណ្ណោះ វាអាចរត់ពីកុងទ័រ ០-២០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៧,២វិនាទីប៉ុណ្ណោះ។

ពាណិជ្ជកម្ម

រថយន្ត McLaren 765LT Spider ថ្មីនេះ ប្រើប្រាស់គ្រោងឆ្អឹង “advanced carbon fiber construction” ក៏ដូចជាប្រព័ន្ធស៊ីម៉ាំង titanium exhaust ដែលមានទម្ងន់ស្រាលជាងដែក ៤០%, គ្រឿងប្រអប់លេខលំដាប់រថយន្តប្រណាំង Formula 1 និង កញ្ចក់ស្តើងជាង ខណៈទម្ងន់សរុបរបស់វាធ្ងន់ជាងម៉ូដែល McLaren 765LT Coupe ត្រឹមតែ ៤៩គីឡូក្រាមប៉ុណ្ណោះ។

ជារួមមក 765LT Spider ថ្មីមានទម្ងន់សរុប ១ ៣៨៨គីឡូក្រាម ពោលគឺស្រាលជាងម៉ូដែល 720S Spider ដល់ទៅ ៨០គីឡូក្រាម។ អ្វីដែលគួរដល់ការសម្រកទម្ងន់នេះ គឺដំបូលរឹងផលិតពី carbon-fiber ដែលអាចបើកឡើង និងទម្លាក់ចុះមកវិញ ក្នុងពេលត្រឹមតែ ១១វិនាទីប៉ុណ្ណោះ។ រឹតតែពិសេស 765LT Spider ក៏មានកញ្ចប់ Option ហៅថា “carbon fiber aero package” ដូចម៉ូដែល Coupe ដែរ មានន័យថា វាមានកម្រិត downforce ច្រើនជាងម៉ូដែល 720S Spider ដល់ទៅ ២៥% ទៀតផង។

សូមបញ្ជាក់ថា រថយន្ត McLaren 765LT Spider ថ្មី នឹងត្រូវផលិតត្រឹមតែ ៧៦៥គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៣៨២ ៥០០ដុល្លារ៕

Sponsored