ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ភីកអាប់ Mercedes X-Class អាចនឹងត្រូវពិឃាធចោល

​រថយន្ត​ភីកអាប់​របស់​ ​Mercedes-Benz ម៉ូដែល X-Class អាច​នឹង​ត្រូវ​ជម្រុះ​ចោល ដោយ​សារ​តែ​ចំនួន​លក់​មាន​តិច​តួច ដែល​ធ្វើ​ឲ្យ​វា​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ដល់​ក្រុមហ៊ុន ត្បិត​ថា​ដាក់​លក់​តម្លៃ​ខ្ពស់​ក្ដី។

របាយការណ៍​ចេញ​ពី​អឺរ៉ុប ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​រថយន្ត Automative News បាន​​​ឲ្យ​ដឹង​ថា មាន​ប្រភព​លាក់​ឈ្មោះ​ដែល​ដឹង​ច្បាស់​ពី​រឿង​រ៉ាវ​ផ្ទៃ​ក្នុង បាន​អះអាង​ថា​ X-Class នឹង​ត្រូវ​បញ្ឈប់​ការ​លក់ និង​ផលិត ដោយ​សារ​ក្រុមហ៊ុន​​ចង់​កាត់​បន្ថយ​ការ​ចំណាយ។

​ឆ្នាំ ២០១៨ រថយន្ត​ម៉ូដែល X-Class អាច​លក់​ចេញ​បាន​ត្រឹម ១៦ ៧០០ គ្រឿង​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភពលោក។ ធៀប​នឹង​ Toyota អាច​លក់​​រថយន្ត​ភីកអាប់​ម៉ូដែល Hilux ​របស់​ខ្លួន បាន​ជិត ៥៥ ម៉ឺន​គ្រឿង​ទូទាំង​ពិភពលោក កាល​ពី​ឆ្នាំ​មុន។

X-Class ពិបាក​ជ្រៀត​ចូល​ទីផ្សារ​ដោយ​សារ​តែ​វា​មាន​តម្លៃ​ខ្ពស់ និង​មិន​សូវ​មាន​ចំណុច​លេច​ធ្លោ​ខ្លាំង។ ឧទាហរណ៍​រថយន្ត​ Ford Ranger និង Mitsubishi Triton មាន​បំពាក់​បច្ចេកវិទ្យា​ដែល​មិន​ទាន់​មាន​លើ Mercedes X-Class ដូច​ជា ​radar cruise control, lane-keeping assistance និង​ blind-zone warning ទោះ​បី​ជា​រថយន្ត​ពីរ​នេះ​មាន​តម្លៃ​ធូរ​ជាង​ក្ដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាន់ម៉ាឆ្ងាញ់! Ford Focus ST ប្រើម៉ាស៊ីន ២,៣ លីត្រ តែលឿនជាង Lexus 570 ទៀត!

កាលពីពេលថ្មីៗនេះ Ford បាន​បញ្ចេញរថយន្តស្ព័រខ្នាតតូច​ម៉ូដែល Focus ST ស៊េរីថ្មី ជាមួយនឹង​ម៉ាស៊ីន និង​តួ​ខ្លួន​ ២ ជម្រើស។

វា​​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,៣ លីត្រ​ថ្មី ជំនួស​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ​ចាស់ ហើយ​ប្រើ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៧៦ សេះ។ បើ​ធ្វើ​ការ​បៀបធៀប វា​មាន​កម្លាំង​ខ្លាំង​ជាង​មុន ១២% ដោយ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៦ វិនាទី​ប៉ុណ្ណោះ​សម្រាប់​ម៉ូដែល EcoBoost។

Focus ST បាន​ប្រើ​ប្រព័ន្ធ Electronic Limited-Slip Differential (eLSD) ដែល​ជួយ​ដល់​ការ​ទប់​លំនឹង ក៏​ដូច​ជា ជម្រើស​នៃ​ការ​បើកបរ Selectable Drive Modes ដូច​ជា Sport និង Track Drive Mode ជា​ដើម។

ក្រៅ​ពី​ជម្រើស​ម៉ាស៊ីន​សាំង Ford ក៏​ផ្តល់​ជា​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ចំណុះ ២,០ លីត្រ EcoBlue ផង​ដែរ ដែល​បង្កើត​កម្លាំង​បាន ១៨៧ សេះ ជា​ម៉ាស៊ីន​ម៉ាស៊ូត​មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​លើ Focus ST។ ម៉ាស៊ីន​ទាំង ២ ជម្រើស​នេះ នឹង​ប្រើ​ជាមួយ​លេខ​ដៃ ៦ វគ្គ​ស្តង់ដារ ឬ Option លេខ​អូតូ ៧ វគ្គ។

Focus ST ត្រូវ​បាន​ផលិត​ឡើង​លើ​គ្រោង​ឆ្អឹង C2 ថ្មី ដែល​មាន​បំពាក់​លើ​ម៉ូដែល Focus ស៊េរី​មុន ដោយ​កែប្រព័ន្ធ​បូម, ហ្វ្រាំង និង ដំណើរការ​យ៉ាង​ពិសេស។ Focus ST ស៊េរី​ថ្មី​នេះ​នឹង​មាន​ជា​ប្រភេទ Hatchback និង Wagon (ទ្វារ៥) ជាមួយនឹងតម្លៃចាប់ពី ៣២ ០០០ ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ផលិត Lamborghini ក្លែងក្លាយតម្លៃជាង ៤ ម៉ឺនដុល្លារ

សមត្ថកិច្ច​ប្រេស៊ីល​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​រថយន្ត​​ក្លែង​ក្លាយ​មួយ​កន្លែង។ ទីតាំង​នេះ​បង្កើត​ឡើង​ឪពុក និង​កូន​ប្រុស​ម្នាក់ ដែល​មាន​ទីតាំង​នៅ​រដ្ឋ​ Santa Catarina ហើយ​ឪពុក​និង​កូន​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​ផលិត​រថយន្ត​ក្លែងក្លាយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ក្លែង​ក្លាយ​ដែល​ផលិត​មាន​ដូច​ជា Ferrari និង Lamborghini ដែល​ឪពុក​​​កូន បាន​ដាក់​លក់​លើ​បណ្ដាញ​សង្គម​ក្នុង​តម្លៃ​ចន្លោះ​ពី ៤៥ ០០០ ដុល្លារ ទៅ ៦០ ០០០ ដុល្លារ។

គេ​មិន​បាន​បង្ហាញ​ឡើយ​ថា​ម៉ាស៊ីន​ប្រភេទ​ថា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​រថយន្ត​ស្ព័រ​ក្លែង​ក្លាយ​នេះ។ យ៉ាងណាក្ដី​បើ​តាម​រូបភាព​គេ​ឃើញ​ថា​រថយន្ត​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផលិត​ចុង​ក្រោយ មាន​លាប​ថ្នាំ​រលើបរលោង កៅអី​មាន​​ដេរ​ប៉ាក់​ដោយ​ឡូហ្គោ​​ ហើយ​ក៏​មាន​ឡូហ្គោ​ជា​ច្រើន​សម្រាប់​បិទ​ផង​ដែរ។

ទីតាំង​ផលិត​រថយន្ត​ក្លែង​ក្លាយ​នេះ​ត្រូវ​បាន​បង្ក្រាប​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​ទាំង ២។ នៅ​ពេល​ចុះ​បង្ក្រាប​គេ​រឹបអូស​បាន​រថយន្ត​ ៨ គ្រឿង ហើយ​មិន​មាន​ការ​បញ្ជាក់​ថា​កន្លង​មក​រថយន្ត​ក្លែង​ក្លាយ​លក់​ចេញ​បាន​ប៉ុន្មាន​គ្រឿង​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់បាត់! Honda CR-V Hybrid ដំបូងបង្អស់ ស៊ីសាំងតិចអស់ទាស់!

កាលពីពេលថ្មីៗនេះ Honda បានបញ្ចេញ SUV ស៊េរី​ថ្មី​ដំបូង​បង្អស់​ដែល​បំពាក់​ម៉ាស៊ីន Hybrid គឺ CR-V Hybrid ដែលជួយធ្វើឲ្យរថយន្តនេះរឹតតែស៊ីសាំងតិច។

CR-V Hybrid ដែលផលិតសម្រាប់ទីផ្សារ​អឺរ៉ុបនេះ បាន​បំពាក់​ម៉ាស៊ីន​សាំង i-VTEC ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រអគ្គិសនីមួយដែលបង្កើតកម្លាំងបានសរុប ១៨១ សេះ ហើយផ្តល់ជម្រើសប៉ុងមួយ FWD និង ប៉ុងពីរ AWD។

រថយន្ត CR-V ប្រើម៉ាស៊ីនកូនកាត់នេះ មានកម្រិតស៊ីសាំងត្រឹម ៥,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រចំពោះប្រភេទប៉ុងមួយ ខណៈប្រភេទប៉ុងពីរស៊ី ៥,៥ លីត្រ។

CR-V Hybrid មានតម្លៃចាប់ពី ៣៧ ០០០ ដុល្លារឡើងទៅ ដោយបំពាក់មកជាមួយនូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើន ដូចជា Adaptive Cruise Control, Collision Mitigation Braking និង Lane-Keeping Assistance ជាដើម ។ ក្រៅពីនោះគឺ យ៉ាន់ទំហំ ១៨ អ៊ីង, សេនស័រចូលចត, កាមេរ៉ាក្រោយ, មុខងារ Apple CarPlay និង Android Auto, Blind-Spot និង Cross-Traffic Monitoring ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មក​ស្គាល់​ឡាន​ Sedan ចំនួន ១០ ម៉ូដែល​ល្បឿន​លឿន​ជាង​គេ​លើ​ផែនដី

Sedan គឺ​ជា​​ប្រភេទ​រថយន្ត​សម្រាប់​​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ដោយ​ល្បឿន​របស់​វា​មិន​ជា​ខ្លាំង​ក្លា​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​ក៏​មាន​ប្រភេទ​រថយន្ត Sedan មាន​​ល្បឿន​ដល់​​ខ្ទង់ ៣០០ គ.ម/ម៉ ផង​ដែរ មិន​ចាញ់​រថយន្ត​ស្ព័រ​ប៉ុន្មាន​ឡើយ។

១. Alfa Romeo Giulia Quadrifoglio

  • ម៉ាស៊ីន Twin-Turbocharged ចំណុះ ២,៩ លីត្រ កម្លាំង ៥០៥ សេះ
  • ល្បឿន​អតិបរមា ៣០៧,៣ គ.ម/ម៉

២. Porsche Panamera Turbo S E-Hybrid ឆ្នាំ ២០១៩

  • ​ប្រើ​ប្រព័ន្ធ​ Hybrid ដែល​មាន​ម៉ាស៊ីន​ចំណុះ ៤,០ លីត្រ បង្កើត​កម្លាំង​បាន ៦៧៧ សេះ
  • ល្បឿន​អតិបរមា ៣០៩ គ.ម/ម៉

៣. Maserati Quattroporte GTS

  • ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៨ លីត្រ មាន ៨ ស៊ីឡាំង កម្លាំង ៥៣០ សេះ
  • ល្បឿន​អតិបរមា ៣១០ គ.ម/ម៉

៤. Mercedes AMG GT 63 S

  • ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,០ លីត្រ មាន ៨ ស៊ីឡាំង កម្លាំង ៦៣០ សេះ
  • ល្បឿន​អតិបរមា ៣១៥ គ.ម/ម៉

៥. Cadillac CTS-V Sedan ស៊េរី ២០១៩

  • ម៉ាស៊ីន Turbocharged ចំណុះ ៦,២ លីត្រ មាន ៨ ស៊ីឡាំង កម្លាំង ៦៤០ សេះ
  • ល្បឿន​អតិបរមា ៣២១ គ.ម/ម៉

៦. Jaguar XE SV Project 8

  • ម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ចំនួន ៨ ស៊ីឡាំង កម្លាំង ៦០០ សេះ
  • ​​​​​​​​ល្បឿន​អតិបរមា ៣២១ គ.ម/ម៉

៧. Dodge Charger SRT Hellcat ឆ្នាំ ២០១៥

  • ម៉ាស៊ីន Supercharged ចំណុះ ៦,២ លីត្រ មាន ៨ ស៊ីឡាំង កម្លាំង ៧០៧ សេះ
  • ល្បឿន​អតិបរមា ៣២៨,៣ គ.ម/ម៉

៨. Aston Martin Rapide AMR

  • ម៉ាស៊ីន​ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៦០៣ សេះ
  • ល្បឿន​អតិបរមា ៣៣០ គ.ម/ម៉

