ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep កំពុងផលិតរថយន្ត Off-Road ខ្នាតតូច មកប្រជែង Suzuki Jimny

Suzuki Jimny

Jeep កំពុង​អភិវឌ្ឍន៍​នូវ​រថយន្ត​ Off-Road ទំហំ​តូច ដែល​វា​នឹង​ស្ថិត​នៅ​ក្រោម​ម៉ូដែល Renegade ក្នុង​សែស្រឡាយ​រថយន្ត​របស់​ក្រុមហ៊ុន​ និង​ដើរ​តួ​ជា​គូ​ប្រជែង​របស់​ Suzuki Jimny លើ​ទីផ្សារ​សកល​លោក។

Suzuki Jimny

ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ Auto Express លោក Marco Pigozzi ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ Jeep នៅ​អឺរ៉ុប បាន​និយាយ​ថា​ រថយន្ត​ Off-Road នេះ​នឹង​មាន​ប្រវែង​សរុប​ប្រមាណ ៤ ម៉ែត្រ ដែល​វែង​ជា​រថយន្ត​ Jimny មាន​ប្រវែង ៣,៦៤ ម៉ែត្រ។

កាល​ពី​ថ្មីៗ​នេះ​ Jeep បាន​ប្រកាស​ថា​​នឹង​ធ្វើ​ការ​កែ​សម្រួល​រថយន្ត​គ្រប់​ម៉ូដែល​ឲ្យ​មាន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​នៅ​ត្រឹម​ឆ្នាំ ២០២០ ហេតុ​នេះ​​ម៉ូដែល​ចុង​ក្រោយ​នេះ​ទំនង​ជា​នឹង​មាន​ប្រព័ន្ធ​ម៉ាស៊ីន​គួប​ផ្សំ​ដោយ​ថាមពល​អគ្គិសនី​ក៏​ថា​បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A6 Allroad ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការ ខ្ទង់៦ម៉ឺនដុល្លារ

Audi បានប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត A6 Allroad ស៊េរីឆ្នាំ២០២០ លើទីផ្សារសហរដ្ឋអាមេរិក ដោយបែកចែកជា ២ប្រភេទ គឺ A6 Allroad Plus និង A6 Allroad Prestige ដែលមានតម្លៃចាប់ពី ៦៥ ៩០០ដុល្លារ។

ជាមួយគ្នានេះ Audi ក៏ផ្តល់កញ្ចប់ Option “20th Anniversary Edition package” ដែលផ្តល់ការរចនាដ៏ពិសេស រួមទាំងពណ៌បៃតង Gavial Green ទៀតផង។ A6 Allroad បានបំពាក់ប្រព័ន្ធបូមខ្យល់មកស្តង់ដារ ហើយអាចសារ៉េម៉ូដបើកបរដល់ទៅ ៦ ងាយស្រួលគ្រប់គ្រងការបើកបរ លើគ្រប់ស្ថានភាពផ្លូវតែម្តង។

កាប៊ីនផ្នែកខាងក្នុងរបស់ Audi A6 Allroad ឆ្នាំ២០២០ មានបំពាក់កៅអី និងចៃចង្កូតស្បែកមានមុខងារកម្តៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ Four-zone Climate Control, អេក្រង់ MMI Touch Response ភ្លោះ, មុខងារ HVAC Control និង ប្រព័ន្ធសំឡេង Bang & Olufsen 3D Premium Audio ជាដើម។

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ TFSI Turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ ហើយក៏មានបច្ចេកវិទ្យា Mild-hybrid ដែលជួយសន្សំសំចៃបានមួយកម្រិតទៀតផងដែរ។ ម៉ាស៊ីននេះដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ dual-clutch S Tronic និងប្រព័ន្ធប៉ុងពីរ Quattro AWD។ វាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,១វិនាទី។

ក្រៅពីនោះ វាបានបំពាក់លក្ខណៈពិសេសមកស្តង់ដារមួយចំនួនទៀត ដូចជា ប្រព័ន្ធហ្វ្រាំងអូតូ និងកាមេរ៉ាមើលផ្លូវ ៣៦០ដឺក្រេ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញលក់ឡាន SUV បើកដំបូលថ្មី

Volkswagen បានប្រកាសឲ្យអតិថិជនអាចបញ្ជាទិញរថយន្ត SUV បើកដំបូលថ្មីរបស់ខ្លួន ម៉ូដែល T-Roc Cabriolet សម្រាប់ទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។

