Nissan ចេញឡានអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន Nissan Sakura 2022 សាកថ្មម្តងជិះបាន ១៨០គីឡូម៉ែត្រ តម្លៃខ្លង់ ២ម៉ុនដុល្លារ ក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Sakura ស៊េរីឆ្នាំ ២០២២ ដែលជារថយន្តអគ្គិសនីខ្នាតតូច មានលក់ជាពីរម៉ូដែលគឺម៉ូដែល X និង G ដែលមានតម្លៃចាប់ផ្តើមត្រឹមតែ ១៨ ៩៨៣ ដុល្លារ ដល់ ២៣ ០១០ ដុល្លារ នៅក្នុងប្រទេសជប៉ុន។

សម្រាប់រថយន្ត Nissan Sakura គឺជារថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ Nissan ដោយមានប្រវែងសរុប ៣ ៣៩៥ ម.ម ទទឹង ១ ៤៧៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៩៥ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនានៃ Nissan Sakura គឺស្រដៀងទៅនឹង Nissan Ariya ដែលមាន​ចង្កៀង​មុខ​ដែល​រចនា​រាង​ស្លីម​ត្រូវ​គ្នា​នឹង​ប៉ាណាមុខ V-Motion ពណ៌​ខ្មៅ​ធំ និង​ចង្កៀងក្រោយ​អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈតំបន់ C-pillar ក៏​ត្រូវ​បាន​តុបតែង​ដោយ​គ្រឿងបរិក្ខា​ពណ៌​ខ្មៅ​ជួយ​បន្ថែម​ភាព​ទំនើប​ដល់​រថយន្ត​អគ្គិសនី​ដ៏​តូច​នេះ​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​កាប៊ីន​មាន​ការ​តុបតែង​យ៉ាង​ប្រណិត ទំនើបនិងផាសុកភាព ដោយបំពាក់ជាមួយកុងទ័រប្រភេទ mileage screen ទំហំ ៧ អ៊ីងជាមួយនឹងអេក្រង់កំសាន្តប្រភេទ NissanConnect ទំហំ ៩អ៊ីញ ខណៈពេលដែលកុងតាក់ម៉ាស៊ីនត្រជាក់ត្រូវបានដំឡើងដោយឡែកនៅជិតដៃចង្កូត។ បន្ថែមពីនេះ ក៏មានប្រព័ន្ធជំនួយការបើកបរ ProPilot និងប្រព័ន្ធចតរថយន្តស្វ័យប្រវត្តិ ProPilot Parking ដោយអ្នកបើកបរមិនចាំបាច់ប្តូរប្រអប់លេខ ឬគ្រប់គ្រងចង្កូតទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីសុទ្ធ Nissan Sukura ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលមានកម្លាំង ៦៤ សេះ កម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ មានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ថែមដោយឈ្នាន់ e-Pedal Step ដែលអនុញ្ញាតឲ្យ អ្នកបើកបរបង្កើនល្បឿន និងបញ្ឈប់រថយន្តដោយឈ្នាន់តែមួយ និងភ្ជាប់ជាមួយអាគុយទំហំ ២០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿនពី ០-៨០% ក្នុងរយៈពេលប្រហែល ៤០ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម