ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងបង្ហាញរថយន្តអគ្គិសនីជាផលិតផលសម្រេច នៅសប្ដាហ៍ក្រោយ

Lexus នឹង​នាំ​យក​នូវ​រថយន្ត​អគ្គិសនី​ដែល​ជា​ផលិតផល​សម្រេច​សម្រាប់​ផលិតផល​លក់​លើ​ទីផ្សារ​ មក​បង្ហាញ​នៅ​ក្នុង​កម្មវិធី Guangzhou International Automobile Exhibition នៅ​ប្រទេស​ចិន នា​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា​ខាង​មុខ។

ក្រុមហ៊ុន​មិន​បាន​អ្វី​លម្អិត​ជុំវិញ​រថយន្ត​អគ្គិសនី​ដំបូង​នេះ​ទេ ដោយ​គ្រាន់​តែ​បញ្ចេញ​រូបភាព Teaser ដែល​មាន​ឡូហ្គោ “Electric” ហើយ​ក្រុមហ៊ុន​និយាយ​ថា​រថយន្ត​ថ្មី​នេះ​នឹង​ចេញ​លក់​នៅ​ចិន និង​នៅ​អឺរ៉ុប​ផង​ដែរ។

គួរ​ដឹង​ថា​ក្រុមហ៊ុន​ជប៉ុន​នេះ​បាន​សាក​ល្បង​ស្ទាបស្ទង់​ទឹក​ចិត្ត​អ្នក​គាំទ្រ​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​មុន ជា​មួយ​រថយន្ត​ Concept ឈ្មោះ LF-30 Electrified ដែល​វា​ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។ រង់​ចាំ​មើល​ថា​រថយន្ត​អគ្គិសនី​ដែល​ជា​ផលិតផល​សម្រេច​នឹង​ជា​រថយន្ត​មាន​រូបរាង​ផ្សេង​ពី LF-30 Electrified ឬ​យ៉ាងណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាករថយន្តគួរទុកចិត្តជាងគេទាំង ១០ ប្រចាំឆ្នាំ ២០១៩ នៅអាមេរិក

ការ​វាយ​តម្លៃ​របស់​ទស្សនាវដ្ដី​ Consumer Reports ដែល​ផ្អែក​លើ​​ទិន្នន័យ​នៃ​រថយន្ត​ចំនួន ៤២០ ០០០ គ្រឿង បាន​​ជា​លទ្ធផល​នូវ​ម៉ាក​រថយន្ត​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​គេ​​ចំនួន ១០ នៅ​សហរដ្ឋអាមេរិក ដែល​មាន​ន័យ​ថា​ម៉ាក​រថយន្ត​ទាំង​នេះ​មិន​សូវ​មាន​បញ្ហា​ខូច​ខាត​ច្រើន និង​មិន​ខាត​បង់​តម្លៃ​​ខ្លាំង​ពេល​លក់​ចេញ​នោះ​ឡើយ។

១. Lexus

  • ទទួល​បាន​ ៨១ ពិន្ទុ​
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Lexus IS
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Lexus LS

២. Mazda

  • ទទួល​បាន​ ៧៧ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Mazda MX-5 Miata
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Mazda3

២. Toyota

  • ទទួល​បាន​ ៧៧ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Corolla Hatchback
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ C-HR

៤. Porsche

  • ទទួល​បាន​ ៧៥ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Cayenne
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ 718 Boxster/718 Cayman

៥. Genesis

  • ទទួល​បាន​ ៧១ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ G70
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ G90

៦. Hyundai

  • ទទួល​បាន​ ៦៩ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Kona
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Tucson

៧. Subaru

  • ទទួល​បាន​ ៦៨ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ BRZ
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Ascent

៨. Dodge

  • ទទួល​បាន​ ៦៣ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Challenger
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Durango

៩. Kia

  • ទទួល​បាន​ ៦២ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Soul
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Stinger

១០. Mini

  • ទទួល​បាន​ ៥៩ ពិន្ទុ
  • ម៉ូដែល​​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Cooper
  • ​ម៉ូដែល​​​សូវ​គួរ​ទុក​ចិត្ត​ជាង​គេ​គឺ Countryman
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lamborghiniមានតែមួយគ្រឿងក្នុងលោក លេចមុខដាក់ដេញថ្លៃម្ដងទៀត

