ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ឆ្នាំ ២០២០ កាន់តែទំនើប តម្លៃជាង ២ ម៉ឺនដុល្លារ

Subaru ទើបតែបានបញ្ចេញ SUV ស៊េរីថ្មីរបស់ខ្លួន Forester ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដែលមានតម្លៃចាប់ពី ២៤ ៤៩៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក។

Subaru Forester ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំង កម្លាំង ១៨២សេះ ប្រើប្រអប់លេខអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ Symmetrical AWD។

វាបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ EyeSight ថ្មី ដែលបន្ថែមមុខងារ Lane Centering និង មុខងារ Lane Departure Prevention ជាដើម។

ក្រៅពីនោះ Forester ថ្មី ក៏បំពាក់មុខងារ Rear Seat Reminder ដែលរំលឹកអ្នកបើកបរឲ្យពិនិត្យមើលកៅអីក្រោយ មុនពេលចាកចេញពីរថយន្ត និង មុខងារពិនិត្យសម្ពាធកង់រថយន្ត Tire Pressure Monitoring System ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Explorer Hybrid ឆ្នាំ ២០២០ ស៊ីប្រេងតិចត្រឹម ៨លីត្រ/១០០គ.ម៉

Ford Explorer ប្រភេទ Hybrid ស៊េរីឆ្នាំ ២០២០ ទទួលបានតួលេខនៃកម្រិតស៊ីប្រេងរបស់ខ្លួនជាផ្លូវការពី ទីភ្នាក់ងារ EPA។

Ford Explorer Limited Hybrid ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ ទំហំ ៦ស៊ីឡាំង កម្លាំង ៣១៨សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។

យោងតាម EPA រថយន្ត Ford Explorer Limited Hybrid ប្រភេទប្រើប៉ុងមួយ មានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ ៨,៧លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ កម្រិតស៊ីប្រេងប៉ុណ្ណេះ ធ្វើឲ្យវាអាចបើកបានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្ររាល់ពេលចាក់សាំងមួយពេញ។

រីឯ រថយន្ត Ford Explorer Limited Hybrid ប្រភេទប្រើប៉ុងពីរវិញ មានកម្រិតស៊ីប្រេងជាមធ្យម ១០,២លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ភីកអាប់អគ្គិសនីរបស់ Ford រំពឹងថាចេញលក់ឆ្នាំ ២០២១

កាល​ពី​ដើម​ឆ្នាំ Ford បាន​បញ្ជាក់​អំពី​ផែនការ​ផលិត​រថយន្ត​​ F-150 មួយ​គ្រឿង​ជា​ប្រភេទ​អគ្គិសនី​សុទ្ធ ហើយ​ ៦ ខែ​ក្រោយ​មក​ ពួក​គេ​បាន​បង្ហាញ​អំពី​ថាមពល​របស់​រថយន្ត​ដែល​អាច​អូស​សណ្ដោង​ទម្ងន់​ ៥០០ តោន​បាន។

នៅ​ពេល​នេះ​ ការ​ចុះ​ផ្សាយ​របស់ Auto News បាន​បង្ហាញ​ថា​រថយន្ត F-150 ​ប្រើ​​អគ្គិសនី​សុទ្ធ​​នឹង​បង្ហាញ​មុខ​លឿន​បំផុត​នៅ​​ឆ្នាំ ២០២១ ប្រមាណ​ជា​ ១ ឆ្នាំ​បន្ទាប់​ការ​បង្ហាញ​ចេញ​រថយន្ត​ SUV អគ្គិសនី​របស់ Ford។ នេះ​​ផ្អែក​តាម​ការ​លើក​ឡើង​របស់​ Ted Cannis អ្នក​ដឹក​នាំ​ផ្នែក​​​ផលិត​រថយន្ត​អគ្គិសនី​របស់ Ford។

​​ជា​ការ​បើ​កផ្លូវ​សម្រាប់​រថយន្ត​ F-150​ ​ប្រភេទ​អគ្គិសនី គឺ​ក្រុមហ៊ុន​នឹង​បញ្ចេញ​ F-150 ប្រភេទ Hybrid ជា​មុន​ នៅ​ឆ្នាំ ២០២០។ ​គេ​បាន​កំណត់​គោលដៅ​ថា​នឹង​វាយ​លុក​ទីផ្សារ​មជ្ឈិមបូព៌ា​ និង​អាមេរិក​ខាង​ជើង ដែល​វា​នឹង​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​សណ្ដោង និង​ដឹក​ទំនិញ​ធ្ងន់​ៗ​ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ចេញសារឌឺដងរថយន្តអគ្គិសនីដំបូងរបស់ Porsche