៩. Alpina B7

  • ម៉ាស៊ីន Bi-Turbo ចំណុះ ៤,៤ លីត្រ ចំនួន ៨ ស៊ីឡាំង​ កម្លាំង ៦០៨ សេះ
  • ល្បឿន​អតិបរមា ៣៣០ គ.ម/ម៉

១០. Bentley Flying Spur ឆ្នាំ ២០២០

  • ម៉ាស៊ីន​ Twin-Turbocharged ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំង កម្លាំង ៦៣៥ សេះ
  • ល្បឿន​អតិបរមា ៣៣៣ គ.ម/ម៉​
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley Bentayga ប្រើម៉ាស៊ីន Hybrid V6 ទំនើប និងខ្លាំងមិនធម្មតា!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Bentley បាន​បញ្ចេញរថយន្ត​ប្រើប្រាស់​ម៉ាស៊ីន​កូន​កាត់ Hybrid ដំបូង​បង្អស់​របស់​ខ្លួន គឺ Bentayga Hybrid។

រថយន្ត SUV ដ៏​ប្រណីត​នេះ ស្រដៀងទៅ​នឹង​រថយន្ត Porsche Panamera E-Hybrid អីចឹង ដោយ​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ Turbo ទំហំ ៦ ស៊ីឡាំង ជាមួយ​ម៉ូទ័រ​អគ្គិសនីកម្លាំង ៩៤ គីឡូវ៉ាត់ម៉ោង ព្រមទាំងអាគុយទំហំ ១៣ គីឡូវ៉ាត់ ដែល​បង្កើត​កម្លាំង​បាន ៤៤៣ សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,២ វិនាទិប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ វា​អាច​បើកបរ​បាន​ចម្ងាយ ៥០ គីឡូម៉ែត្រ​ដោយ​ប្រើ​អគ្គិសនី​សុទ្ធ ហើយ​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត ត្រឹមតែ ៧៥ ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូម៉ែត្រ នៅ​ពេល​ដំណើរការ​ទាំង​ម៉ាស៊ីន​ធម្មតា និង​ម៉ូទ័រ​អគ្គិសនី។

Bentayga Hybrid​ នឹង​ចំណាយ​ពេល ៧,៥ ម៉ោង ដើម្បី​សាក​ភ្លើងឲ្យ​ពេញ ប៉ុន្តែ​បើប្រើបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Quick-Charger នោះត្រូវប្រើពេលតែ ២,៥ ម៉ោង​ប៉ុណ្ណោះ។ វាផ្តល់​ជម្រើស​បើកបរ E Modes ចំនួន ៣ គឺ EV Drive , Hybrid និង Hold ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ថាមពល​ថ្ម៕

សូមបញ្ជាក់ថា រថយន្ត SUV ដ៏ទំនើប និងកម្លាំងខ្លាំងខាងលើនេះ មានតម្លៃចាប់ពី ១៥៦ ៩០០ ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើបកប់! ឡាន Audi A6 ឆ្នាំ ២០១៩ សម្បូរបច្ចេកវិទ្យាថ្មីៗ មិនចាញ់សិស្សច្បង A8

កាល​ពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Audi បាន​បញ្ចេញ​ម៉ូដែល A6 ស៊េរី​ឆ្នាំ ២០១៩ របស់​ខ្លួន​ជា​ផ្លូវការ។

Audi A6 ជំនាន់​ទី ៨ នេះ បាន​រចនា​រូបរាង​កាត់​តាម​ម៉ូដែល A7 និង A8 ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ គឺ មាន​ភាព​ច្បាស់លាស់ និង​សមសួន។ វា​មាន​ទំហំ​ធំ​ជាង​ម៉ូដែល​មុន​បន្តិច​បន្តួច គឺ ទំហំ ០,៥ អ៊ីញ , ប្រវែង ០,៣ អ៊ីញ និង កម្ពស់ ០,១ អ៊ីញ។ Audi បាន​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រោយ​កាន់​តែ​ប្រសើរ​ និងមាន​កន្លែង​ដាក់​ជើង​កាន់​តែ​ធំ​ទូលាយ​ជាង​មុន​ទៀត​ផង។

នៅ​ផ្នែក​ខាង​មុខ A6 បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​រចនា​បែប​ទាន់​សម័យ ដោយ​យក​គំរូ​ប៉ាណា​មុខ​ធំ​តាម ម៉ូដែល A7 និង​មាន​ចង្កៀង​មុខ​រាប​ស្មើ ហើយ​មាន​កន្លែង​ស្រូប​ខ្យល់​ចេញ​ចូល​ធំ ជួយ​ឲ្យ​រថយន្ត​កាន់​តែ​កាលីប។ វា​មាន​ជម្រើស​ចង្កៀង​មុខ​ចំនួន ៣ ខណៈ​ជម្រើស​ខ្ពស់​ជាង​គេ គឺ Matrix LED។

ដោយឡែក កាប៊ីន​ខាង​ក្នុង​បាន​ខ្ចី​ស្ទើរ​តែ​គ្រប់​យ៉ាង ពី​ម៉ូដែល A7 ដែល​វា​ជា​ចំណុច​ល្អ​ខ្លាំង​បំផុត។​​ ផ្នែក​ខាង​ក្នុង​របស់ A6 មាន​បំពាក់​អេក្រង់​ចំនួន ៣ គឺ អេក្រង់ Infotainment ទំហំ ១០,១ អ៊ីញ ជាមួយ​ប្រព័ន្ធ MMI , អេក្រង់​ទំហំ ៨,៦ អ៊ីញ នៅ​ផ្នែក​កណ្ដាល ប្រើ​សម្រាប់​គ្រប់គ្រង​ម៉ាស៊ីន​ត្រជាក់ និង មុខងារ​ផ្សេងៗ​ទៀត និង អេក្រង់​តាប្លូ​ទំហំ ១២,៣ អ៊ីញ ជាមួយ​បច្ចេកវិទ្យា Audi’s Virtual Cockpit។

អ្វី​ដែល​រឹតតែ​អស្ចារ្យ​នោះ​គឺ Audi A6 ស៊េរីឆ្នាំ ២០១៩ នេះ បាន​បំពាក់​បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ដោយ​ប្រើ Radar Sensor ៥ គ្រាប់ , កាមេរ៉ា ៥ គ្រាប់ , Ultrasonic Sensor ១២ គ្រាប់ និង Laser Scanner មួយ សម្រាប់​កញ្ចប់ Option ជំនួយ​ការ​ចត (Park Assist)។

A6 ជំនាន់​ទី ៨ ដ៏​ថ្មី​ស្រឡាង​នេះ ​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Turbocharged TFSI ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៤០ សេះ ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៧ វគ្គ ប្រភេទ S Tronic Transmission និង​ប្រើ​ប៉ុង ២ (AWD)។ សន្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វា​ប្រើ​ពេល​ត្រឹមតែ ៥,១ វិនាទី​ប៉ុណ្ណោះ ហើយ​អាច​រត់​ដល់​ល្បឿន​អតិបរិមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចំណែក​ឯ​មួយ​ទៀត​វិញ គឺ ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ TDI ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ២៨៦ សេះ ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង ២ Quattro AWD។

Audi A6 ស៊េរី​ឆ្នាំ ២០១៩ មានតម្លៃ​ចាប់​ពី ៧០ ៩៤៥ ដុល្លារ​ឡើង​ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus គ្រប់​ម៉ូដែល​នឹង​មាន​ប្រភេទមិនប្រើសាំង ត្រឹម​ឆ្នាំ ២០២៥

​​​ក្នុង​កម្មវិធី​អបអរ​សាទរ​ខួប ៣០ ឆ្នាំនៃ​​ Lexus កាលពី​​សប្ដាហ៍​កន្លងទៅ ​ម៉ាក​​រថយន្ត​ប្រណីត​​របស់​ជប៉ុន​មួយ​នេះ​បាន​ប្រាប់​ខ្លះៗ​អំពី​ផែនការ​នា​ពេល​អនាគត។ ក្នុង​នោះ​រួម​មាន​ផែនការ​អំពី​បច្ចេកវិទ្យា​រថយន្ត​​បើកបរ​ស្វ័យប្រវត្តិ, ចំនួន​រថយន្ត​អគ្គិសនី​​ចេញ​លើ​ទីផ្សារ​ និង​បន្ថែម​ជម្រើស​អគ្គិសនី​លើ​រថយន្ត​កំពុង​មាន​ស្រាប់​។

លោក Koji sato អនុប្រធាន​នៃ Lexus International បាន​និយាយ​ថា ៖ “ជា​មួយ​រថយន្ត Toyota និង Lexus យើង​គ្រោង​បញ្ចេញ​រថយន្ត​អគ្គិសនី​​ចំនួន ១០ ម៉ូដែល នៅ​ត្រឹម​ឆ្នាំ ២០២៥។ ក្នុង​អំឡុង​ពេល​ជា​មួយ​គ្នា​នេះ គ្រប់​ម៉ូដែល​រថយន្ត​ Lexus ដែល​មាន​លើ​ទីផ្សារ​បច្ចុប្បន្ន​ នឹង​មាន​ជា​ជម្រើស​ប្រភេទ​អគ្គិសនី​ បន្ថែម​ពី​លើ​ប្រភេទ​ប្រើ​ប្រេង​ឥន្ធនៈ​សព្វ​ថ្ងៃ​នេះ”។

​​ក្នុង​ករណី​ “អគ្គិសនី” ​នេះ រួម​បញ្ចូល​ការ​គួប​ផ្សំ​នៃ​ប្រព័ន្ធ Hybrid, Plug-in Hybrid, អគ្គិសនី​ប្រើ​អាគុយ និង​​ប្រភេទ​រថយន្ត​ប្រើ​អ៊ីដ្រូហ្សែន​ផង​ដែរ ដែល​វា​សុទ្ធ​សឹង​ជា​ជម្រើស​​សម្រាប់​រថយន្ត​អនាគត​របស់ Lexus។

ម៉ាក​រថយន្ត​ Lexus កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​សម្រេច​គោលដៅ​​របស់​ខ្លួន ដោយ​ក្នុង​ចំណោម​រថយន្ត ១១ ម៉ូដែល​របស់​ខ្លួន មាន​ ៥ ម៉ូដែល​ប៉ុណ្ណោះ​មិន​មាន​ជម្រើស​ម៉ាស៊ីន Hybrid ហើយ​ប្រព័ន្ធ Hybrid របស់ Lexus ក៏​បាន​វិវត្តន៍​កាន់​តែ​រីក​ចម្រើន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda 3 ប្រភេទ SUV ជិះ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង ៦ លីត្រ

Mazda CX-30 គឺ​ជា​ប្រភេទ​រថយន្ត​ SUV ផលិត​ចេញ​ពី Mazda 3 ប្រភេទ Hatchback។ វា​បាន​លេច​មុខ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​កាល​ពី​ដើម​ឆ្នាំ ២០១៩ ហើយ​ពេល​នេះ​លក្ខណៈ​សម្បត្តិ​របស់​វា​ត្រូវ​បាន​បង្ហាញ​ហើយ។

​​Mazda CX-30 មាន​បំពាក់​ម៉ាស៊ីន​ដូច​ជា​ Mazda 3 ដែរ រួម​មាន​ម៉ាស៊ីន​សាំង​ SkyActiv-G ចំណុះ ២,០ លីត្រ មាន ៤ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ១២២ សេះ ជិះ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ចន្លោះ​ពី ៦,២ ទៅ ៧,៣ លីត្រ​ប៉ុណ្ណោះ។

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ផង​ដែរ ដែល​ជា SkyActiv-D មាន​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ អាច​ផលិត​កម្លាំង​បាន​ ១១៦ សេះ និង​ប្រើ​ប្រាស់​ម៉ាស៊ូត​ចន្លោះ​ពី ៥,១ លីត្រ ទៅ ៦,៦ លីត្រ​ ចំពោះ​ការ​បើកបរ​ចម្ងាយ​ ១០០ គ.ម។

​​​​ម៉ាស៊ីន​គ្រប់​ប្រភេទ​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ដៃ និង​ស្វ័យប្រវត្តិ ៦ វគ្គ រួម​ជា​មួយ​ជម្រើស​បើកបរ​ប៉ុង​ពីរ i-Active ផង​ដែរ។ ពី​ខាង​ក្នុង​មាន​អេក្រង់​ទំហំ ៨,៨ អ៊ីញ អាច​ភ្ជាប់​ជា​មួយ Apple CarPlay និង Android Auto ហើយ​ក៏​មាន​ Head-Up Display ផង​ដែរ។

មាន​មក​ស្រាប់​លើ​រថយន្ត​មាន​ដូច​ជា​ពោង​សុវត្ថិភាព ៧, មុខងារ​ជំនួយ​អ្នក​បើកបរ​ដូច​ជា​ប្រព័ន្ធ​ហ្វ្រាំង​បន្ទាន់​ស្វ័យប្រវត្តិ, Adaptive Cruise Control, ប្រព័ន្ធ​​រក្សា​គន្លង​ផ្លូវ, ប្រព័ន្ធ Blind Spot, ប្រព័ន្ធ High Beam ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​ដាស់​តឿន​អ្នក​បើកបរ​ជា​ដើម។

រថយន្ត​ Mazda CX-30 រំពឹង​ថា​នឹង​ចេញ​លក់​ចុង​ឆ្នាំ ២០១៩ នេះ ដោយ​តម្លៃ​លក់​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកូរ៉េ Genesis G70 ម៉ាស៊ីន V6 កម្លាំងជិត៤០០សេះ អាចជាន់ដល់កុងទ័រ ១០០ មិនដល់៥វិនាទី

​រថយន្ត​ប្រភេទ Sedan ស្ព័រខ្នាត​តូច Genesis G70 របស់ក្រុមហ៊ុន​រថយន្ត​កូរ៉េខាងត្បូង​ ដែល​ជា​គូ​ប្រជែង​របស់ BMW 3 Series បាន​ផ្តោត​ខ្លាំង​លើការបើកបរ , ប្រណីតភាព , ភាពទាក់ទាញ និង រចនាបទ​ដ៏ល្អឥតខ្ចោះ។

ក្រុមហ៊ុន​ដែល​ជា​បុត្រសម្ព័ន្ធ​របស់ Hyundai និង​ជា​ម៉ាក​សញ្ញា​ប្រណីត​របស់​កូរ៉េ Genesis បាន​អះអាង​ថា ម៉ូដែល G70 មាន​គ្រោង​ឆ្អឹង​រឹង​មាំ​បំផុត ជាមួយ​នឹង​ស្ថាបត្យកម្ម​អាលុយមីញ៉ូម និង ដែក​មាន​គុណភាព​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ Genesis G70 ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ទាប​ជាង​មុន ដើម្បី​ជួយ​សម្រួល​ដល់​ការ​បើកបរ​មិន​ឲ្យ​ចាញ់​ខ្យល់​ផង​ដែរ។

រថយន្ត Genesis G70 ស៊េរី​ឆ្នាំ ២០១៩ ប្រភេទ Base Model នឹង​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន ២៥២ សេះ និង​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ ប៉ុន្តែ​ក៏​មាន​ជម្រើស​ប្រអប់​លេខ​ដៃ ៦ វគ្គ​ដែរ។

ចំពោះ​ប្រភេទ​លេខ​ដៃ ម៉ូដែល G70 នឹង​ផ្តល់​នូវ Option “Performance Package” ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​របស់​វា​មាន​កម្លាំង​ខ្លាំង​ជាង​មុន (២៥៥ សេះ) , ប្រព័ន្ធ​បំពង់​ស៊ីម៉ាំង​បែប​ស្ព័រ , ហ្វ្រាំង Brembo ដែល​មាន​គុណភាព​ខ្ពស់ រួមទាំង​ការ​ធ្វើ​ឲ្យ​រថយន្ត​ស្រាល​ជាង​មុន​ទៀត​ផង។

ចំណែក​ឯ Genesis G70 ប្រភេទ​ម៉ាស៊ីន​ធំ​វិញ គឺ ចំណុះ ៣,៣ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៣៦៥ សេះ និង​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ វា​អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម​តែ ៤,៥ វិនាទី​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា ម៉ាស៊ីន​ទាំង ២ នេះ​សុទ្ធ​តែ​មាន Option ប៉ុង ២ ប្រភេទ All-Wheel Drive សម្រាប់​ឲ្យ​ជ្រើស​រើស​បន្ថែម។ យ៉ាង​ណា​ក៏​ដោយ ចំពោះ​តម្លៃ​របស់​វា ក្រុមហ៊ុន​នឹង​បញ្ជាក់​បន្ថែម​ទៀត នៅ​ពេល​ដាក់​បង្ហាញ​ជា​ផ្លូវការ នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+