កាល​ពី​ឆ្នាំ ២០០៥ ក្រុមហ៊ុន Lamborghini បាន​បង្ហាញ​ចេញ​រថយន្ត​ Concept S នៅ​កម្មវិធី​រថយន្ត​ Geneva Motor Show។ ដោយ​សារ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ក្រុមហ៊ុន​អ៊ីតាលី​សម្រេច​ចិត្ត​ផលិត​រថយន្ត​នេះ ១០០ គ្រឿង។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ចំណាយ​លើ​ការ​ផលិត​ខ្ពស់ ទើប​ចុង​ក្រោយ​រថយន្ត​នេះ​មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក​។

រថយន្ត​ Concept S ដែល​មាន​តែ​មួយ​គ្រឿង ត្រូវ​បាន​លក់​ទៅ​ឲ្យ​អតិថិជន ហើយ​អតិថិជន​រូប​នោះ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​កម្មវិធី​ជួប​ជុំ​របស់ Lamborghini ជា​ច្រើន​លើក​ផង​ដែរ។ កន្លង​មក​រថយន្ត​បាន​ប្ដូរ​ម្ចាស់​ច្រើន​ដង​មក​ហើយ។ ការ​ប្ដូរ​លើក​ចុង​ក្រោយ​ដែល​គេ​ដឹង គឺ​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​ដែល​វា​លក់​ចេញ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​ក្នុង​តម្លៃ ១,៣២ លាន​ដុល្លារ។ ហើយ​ពេល​នេះ Concept S ត្រូវ​គេ​យក​ដាក់​លក់​ដេញ​ថ្លៃ​ម្ដង​ទៀត ក្នុង​កម្មវិធី​ធ្វើ​ឡើង​នៅ Abu Dhabi នា​ថ្ងៃ​ទី ៣០ វិច្ឆិកា​នេះ។

រថយន្ត​នៅ​តែ​មាន​សភាព​ថ្មី​ដោយ​​ទើប​រត់​បាន​ចម្ងាយ​​មិន​ដល់ ២០០ គីឡូម៉ែត្រ​​ឡើយ។ មិន​ទាន់​មាន​ការ​ប៉ាន់​ស្មាន​អំពី​តម្លៃ​ដែល​រថយន្ត​នេះ​អាច​លក់​បាន​នោះ​ទេ ប៉ុន្តែ​ច្បាស់​ជា​​លើស​ ១ លាន​ដុល្លារ​ជា​មិន​ខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ជ្រុលដៃបង្ហាញឡាន SUV អគ្គិសនីដំបូងរបស់ខ្លួន តម្លៃចាប់ពីជាង ៤ ម៉ឺនដុល្លារ

រថយន្ត​ Mustang Mach-E ដែល​ជា​រថយន្ត​ SUV អគ្គិសនី​ដំបូង​របស់​ Ford នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ប៉ុន្តែ​បុគ្គលិក​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន​បាន​ជ្រុល​ដៃ​បង្ហាញ​ចេញ​រូបរាង តម្លៃ និង​លក្ខណៈ​សម្បត្តិ​រថយន្ត​នេះ​មុន​បាត់​ទៅ​ហើយ។

កំហុស​បច្ចេកទេស​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​រថយន្ត Mustang Mach-E នេះ​មាន​រចនាបថ​អំពូល​​មុខ/​ក្រោយ ជា​អត្តសញ្ញាណ​របស់​រថយន្ត​ Mustang ប្រភេទ​ធម្មតា។ នៅ​ផ្នែក​ខាង​ក្នុង​មាន​បំពាក់​អេក្រង់​ធំ​មួយ​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន ហើយ​នៅ​ខាង​ក្រោយ​ចង្កូត​ក៏​មាន​អេក្រង់​តូច​មួយ​ដែរ ដែល​ដើរ​តួ​ជា​​កុងទ័រ​រថយន្ត។