រថយន្ត Volkswagen T-Roc Cabriolet ដែលអាចបើកដំបូលបាននេះ នឹងផ្តល់បទពិសោធន៍បើកបរកាន់តែអស្ចារ្យ តាមរយៈដំបូលអាចបើកបានដោយស្វ័យប្រវត្តិ ក្នុងរយៈពេលត្រឹម ៩វិនាទី។

T-Roc Cabriolet ចែកចេញជា ២ប្រភេទ គឺ T-Roc Cabriolet Style និង T-Roc Cabriolet R-Line។ វាផ្តល់ជម្រើសម៉ាស៊ីនចំនួន២ ផងដែរ គឺ ចំណុះ ១,០លីត្រ TSI កម្លាំង ១១៣សេះ និង ចំណុះ ១,៥លីត្រ TSI កម្លាំង ១៤៧សេះ។ ពួកវាប្រើប៉ុងមួយវិលកង់មុខដូចគ្នា តែ T-Roc Cabriolet Style ប្រើលេខដៃ ៦វគ្គ ខណៈ T-Roc Cabriolet R-Line ប្រើលេខអូតូ ៧វគ្គ។

រថយន្ត Volkswagen អាចបើកដំបូលបាននេះមានតម្លៃចាប់ពី ៣០ ៥០០ដុល្លារសម្រាប់ម៉ូដែល Style និង ៣៦ ៤០០ដុល្លារសម្រាប់ម៉ូដែល R-Line៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ទទូចឲ្យអ្នកទិញរថយន្ត Mustang Shelby GT500 រៀនបើកបរ ហើយសុខចិត្តចេញលុយឲ្យ

រថយន្ត Ford Mustang Shelby GT500 មិន​មែន​ជា​រថយន្ត​ធម្មតា​នោះ​ទេ។ វា​ជា​រថយន្ត​កម្លាំង​ខ្លាំង​ក្លា​មួយ ដែល​មាន​ម៉ាស៊ីន​ Supercharged ចំណុះ ៥,២ លីត្រ ៨ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ៧៦០ សេះ ដែល​ប្រហាក់​ប្រហែល​នឹង​​ពពួក Supercar ដែរ។

ហេតុ​នេះ​អ្នក​ដែល​កាន់​ចង្កូត​រថយន្ត​ដែល​អាច​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៥ វិនាទី​មួយ​នេះ គួរ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ការ​​បញ្ជា​វា។ ដោយ​ដឹង​ពី​ចំណុច​នេះ​ Ford បាន​ផ្ដល់​ជូន​នូវ​ការ​បង្រៀន​បើកបរ​ជា​ពិសេស​ដល់​ម្ចាស់​រថយន្ត​ GT500 នៅ​ Charlotte Motor Speedway ក្នុង​ទីក្រុង Concord រដ្ឋ North Carolina។

Ford Performance Racing School បាន​រៀប​ចំ​ប្រតិបត្តិការ​មួយ​នៅ​ទី​នោះ ដែល​បង្រៀន​​ម្ចាស់​រថយន្ត Shelby GT500 អំពី​បច្ចេកទេស​បើកបរ​ស៊ី​ជម្រៅ និង​ត្រូវ​ឆ្លង​កាត់​វគ្គ​​រៀន​ជា​ច្រើន។ ដោយ​ចូល​រៀន​វគ្គ​នេះ ម្ចាស់​រថយន្ត​នឹង​អាច​យល់​ច្បាស់​អំពី​សមត្ថភាព​រថយន្ត​របស់​ពួក​គេ និង​​ការ​បើកបរ​លើ​ដង​ផ្លូវ​ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងតម្លៃលក់រថយន្ត Toyota Highlander ឆ្នាំ ២០២០

វិបសាយ​រថយន្ត Car Scoops បាន​បង្ហើប​ឲ្យ​ដឹង​ថា​រថយន្ត Toyota Highlander ស៊េរី​ឆ្នាំ ២០២០ ដែល​មាន​រចនាបថ​រូបរាង​ថ្មី​នោះ មាន​តម្លៃ​លក់​ចាប់​ពី ៣៤ ៦០០ ដុល្លារ ឡើង​ទៅ​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។

