Mercedes-Benz បានបិទដំណើរការផលិតរបស់ខ្លួនដោយសារការផ្ទុះនូវជំងឺកូវីដ១៩ ប៉ុន្តែក្រុមហ៊ុនអាល្លឺម៉ង់នេះមិនឲ្យស្ថានភាពនេះប៉ះពាល់ដល់ផែនការនាពេលអនាគតរបស់ខ្លួននោះឡើយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីរថយន្តអាល្លឺម៉ង់លោក Michael Brecht ប្រធានប្រឹក្សាប្រចាំក្រុមហ៊ុន Daimler បាននិយាយថារថយន្តស៊េរីថ្មីរបស់ Mercedes-Benz នឹងត្រូវបង្ហាញតាមការកំណត់ទុកពីមុនមក។
លោក Brecht បានថ្លែងដូចនេះថា ៖ “ដូចរថយន្ត S-Class ជំនាន់ថ្មីជាឧទាហរណ៍។ វាអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅដំណាច់ឆ្នាំនេះ។ នៅប្រទេសចិនដែលជាទីផ្សារធំមួយរបស់ S-Class យើងចាប់ផ្ដើមឃើញសញ្ញាងើបឡើងវិញ។ ក្នុងតំបន់ដទៃទៀតយើងនៅបន្តធ្វើការដដែល ដែលទាក់ទងនឹង Software និងការផលិតអាគុយ។”
គួរដឹងថារថយន្ត S-Class ជំនាន់បច្ចុប្បន្ននេះគឺបានបង្ហាញចេញតាំងពីឆ្នាំ ២០១៣ ដែលត្រូវដល់ពេលផ្លាស់ប្ដូរថ្មី។ រថយន្ត S-Class ជំនាន់ថ្មីនឹងមានប្រភេទម៉ាស៊ីនសាំង, ម៉ាស៊ីន Hybrid, ប្រភេទ Plug-in Hybrid រួមទាំងប្រភេទអគ្គិសនីផងដែរ៕