​ម៉ូទ័រ​អគ្គិសនី​ប្រភេទ​ Base នៃ​រថយន្ត​នេះ​ អាច​បង្កើត​កម្លាំង​បាន​ ២៥៥ សេះ ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ​ និង​អាច​បន្ថែម​​លុយ​យក​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់​បាន។ Ford រំពឹង​ថា​រថយន្ត​អគ្គិសនី​នេះ​អាច​រត់​បាន​ចម្ងាយ ៣៧០ គ.ម ពេល​​វិល​តែ​កង់​ក្រោយ និង​បាន​ ៣៣៨ គ.ម ពេល​វិល​កង់​ទាំង​អស់។

រថយន្ត​នេះ​មាន​តម្លៃ​ចាប់​ពី ៤៣ ៨៩៥ ដុល្លារ​សម្រាប់​ប្រភេទ​ First Edition ដល់ ៦០ ៥០០ ដុល្លារ​សម្រាប់​ប្រភេទ GT។ ប្រភេទ​ដែល​មក​ដល់​មុន​គេ​នៅ​ចុង​ឆ្នាំ ២០២០ ខាង​មុខ​គឺ First Edition និង Premium ចំណែក​ប្រភេទ GT ចេញ​លក់​នៅ​អំឡុង​ឆ្នាំ ២០២១៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mazda CX-30 ទទួលលទ្ធផល “ល្អឥតខ្ជោះ” ពីការធ្វើតេស្តបុករបស់ Euro NCAP

ទីភ្នាក់ងារ European New Car Assessment Program (Euro NCAP) បានធ្វើតេស្តសុវត្ថិភាពលើរថយន្តថ្មីចំនួន ៤ម៉ូដែល គឺ Mazda CX-30, Mercedes-Benz GLB, Ford Explorer PHEV និង Opel Corsa។

រថយន្ត Mazda CX-30

ក្នុងនោះ រថយន្ត Mazda CX-30 បានឈរលើកំពូលតារាង ផ្នែកការពារអ្នកដំណើរពេញវ័យ (Adult Occupant Protection) ដោយទទួលបានពិន្ទុ៩៩ តែម្តង។ ក្រៅពីនេះ CX-30 ទទួលបានពិន្ទុ ៨៦ ផ្នែកការពារកុមារ, ៨០ ផ្នែកការពារអ្នកថ្មើរជើង និង ៧៧ ផ្នែក Safety Assist។

រថយន្ត Mercedes-Benz GLB

ក្រៅពីនោះ រថយន្ត Mercedes-Benz GLB និង Ford Explorer Hybrid ក៏ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ដែរ។ GLB ទទួលបានពិន្ទុ ៩២, ៨៨, ៧៨ និង ៧៤ ខណៈ Explorer Hybrid ទទួលបានពិន្ទុ ៨៧, ៨៦, ៦១ និង ៧៦ លើផ្នែកទាំង៤ ខាងលើ។

រថយន្ត Ford Explorer Hybrid

ដោយឡែក រថយន្ត Opel Corsa ទទួលបានត្រឹមចំណាត់ថ្នាក់ផ្កាយ៤ ប៉ុណ្ណោះ ជាមួយនឹងពិន្ទុ ៨៤, ៨៦, ៦៦ និង ៦៩៕

រថយន្ត Opel Corsa
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានជប៉ុនមួយ អាចរត់ពីកុងទ័រ ០-១០០គ.ម៉/ម៉ ប្រើពេលមិនដល់ ២វិនាទី

ក្រុមហ៊ុនរថយន្តអគ្គិសនីជប៉ុនដ៏អាថ៌កំបាំងមួយ មានឈ្មោះថា Aspark បានបញ្ចេញគំរូរថយន្តស្ព័រអគ្គិសនី ម៉ូដែល Owl កាលពីឆ្នាំ២០១៧។ ស្ថិតនៅជារថយន្តគំរូ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១,៩វិនាទី។

ឥឡូវនេះ រថយន្ត Aspark Owl ដែលបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីក្រុង Dubai ជាមួយកម្លាំង ១ ៩៨៤សេះនេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៦៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបើកបរបានចម្ងាយ ៤៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញ ជាមួយខ្សែសាកកម្លាំង 44KW ក្នុងរយៈពេលត្រឹម ៨០នាទីប៉ុណ្ណោះ។

Aspark Owl នឹងត្រូវផលិតតែ ៥០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃខ្លួន ៣ ១៨៨ ០០០ដុល្លារ។ បើតាមក្រុមហ៊ុន Aspark បានអះអាងថា Owl របស់ខ្លួនមិនត្រឹមតែជារថយន្តអាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រលឿនបំផុតទេ ថែមទាំងជារថយន្តស្ព័រអគ្គិសនីអាចបើកបរតាមផ្លូវស្របច្បាប់ មានកម្ពស់ទាបបំផុតលើលោកទៀតផង ពោលគឺត្រឹមតែ ៩៩សង់ទីម៉ែត្រប៉ុណ្ណោះពីដី។

លក្ខណៈពិសេសស្តង់ដារលើរថយន្តនេះមានដូចជា ចង្កៀង LED, ប្រព័ន្ធកាមេរ៉ា Rear Camera Mirror System (CMS), ផែនទី, ទូរទស្សន៍៤, ប្រព័ន្ធភ្លើង Ambient Lighting, Keyless-go, ប្រព័ន្ធ Battery Monitoring System (BMS), Tire Pressure Monitoring System (TPMS), ESP, ABS, TCS និង Steering Assistance ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់​ហើយ! រថយន្ត​ភីកអាប់​របស់ Hyundai នឹងចេញលក់ឆ្នាំ ២០២១

Hyundai បាន​បញ្ជាក់​ថា​រថយន្ត​ភីកអាប់​ម៉ូដែល Santa Cruz ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​យូរ​មក​ហើយ​នោះ នឹង​ត្រូវ​ចាប់​ផ្ដើម​ផលិត​នៅ​ឆ្នាំ ២០២១ និង​ចេញ​លក់​ឆ្នាំ​ដូច​គ្នា ដែល​ការ​ផលិត​នឹង​ធ្វើ​ឡើង​នៅ​រោងចក្រ​ក្នុង​​រដ្ឋ Alabama សហរដ្ឋអាមេរិក។

រថយន្ត Hyundai Santa Cruz បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ Concept នៅ​ឆ្នាំ ២០១៥ ក្នុង​កម្មវិធី Detroit Auto Show ហើយ​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​ពី​ពេល​នោះ​មក ដោយ​សារ​មាន​រូបរាង​ប្លែក។

រោងចក្រ​នៅ Alabama នឹង​ទទួល​បាន​ទឹក​ប្រាក់ ៤១០ លាន​ដុល្លារ លើ​ការ​ពង្រីក​សង្វាក់​ផលិតកម្ម​ ដើម្បី​ផលិត​រថយន្ត​ភីកអាប់​នេះ ដែល​វា​អាច​ជួយ​បង្កើត​ការងារ​​ថ្មី​ចំនួន ២០០ កន្លែង។ រោងចក្រ​នៅ Alabama នេះ បច្ចុប្បន្ន​មាន​ផលិត​រថយន្ត​ម៉ូដែល Santa Fe, Sonata និង Elantra៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បញ្ឈប់​ការផលិតរថយន្តម៉ូដែល Ghost ជំនាន់ទីមួយ

Rolls-Royce បាន​ប្រកាស​ឲ្យ​ដឹង​ថា​សង្វាក់​ផលិតកម្ម​នៃ​រថយន្ត​ម៉ូដែល​ Ghost ជំនាន់ទីមួយ ត្រូវ​បាន​បញ្ចប់​ហើយ​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រថយន្ត​ Ghost ជំនាន់​ទី​ពីរ។

ក្រុមហ៊ុន​បាន​ប្រាប់​អំពី​ផែនការ​ ដែល​គ្រោង​នឹង​បង្ហាញ​ចេញ​ Rolls-Royce Ghost ថ្មី​ប្រភេទ Black Badge នៅ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​បុរាណ NEC Classic Motor Show នៅ​ឆ្នាំ​​នេះ ដើម្បី​អបអរ​ខួប​ ១០ ឆ្នាំ នៃ​សង្វាក់​ផលិតកម្ម​ផលិត​រថយន្ត​ម៉ូដែល Ghost នេះ និង​ជា​ការ​បញ្ចប់​ការ​ផលិត​ផង​ដែរ។

រថយន្ត​​ម៉ូដែល Ghost បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Frankfurt Motor Show នា​ឆ្នាំ ២០០៩ ដែល​វា​​ជា​ម៉ូដែល​មាន​គួប​ផ្សំ​នូវ​ប្រណីតភាព​របស់ Rolls-Royce ជា​មួយ​តម្លៃ​ធូរ​។ សម្រាប់ Ghost ជំនាន់​ថ្មី​គឺ​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី ប៉ុន្តែ​រូបរាង​ទាំង​ស្រុង​របស់​វា​ទំនង​ជា​មិន​ផ្លាស់​ប្ដូរ​ខ្លាំង​នោះ​ឡើយ អាច​មាន​ការ​ផ្លាស់​ប្ដូរ​អំពូល​មុខ​ក្រោយ ឲ្យ​ទាន់​សម័យ​ជាង​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ចេញឡានស្ព័រថ្មី អត់ដំបូល អត់កញ្ចក់មុខ តែតម្លៃជិត ២លានដុល្លារ

ក្រុមហ៊ុន McLaren បានប្រកាសចេញរថយន្តស្ព័រម៉ូដែលថ្មី Elva ដោយផលិតមានចំនួនកំណត់ទៀតផង។

រថយន្ត McLaren Elva បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-Turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៨០៤សេះ ប្រើប្រអប់លេខ Dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ។ រថយន្តស្ព័ររបស់អង់គ្លេសនេះនឹងត្រូវផលិតតែ ៣៩៩គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ១ ៦៩០ ០០០ដុល្លារ។

McLaren Elva គឺជារថយន្តដំបូងបង្អស់ដែលបំពាក់ប្រព័ន្ធគ្រប់គ្រងខ្យល់ Active Air Management System (AAMS) ដែលបញ្ចូនខ្យល់តាមរយៈច្រមុះរថយន្ត ទៅខាងលើ និងរំលងកាប៊ីនរថយន្ត ដូចជាកញ្ចក់សប្បនិម្មិតអីចឹង។

សូមបញ្ជាក់ថា រថយន្តនេះគ្មានដំបូល និងកញ្ចក់មុខឡើយ ប៉ុន្តែ McLaren ក៏នឹងផ្តល់ Option កញ្ចក់មុខដែរ។ រថយន្ត McLaren Elva នឹងចេញលក់នៅចុងឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ចេញរថយន្តស្ព័រថ្មីម៉ូដែល Roma រចនារូបរាងប្លែក ឯកម្លាំងជាង ៦០០សេះ

Ferrari បានប្រកាសចេញរថយន្តស្ព័រស៊េរីចុងក្រោយបង្អស់របស់ខ្លួនជាផ្លូវការ មានឈ្មោះថា Roma។ ថ្វីបើមិនបាននិយាយអ្វីច្រើនពីវា ប៉ុន្តែ Ferrari Roma មានការរចនាថ្មីប្លែក ខុសពីរថយន្ត Ferrari ដទៃទៀត។

Roma មានរូបរាងខាងមុខបែប Aerodynamic និង ប៉ាណាប្រភេទ Retro យ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះ ចង្កៀងបំភ្លឺពេលថ្ងៃ Daytime Running Lights របស់វា ស្ថិតនៅចន្លោះចង្កៀងមុខ មើលទៅហាក់បីដូចជាអណ្តែតអីចឹង។

ចំណែកឯផ្នែកខាងក្រោយ Roma បានរចនាដំបូលបែបទាល ជាមួយនឹងការបំពាក់ចង្កៀងក្រោយ LED យ៉ាងស្រស់ស្អាត និងបំពង់ស៊ីម៉ាំងដល់ទៅ៤ ឯណោះ។

ដោយឡែក ផ្នែកខាងក្នុង រថយន្តអ៊ីតាលីនេះក៏បំពាក់បច្ចេកវិទ្យាទំនើបៗដែរ ដូចជា កុងទ័រឌីជីថល, ប្រព័ន្ធ Infotainment System បញ្ឈរថ្មី ហើយអ្នកដំណើរមុខក៏មានប្រព័ន្ធ Infotainment System ផ្ទាល់ខ្លួនផងដែរ។

សូមបញ្ជាក់ថា រថយន្ត Ferrari Roma ថ្មី នឹងប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ Turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦១២សេះ ប្រើប្រអប់លេខ Dual-clutch ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៤វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+