តម្លៃ​នេះ​គឺ​ថ្លៃ​ជាង​ ២ ៧៧០ ដុល្លារ បើ​ប្រៀប​នឹង Highlander ស៊េរី​មុន ​ប៉ុន្តែ​​​ស៊េរី​ថ្មី​គឺ​មាន​បំពាក់​មក​ជា​ស្តង់ដារ​នូវ​អំពូល​ភ្លើង LED, កញ្ចក់​ក្រោយ​​ពណ៌​ខ្មៅ និង​មាន​យ៉ាន់ Alloy ទំហំ ១៨ អ៊ីញ​យ៉ាង​ទាក់ទាញ​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​វិញ​​មាន​កៅអី​អ្នក​អាច​បើកបរ​ដែល​ផ្លាស់​ប្ដូរ​បាន​ ៧ របៀប, ម៉ាស៊ីន​ត្រជាក់​ ៣ តំបន់, អេក្រង់​បញ្ជា​ទំហំ ៨ អ៊ីញ មាន Android Auto/Apple Car Play និង Amazon Alexa។ មុខងារ​ស្តង់ដារ​ផ្សេង​ទៀត​មាន​ប្រព័ន្ធ​បំពង​សំឡេង​ដែល​មាន​ Speaker ចំនួន ៦, កុងទ័រ​ឌីជីថល​ទំហំ​ ៤,២ អ៊ីញ និង​អាច​ជិះ​បាន​គ្នា​សរុប ៨ នាក់។

ម៉ាស៊ីន​រថយន្ត​វិញ​គឺ​មាន​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៩៥ សេះ ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ ហើយ​អាច​បន្ថែម​នូវ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ដែល​​ត្រូវ​បន្ថែម​លុយ​ប្រមាណ ១៦០០ ដុល្លារ ទៅ ១៩៥០ ដុល្លារ។ វា​ក៏​មាន​ជា​ប្រភេទ Hybrid ដែល​មាន​ម៉ាស៊ីន ២,៥ លីត្រ ម៉ូទ័រ​អគ្គិសនី​ពីរ អាច​បង្កើត​កម្លាំង​បាន ២៤៣ សេះ។

Toyota Highlander ឆ្នាំ ២០២០ នឹង​ចេញ​លក់​នៅ​អាមេរិក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ហើយ​ប្រភេទ Hybrid វិញ​នឹង​មាន​លក់​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០២០៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz GLA ឆ្នាំ២០២១ ដូររូបរាងថ្មីសន្លាង ចេញជាផ្លូវការហើយ!

ក្រុមហ៊ុន Mercedes-Benz ទើបតែបានបញ្ចេញ SUV ខ្នាតតូចរបស់ខ្លួន ម៉ូដែល GLA ស៊េរឆ្នាំ២០២១ ជាផ្លូវការ ដែលបានផ្លាស់ប្តូររូបរាងថ្មីសន្លាង (all-new) តែម្តង។

រថយន្ត Mercedes-Benz GLA មានរូបរាងស្រស់ស្អាតជាងមុន ធំជាងមុន ហើយបំពាក់បច្ចេកវិទ្យាទំនើបជាងមុនផងដែរ។ ឥឡូវនេះ GLA ថ្មី បានប្រើគ្រោងឆ្អឹងដូចទៅនឹងរថយន្ត Mercedes-Benz A-Class Sedan, CLA Coupe និង GLB ដែរ។

ផ្នែកខាងក្នុងរបស់វាត្រូវបានរៀបចំឡើង ស្រដៀងទៅនឹងរថយន្ត A-Class ដែរ ជាមួយនឹងអេក្រង់បង្ហាញព័ត៌មាន MBUX និងកុងទ័រឌីជីថលដ៏ធំ ទំហំ ១០,២៥អ៊ីង, ប្រព័ន្ធភ្លើង Ambience Lighting, ពូកស្បែក ហើយពោរពេញដោយច្ចេកវិទ្យាទំនើប។

រថយន្ត GLA 250 ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,២វិនាទី។

សូមបញ្ជាក់ថា រថយន្តនេះនឹងចេញលក់នៅក្នុងឆ្នាំ២០២០ ខាងមុខ ជាមួយតម្លៃចន្លោះពី ៣៥ ០០០ដុល្លារ ទៅ ៤៥ ០០០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Escape Hybrid ឆ្នាំ២០២០ ស៊ីសាំងតិច សឹងមិនជឿ!

ទីភ្នាក់ងារ EPA បានបញ្ចេញកម្រិតស៊ីសាំងនៃរថយន្ត Ford Escape Hybrid ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយបង្ហាញឲ្យឃើញថា វាប្រសើរដាច់គេ ក្នុងចំណោមគូប្រជែងទាំងអស់។

រថយន្ត Ford Escape Hybrid ប្រើប៉ុងមួយ មានកម្រិតស៊ីសាំងជាមធ្យម ៥,៧លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ខណៈកម្រិតស៊ីសាំងក្នុងក្រុងគឺ ៥,៣លីត្រ និងក្រៅក្រុង ៦,៣លីត្រ។