រថយន្ត Taycan បាន​បង្ហាញ​​មុខ​ដល់​ពិភពលោក​ជា​ផ្លូវ​ការ ដែល​វា​ជា​រថយន្ត​​ទ្វារ​បួន​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ដំបូង​របស់ Porsche។ រថយន្ត​នេះ​មន​រូបរាង​ទាក់ទាញ និង​សមត្ថភាព​ខ្លាំង ប៉ុន្តែ​លោក Elon Musk ម្ចាស់​ក្រុមហ៊ុន Tesla បាន​បញ្ចេញ​សារ​​ឌឺដង​លើ​ផ្នែក​មួយ​របស់​រថយន្ត។

លោក Elon បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​ថា​ ៖ “អឹម Porsche! ពាក្យ Turbo មិន​មែន​មាន​ន័យ​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ទេ”។ លោក​ Elon Musk ចង់​សំដៅ​ដល់​ការ​ដាក់​ឈ្មោះ Turbo លើ​រថយន្ត Taycan ខណៈ​ដែល​រថយន្ត​នេះ​មិន​មាន​ Turbocharger ផង​នោះ។

លោក​នាយក​ប្រតិបត្តិ​ខាង​លើ​បាន​បន្ត​សរសេរ​ថា​ Model S របស់​ខ្លួន​នឹង​ត្រូវ​រត់​សាក​ល្បង​នៅ​ Nurburgring សប្ដាហ៍​ក្រោយ​នេះ។ ជា​ការ​ឲ្យ​តម្រុយ​ថា Tesla ចង់​​ផ្ដួល​​កំណត់​ត្រា​ដែល Taycan កំពុង​កាន់​កាប់​បច្ចុប្បន្ន។ កាល​ពី​ខែ​មុន Porsche បាន​ប្រកាស​ថា​រថយន្ត Taycan បាន​បញ្ចប់​ការ​បើកបរ​លើ​ទីលាន Nurburgring ដោយ​ប្រើ​ពេល ៧ នាទី ៤២ វិនាទី។ ថេរវេលា​នេះ​លឿន​គ្រប់គ្រាន់​នឹង​ឲ្យ​ Taycan ក្លាយ​ជា​រថយន្ត​​អគ្គិសនី​ទ្វារ​បួន​ល្បឿន​លឿន​មួយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំរថយន្ត កំណត់ដោយខ្សែក្រវ៉ាត់ឬ? តាមពិតទៅ…

តាមពិតទៅ ពាក្យជាច្រើនសម្រាប់ការប្រើប្រាស់ក្នុងការហៅ ឬកត់សម្គាល់ជាច្រើនដូចជា Full Option ឬ Half Option ត្រូវបានយកមកប្រើប្រាស់ ហើយក៏មានការកំណត់ឆ្នាំរថយន្តទៅតាមខ្សែក្រវ៉ាត់ផងដែរ។ ដូចនេះថ្ងៃនេះ ខេមបូ អូតូ សូមធ្វើការបកស្រាយចម្ងល់មួយនេះអោយច្បាស់ ហើយសង្ឃឹមថាប្រិយមិត្តងាយយល់ផងដែរ។ តាមពិតទៅ ខ្សែក្រវ៉ាត់របស់រថយន្ត គ្រាន់តែបញ្ជាក់ពីឆ្នាំផលិតរបស់ខ្សែក្រវ៉ាត់ប៉ុណ្ណោះ ហើយវាមិនអាចទៅរួចទេប្រសិនបើនៅឆ្នាំ ២០១៩ ហើយខ្សែក្រវ៉ាត់ឆ្នាំ ២០២០នោះ។ ដូចនេះ ការកំណត់ឆ្នាំរបស់រថយន្ត គឺអាស្រ័យលើក្រុមហ៊ុននីមួយៗ តែប៉ុណ្ណោះ។ ឧទាហរណ៌៖ ប្រសិនបើឆ្នាំ ២០១៩ តែក្រុមហ៊ុនប្រកាស ម៉ូដែលឆ្នាំ២០២០ ប្រាកដណាស់ខ្សែក្រវ៉ាត់គឺឆ្នាំ ២០១៩ មិនអាចមានឆ្នាំខ្ពស់ជាងនេះឡើយ អ្វីដែលក្រុមហ៊ុនអាចធ្វើបានគឺមានក្រដាសពន្ធនាំចូលដោយកំណត់នៅលើនោះថា ម៉ូដែលឆ្នាំ២០២០។

នេះជាអ្វីដែលក្រុមការងារបានធ្វើការពិនិត្យ និងស្រាវជ្រាវ ប្រសិនបើលោកអ្នកមានមតិឬចម្ងល់អាចធ្វើការផ្តល់មតិនៅខាងក្រោមនេះបាន!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati Levante Vulcano ម៉ូដែលពិសេស ផលិតតែ ១៥០គ្រឿងគត់

Maserati ទើប​តែ​បាន​បញ្ចេញ SUV ម៉ូដែល​ពិសេស​របស់​ខ្លួន គឺ Levante Vulcano ដែល​នឹង​ផលិត​ត្រឹមតែ ១៥០ គ្រឿង​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​អឺរ៉ុប និង​អាស៊ី។

Maserati Levante Vulcano ​នឹង​មាន​តម្លៃ​ចាប់​ពី ១០៩ ៩០០ ដុល្លារ ដែលថ្លៃ​ជាង​ម៉ូដែល Levante ធម្មតា ៣៤ ៨០០ ដុល្លារឯណោះ។

Levante Vulcano មាន​តួ​ខ្លួន​ពណ៌​ប្រផេះ (Grigio Lava) និង​បំពាក់​កញ្ចប់ Option “Nerissimo” ដែល​បន្ថែម​ពណ៌​ខ្មៅ​ដល់​ផ្នែក​ខាង​ក្រៅ​របស់​វា។ វា​បំពាក់​យ៉ាន់​អាលុយមីញ៉ូម​មានរាង​ជា​អក្សរ “Y” ទំហំ ២១ អ៊ីញ ប្រភេទ Five-spoke យ៉ាង​ស្រស់​ស្អាត ព្រម​ទាំង​ប្រើ​ហ្វ្រាំង Brembo ពណ៌​ក្រហម​ទៀត​ផង។

Levante Vulcano ផ្តល់​ជ្រើស​រើស​​ផ្នែក​ខាង​ក្នុង​ជាស្បែក​ពណ៌​ខ្មៅ និង​ថ្នេរ​ដេរ​ពណ៌​ក្រហម ឬ ស្បែក​ពណ៌​ក្រហម និង​ថ្នេរ​ដេរ​ពណ៌​ខ្មៅ​វិញ។

SUV ដ៏​ពិសេស​នេះប្រើ​​ចង្កៀង ប្រភេទ Full-LED Matrix មក​ស្តង់ដារ ជាមួយ​នឹង សេនសឺ​ចូល​ចត​មុខ-ក្រោយ , ទ្វា​ប៊ឺត , ប្រព័ន្ធ​សំឡេង Bowers&Wilkins ព្រម​ទាំង កៅអី​មាន​មុខងារ​កម្តៅ និង​បញ្ចេញ​ខ្យល់ ជា​ដើម។

សូមបញ្ជាក់ថា Maserati Levante Vulcano ​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង ​កម្លាំង ៤២៤ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្លៃជាងជិត ១០ ម៉ឺនដុល្លារ ប៉ុន្តែ Porsche Taycan មាន ៣ ចំណុចចាញ់ Tesla Model S

រថយន្ត Taycan របស់​ Porsche គឺ​ជា​រថយន្ត​អគ្គិសនី​ប្រណីត​ដំបូង​របស់​ក្រុមហ៊ុន។ រថយន្ត​នេះ​ត្រូវ​បាន​គេ​យក​ប្រៀប​ធៀប​ទៅ​នឹង​ Model S របស់​ក្រុមហ៊ុន Tesla ដែល​ជា​រថយន្ត​អគ្គិសនី​មហាកម្លាំង​មួយ។

គេ​បាន​ធ្វើ​ការ​ប្រៀបធៀប Tesla Model S ទៅ​នឹង Porsche Taycan Turbo S ដែល​មាន​តម្លៃ​ខុស​គ្នា​ជិត ១០ ម៉ឺន​ដុល្លារ​ឯណោះ។ Taycan Turbo S មាន​តម្លៃ​ចាប់​ពី ១៨៥ ០០០ ដុល្លារ ចំណែក Tesla Model S មាន​តម្លៃ​ចាប់​ពី ៩៩ ៩៩០ ដុល្លារ។

តម្លៃ​ថ្លៃ​ជាង​មែន ប៉ុន្តែ Tesla Model S មាន​ចំណុច​នាំ​មុខ​ជា​ច្រើន​ដូច​ជា​វា​អាច​ស្ទុះ​ពី ០ – ៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ២,៤ វិនាទី ខណៈ​ Taycan Turbo S ប្រើ​ពេល ២,៦ វិនាទី។ ល្បឿន​អតិបរមា​ក៏​ Tesla Model S ខ្លាំង​ជាង​ដែរ​ ពោល ១៦៣ ម៉ាយ/ម៉ ធៀប​នឹង ១៦២ ម៉ាយ/ម៉។

ថាមពល​អាគុយ​របស់ Tesla Model S អាច​បើកបរ​បាន​ចម្ងាយ​បាន​ ៥៥៥ គីឡូម៉ែត្រ ពេល​សាក​ពេញ​ម្ដង ចំណែក​ Taycan Turbo S វិញ​បើកបរ​បាន​ចម្ងាយ​ត្រឹម​ ៤០២ គីឡូម៉ែត្រ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្តប្រណីត BMW 7-Series ឆ្នាំ ២០២០ រចនាថ្មីកាន់តែស្អាត

BMW បានបញ្ចេញកំពូលរថយន្តប្រណីតរបស់ខ្លួន គឺ 7-Series ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ ជាមួយនឹង​ការ​រចនា​ថ្មី ជា​ពិសេស​នៅ​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ ជួយ​ឲ្យ​វា​កាន់​តែ​ប្រណីត និង​ស័ក្កិសម​ឥតខ្ចោះ​តែម្តង។

ប៉ាណា​ផ្នែក​ខាង​មុខ​ថ្មីមាន​ទំហំ​ធំ​ជាង​មុន​ខ្លាំងដល់ទៅ ៤០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ស៊េរី​មុន។ ផ្នែក​ខាង​ក្រោយ​វិញ BMW បញ្ជាក់​ថា របា​ក្រូម​មានទំហំ​ក្រាស់​ជាង​មុន ហើយ​ចង្កៀង LED ​មាន​រាង​ស្លីម​ជាង​មុន និង​មាន​របា LED ដ៏​តូច​មួយ​ទៀតរត់​កាត់​ទទឹង​ផ្នែក​ខាង​ក្រោយ​នោះ​ទៀត​ផង។

BMW 7-Series ប្រភេទ​ធម្មតា និង Long Wheelbase ថ្មី សុទ្ធ​​តែ​មាន​ប្រវែង​វែង​ជាង​ស៊េរី​ចាស់ ២២ មីល្លីម៉ែត្រ ប៉ុន្តែ​ទំហំ​ទទឹង និង​កម្ពស់​នៅ​ដដែល។

​ផ្នែក​ខាង​ក្នុងរឹត​តែ​ពិសេស​អស្ចារ្យ ជាមួយ​​ការ​រចនា និង​រៀបចំ​បាន​យ៉ាង​ល្អឥតខ្ចោះ បូក​រួម​ទាំង​ប្រណីត និង​ទំនើប​ខ្លាំង​បំផុត ហើយស្ងាត់​ជាង​មុន​ផង​ដែរ។ វា​បំពាក់​ដៃ​ចង្កូត​ថ្មី​ ​មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន, អេក្រង់ Infotainment System ប្រភេទ Touchscreen ទំហំ ១០,២៥ អ៊ីញ ដំណើរការ​ដោយ​ប្រតិបត្តិការណ៍​របស់ BMW ជំនាន់​ចុងក្រោយ​បង្អស់ និង កុងជ័រ​ឌីជីថល ទំហំ ១២,៣ អ៊ីញ។

អ្នកដំណើរ​ផ្នែក​ខាង​ក្រោយក៏ទទួល​បាន​អេក្រង់ Touchscreen ទំហំ ១០ អ៊ីញ ប្រភេទ Full HD ម្នាក់​មួយ​ទៀត​ផង។

BMW ​បន្ថែម​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត គឺ ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) សម្រាប់​ម៉ូដែល 750i xDrive និង 750Li xDrive កម្លាំង​ ៥២៣ សេះ។ រីឯ​ម៉ូដែល 745e ដែល​ជា​ប្រភេទ Plug-in Hybrid ប្រើ​ម៉ាស៊ីន​ទំហំ ៦ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ ​កម្លាំងសរុប ៣៨៨ សេះ។

ក្រៅ​ពី​នោះ នៅ​មាន​ជម្រើស​ម៉ាស៊ីន​ធំ​សម្រាប់​ម៉ូដែល M760Li xDrive គឺ​ម៉ាស៊ីន​សាំង​ចំណុះ ៦,៦ លីត្រ ទំហំ ១២ ស៊ីឡាំង (V12) កម្លាំង​ ៥៧៧ សេះ ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៨ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​ដល់​ទៅ ៣០៥ គីឡូម៉ែត្រ។

ចំពោះ​ទីផ្សារ​អឺរ៉ុប​វិញ មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង (Straight-six) ចំនួន ៣ គឺ ម៉ូដែល 730d ប្រើ Turbocharger មាន​កម្លាំង ២៦០ សេះ , ម៉ូដែល 730d ប្រើ Twin-turbo មាន​កម្លាំង ៣១៦ សេះ និង ម៉ូដែល 750d ប្រើ Turbocharger ដល់​ទៅ ៣ មាន​កម្លាំង ៣៩៤ សេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti Chiron កន្ទុយវែងអាចរត់ដល់ ៥១៥ គ.ម/ម៉ ប្រសិនបើកលើផ្លូវផ្សេងមួយទៀត

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​រថយន្ត Bugatti Chiron ដែល​មាន​កន្ទុយ​វែង​ជាង​ធម្មតា បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​រថយន្ត ​ក្រោយ​ពី​គេ​ដឹង​ថា​វា​អាច​រត់​បាន​ដល់​ល្បឿន ៤៩០ គ.ម/ម៉ ជា​ល្បឿន​លឿន​ដាច់​គេ​មួយ​សម្រាប់​រថយន្ត។

ពេល​នេះ Bugatti បាន​ចេញ​មុខ​​បក​ស្រាយ​ថា​រថយន្ត Chiron កន្ទុយ​វែង​នេះ អាច​រត់​ដល់​ល្បឿន​លឿន​ជាង​នេះ​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ទីតាំង​ផង​ដែរ។ Bugatti សម្រេច​រើស​យក​ទីលាន Ehra-Lessien សម្រាប់​រត់​រថយន្ត​របស់​ខ្លួន ដោយ​ពួក​គេ​ជឿជាក់​ថា​វា​ជា​កន្លែង​សុវត្ថិភាព​មួយ​ក្នុង​លោក​។

យ៉ាងណាក្ដី​ទីលាន​ខាង​លើ​មាន​កម្ពស់ ៥០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​នីវ៉ូ​ទឹក​សមុទ្រ។ ចំណែក​ឯ​ដង​ផ្លូវ​នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក ដែល​រថយន្ត​ Koenigsegg Agera RS បង្កើត​កំណត់​ត្រា​ជា​ច្រើន​សា​នោះ មាន​កម្ពស់ ១ ០៣៦ ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ។ Bugatti បាន​បង្ហាញ​ថា​ ​ផ្លូវ​​មាន​កម្ពស់​រឹត​តែ​ខ្ពស់ កម្រិត​​អូស​ទាញ​នៃ​ខ្យល់​មាន​កាន់​តែ​ទាប ដោយ​សារ​​ឡើង​កាន់​តែ​ខ្ពស់​សម្ពាធ​ខ្យល់ និង​ដង់ស៊ីតេ​ខ្យល់​មាន​កាន់​តែ​ទាប។

ក្រោយ​ការ​គិត​គូរ​មើល​ Bugatti ជឿជាក់​ថា​រថយន្ត Chiron កន្ទុយ​វែង​របស់​ខ្លួន អាច​បើកបរ​បាន​ល្បឿន​លឿន​ជាង​មុន ២៥ គ.ម/ម៉ ទៀត ដែល​​មាន​ន័យ​ថា Chiron ដែល​កែ​ប្រែ​ជា​ពិសេស​របស់​ Bugatti អាច​រត់​ដល់​ល្បឿន ៥១៥ គ.ម/ម៉។ យ៉ាងណាក្ដី​​​ផ្លូវ​នៅ Nevada មាន​​ចម្ងាយ​ឆ្ងាយ និង​បើកបរ​បាន​តែ​មួយ​ទិស​ ដូច​នេះ​ក្រុម​សង្គ្រោះ​បន្ទាន់​អាច​ប្រើ​ពេល​យូរ​ដើម្បី​ទៅ​ដល់​កន្លែង​មាន​គ្រោះ​ថ្នាក់។ ដោយ​គិត​គូរ​ករណី​នេះ​ទើប Bugatti មិន​រត់​នៅ Nevada ហើយ​មក​រត់​នៅ​ទីលាន​ Ehra-Lessien វិញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំងអស់នៅឆ្នាំ ២០២៥ នឹងមានមុខងាររំឮកអ្នកបើកបរពីកៅអីក្រោយ

ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​បាន​បង្ហាញ​ចេញ​​បច្ចេកវិទ្យា Rear Seat Reminder (រំឭក​អ្នក​បើកបរ​អំពី​កៅអី​ជួរ​ខាងក្រោយ) កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បច្ចេកវិទ្យា​នេះ​នឹង​បន្ត​លេច​មុខ​លើ​រថយន្ត​ជា​ច្រើន។ នេះ​ក៏​ដោយ​សារ​សហគមន៍​​ក្រុមហ៊ុន​ផលិត​រថយន្ត​សកល​លោក (AAMAGA) បាន​សន្យា​ថា​នឹង​​​យក​មុខងារ​នេះ​ធ្វើ​ជា​ស្តង់ដារ​លើ​រថយន្ត​ទាំង​អស់​​ចាប់​ពី​ឆ្នាំ ២០២៥ ត​ទៅ។

ក្រុមហ៊ុន​​ផលិត​រថយន្ត​ដែល​បាន​ចូល​រួម​​ក្នុង​ការ​យល់​ព្រម​នេះ​រួម​មាន​ Alfa Romeo, American Honda, Audi, BMW, Fiat Chrysler Automobiles, Ford, GM, Hyundai, Jaguar Land Rover, Kia, Maserati, Mazda, Mercedes, Mitsubishi, Nissan, Porsche, Subaru, Toyota, Volkswagen និង Volvo។

​​ក្រុមហ៊ុន​ផលិត​រថយន្ត​​នីមួយ​នឹង​មាន​សិទ្ធ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ដាស់តឿន​នេះ​តាម​វិធី​របស់​ពួក​គេ។ ប្រព័ន្ធ​នីមួយៗ​នឹង​ត្រូវ​បញ្ចូល​មុខងារ​ដែល​កំណត់​មើល​ថា​នៅ​​កៅអី​អង្គុយ​ជួរ​ខាង​ក្រោយ​មាន​មនុស្ស ឬ​គ្មាន។ ប្រសិន​បើ​ប្រព័ន្ធ​ចាប់​បាន​ថា​មាន​ វា​នឹង​ផ្ដល់​ជា​សំឡេង ឬ​រូបភាព​​ដើម្បី​ដាស់តឿន​ដល់​អ្នក​បើកបរ​ឲ្យ​ពិនិត្យ​មើល​កៅអី​ខាង​ក្រោយ ក្រោយ​ពី​ពន្លត់​ម៉ាស៊ីន​រថយន្ត។

ការ​បង្កើត​បច្ចេកវិទ្យា​នេះ​ឡើង ក្រោយ​ពី​មាន​កុមារ​តូច​ៗ​ជាង ៨០០ នាក់​បាន​ស្លាប់​ដោយ​សារ​រលក​កម្ដៅ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៨ ហើយ​ការ​​​ស្លាប់​នេះ​ដោយ​សារ​តែ​ក្មេងៗ​ត្រូវ​បាន​អាណាព្យាបាល​ទុក​ចោល​នៅ​ក្នុង​រថយន្ត​ដោយ​អចេតនា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+