ដោយឡែក Ford Escape Hybrid ប្រើប៉ុងពីរ មានកម្រិតស៊ីសាំងជាមធ្យម ៥,៥លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ខណៈកម្រិតស៊ីសាំងក្នុងក្រុងគឺ ៥,៩លីត្រ និងក្រៅក្រុង ៦,៣លីត្រ។

សូមបញ្ជាក់ថា រថយន្ត SUV ខ្នាតតូចដ៏សន្សំសំចៃនេះមានតម្លៃចាប់ពី ២៩ ៥៩៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក។ វាបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន ៦ ម៉ូដែលនេះនឹងឈប់ផលិតចាប់ពីឆ្នាំ ២០២០

រថយន្ត​ចំនួន ៦ ម៉ូដែល​នឹង​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការ​ផលិត​ចាប់​ពី​ឆ្នាំ ២០២០ ដោយ​ភាគ​ច្រើន​​មក​ពី​ចំនួន​លក់​រថយន្ត​មាន​តិច​តួច។

Smart ForTwo (១៩៩៨-២០១៩)

រថយន្ត​នេះ​មាន​ភាព​ប្លែក​ពី​គេ​ដោយ​សារ​ពេល​ចេញ​ដំបូង​ វា​គឺ​ជា​រថយន្ត​ដែល​មាន​ទំហំ​តូច​ជាង​គេ បើ​ធៀប​នឹង​រថយន្ត​ម៉ូដែល​ផ្សេងៗ​ទៀត។ យ៉ាងណាក្ដី​ក្រុមហ៊ុន​មេ​របស់ Smart គឺ Mercedes នឹង​បញ្ឈប់​ផលិត​រថយន្ត​តូច​នេះ ដោយ​សារ​មាន​ផែនការ​សម្រាប់​រថយន្ត A-Class ថ្មី និង​រថយន្ត​អគ្គិសនី​ខ្នាត​តូច​នា​ពេល​ខាង​មុខ។

Volkswagen Golf R (២០១២-២០១៩)

Golf R បង្ហាញ​មុខ​នៅ​ឆ្នាំ ២០១២ ដែល​មាន​បំពាក់​ម៉ាស៊ីន ២ លីត្រ ៤ ស៊ីឡាំង ផលិត​កម្លាំង​បាន ២៥៦ សេះ មាន​​កម្លាំង​ខ្លាំង​អាច​ឈ្នះ​ Golf GTi ដែល​ជា​បង​ប្អូន​របស់​វា។ យ៉ាងណាក្ដី Golf GTi ត្រូវ​បាន​ចាប់​អារម្មណ៍​ច្រើន​ជាង​ Golf R ដោយ​សារ​បទ​ពិសោធន៍​នៃ​ការ​បើកបរ។ ដោយ​សារ​ប្រជាប្រិយភាព Golf GTi ធ្វើ​​ឲ្យ​ចំនួន​លក់​របស់ Golf R ថយ​ចុះ ហេតុ​នេះ​ទើប​ Volkswagen សម្រេច​ចិត្ត​ថា​ឈប់​ផលិត។ វា​នឹង​ត្រូវ​ជំនួស​ដោយ​ Golf R ដែល​ប្រើ​ប្រាស់​​អគ្គិសនី​សុទ្ធ។

Chevrolet Corvette C7 (២០១៤-២០១៩)

ចាប់​តាំង​ពី​ចេញ​លក់​នៅ​ឆ្នាំ ២០១៤ រថយន្ត​នេះ​បាន​ជួយ​ឲ្យ​រថយន្ត​អាមេរិក​នាំ​មុខ​គូ​ប្រជែង​លើ​ទីផ្សារ​អឺរ៉ុប។ វា​នឹង​ជា​រថយន្ត​ Corvette ចុង​ក្រោយ​គេ​ដែល​ដាក់​ម៉ាស៊ីន​នៅ​ខាង​មុខ​ ដោយ​ Chevrolet ប្ដូរ​មក​​ដាក់​ម៉ាស៊ីន​នៅ​ក្រោយ​វិញ ដើម្បី​​ឲ្យ​ដូច​នឹង​រថយន្ត​​​ Supercar នៅ​អឺរ៉ុប។

Mercedes-AMG SL63 (២០១៣-២០១៩)

Mercedes បាន​សម្រេច​ចិត្ត​សម្លាប់​រថយន្ត​ SL63 នេះ ដើម្បី​ទុក​កន្លែង​សម្រាប់​រថយន្ត​ស៊េរី​ថ្មី។

Jaguar XJ (១៩៦៨-២០១៩)

អស់​ពេល​ជាង​ ៥០ ឆ្នាំ រថយន្ត​ Jaguar XJ កកើត​បាន​ ៩ ជំនាន់។ យ៉ាងណាក្ដី​ក្នុង​សម័យ​កាល​អគ្គិសនី​ Jaguar សម្រេច​ចិត្ត​បញ្ឈប់​ផលិត​រថយន្ត​ XJ នេះ សម្រាប់​ទុក​ចន្លោះ​ឲ្យ​រថយន្ត​ថ្មី​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។

Alfa Romeo 4C (២០១៣-២០១៩)

ដោយ​សារ​ចំនួន​លក់ និង​តម្រូវ​ការ​ថយ​ចុះ​ផង​ដែរ Afla បាន​សម្រេច​ឈប់​ផលិត​រថយន្ត​ 4C ដើម្បី​ត្រៀម​ទទួល​រថយន្ត​ម៉ូដែល Tonale ថ្មី និង​ផ្ដោត​លើ​រថយន្ត​​ដទៃ​ទៀត​ដូច​ជា​ Stelvio និង Giulia៕
​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបរាងរថយន្ត​ Sedan កំពូលប្រណីតស៊េរីថ្មីរបស់ចិន

រថយន្ត​ Sedan ប្រណីត​របស់​ក្រុមហ៊ុន​រថយន្ត​ចិន Hongqi បាន​លេច​ចេញ​ឡើង​ ដែល​វា​គឺ​ជា​ម៉ូដែល Hongqi H7 រំពឹង​ថា​ចេញ​លក់​នៅ​ប្រទេស​ចិន​នៅ​អំឡុង​ឆ្នាំ ២០២០ ខាង​មុខ ហើយ​វា​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ក្នុង​រង្វង់​ប៉ុន្មាន​ខែ​ទៀត។

សារព័ត៌មាន​ចិន​បាន​ចុះ​ផ្សាយ​ថា​ Hongqi H7 នឹង​មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ ២,០ លីត្រ​ ៤ ស៊ីឡាំង ប្រភេទ Turbocharged និង​មាន​ជម្រើស​ម៉ាស៊ីន ៦ ស៊ីឡាំង ដែល​មាន​កម្លាំង​ខ្លាំង។ ម៉ាស៊ីន​ថ្មី​ទាំង​ពីរ​នេះ​នឹង​មាន​​ការ​កែ​សម្រួល​ឲ្យ​សន្សំសំចៃ​ប្រេង​បាន​ច្រើន​ជាង​មុន និង​បន្ថយ​ការ​​បញ្ចេញ​ឧស្ម័ន​ពុល​ផង​ដែរ។

Hongqi គឺ​ជា​ម៉ាក​រថយន្ត​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៨ ដែល​ដើម​ឡើយ​ផលិត​សម្រាប់​តែ​មន្ត្រី​ជាន់​ខ្ពស់​ប៉ុណ្ណោះ ហើយ​វា​បន្ត​ផលិត​ដល់​ឆ្នាំ ១៩៨១។ ក្រោយ​មក​ម៉ាក​រថយន្ត​នេះ​បាន​រស់​ឡើង​​វិញ​នៅ​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៩០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche Taycan មានគេកក់ច្រើន លើសការរំពឹងទុក

រថយន្តអគ្គិសនីដំបូងបង្អស់របស់ Porsche កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសការរំពឹងទុក ខណៈអតិថិជនជាង ៣០ ០០០នាក់បានបញ្ចេញអារម្មណ៍ ចង់ទិញរថយន្តនេះ។

យោងតាមរបាយការណ៍បានឲ្យដឹងថា អតិថិជនទាំង ៣០ ០០០នាក់នោះបានកក់លុយចំនួន ២ ៧៨០ដុល្លារសម្រាប់ទិញរថយន្ត Porsche Taycan។

គួរឲ្យដឹងថា រថយន្ត Porsche Taycan កំពុងស្ថិតក្នុងសង្វាក់ផលិតកម្ម ហើយនឹងចេញលក់សរុប ២០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។ ទោះជាយ៉ាងណា ការផលិតនឹងកើនឡើង បន្ទាប់ពីឆ្នាំក្រោយ ដើម្បីឲ្យស្របទៅនឹងតម្រូវការ។

រថយន្តអគ្គិសនី Taycan Turbo S មានកម្លាំងរហូតដល់ទៅ ៧៥០សេះ អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ សាកភ្លើងមួយពេញ វាអាចរត់បានចម្ងាយជាង ៤០០គីឡូម៉ែត្រ ហើយអាចសាកភ្លើងដល់ ៨០% ប្រើពេលត្រឹម ២២នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+