ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទស្សនាវីដេអូ ១១នាទី បង្ហាញពីដំណើរការផលិតរថយន្ត Honda Civic Type R នៅប្រទេសជប៉ុន (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបញ្ចេញវីដេអូរយៈពេល ១១ នាទីពីរោងចក្រ Yorii Automobile Plant នៅ Saitama ជាកន្លែងដែលរថយន្ត Type R កំពុងត្រូវបានផលិតក្នុងប្រទេសជប៉ុន។

វីដេអូនេះ បង្ហាញឲ្យយើងឃើញពីកាឆ្លងកាត់គ្រប់ជំហាននៃដំណើរការផលិត ដោយបង្ហាញពីបន្ទះតួខ្លួនផ្សេងៗ ការលាបពណ៌ ការផ្គុំសមាសធាតុមេកានិច រួមទាំងម៉ាស៊ីន និងការរៀបចំផ្នែកខាងក្នុង។ ដូចទៅនឹងរថយន្តទំនើបៗដែរ ការផលិតរបស់ Type R ត្រូវបានសម្រួលដោយជំនួយពីបច្ចេកវិជ្ជាដ៏ទំនើបៗផងដែរ។

ទោះបីជាមានការចែករំលែកតួគ្រោងជាមួយនឹងរថយន្ត Civic hatchback ក៏ដោយក៏ Type R មានលក្ខណៈពិសេសជាច្រើនដែលត្រូវបានរចនាឡើងយ៉ាងពិសេស។ ទាំង​នេះ​រួម​មាន​របាំងការពារភក់ទំហំធំ, កាង​បែប​ស្ព័រ​ដែល​មាន​រន្ធខ្យល់ចេញចូល​ធំ​ជាង​មុន គម្របម៉ាស៊ីនដែល​មាន​រន្ធ​ខ្យល់ និង​កាងខ្យល់​ខាង​ក្រោយ​។

ក្នុងនោះរថយន្ត Civic Type R ក៏ទទួលបានការលាយពណ៌ពិសេសផងដែរ រួមមានពណ៌ស (Championship White), ក្រហម (Rallye Red), ខៀវ (Boost Blue), ខ្មៅ (Crystal Black Pearl) និងប្រផេះ (Sonic Grey Pearl)។ ចំណុចលេចធ្លោមួយទៀតគឺបំពង់ស៊ីមាំង ៣។ ចំណែកផ្នែកខាងក្នុងវិញ យើងអាចឃើញការបំពាក់កម្រាលព្រំក្រហម កៅអី និងប្រអប់លេខជាដើម។

វីដេអូនេះបញ្ចប់ដោយរថយន្តរំកិលចេញពីរោងចក្រផលិតកម្ម និងឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់លើម៉ាស៊ីន ប្រព័ន្ធ suspension ជាដើម ដើម្បីធានាថាប្រព័ន្ធទាំងអស់ដំណើរការល្អ។ បន្ទាប់​មក​រថយន្ត​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ដឹក​ជញ្ជូន​ទៅ​កន្លែង​ហាងចែកចាយ។

រោងចក្រ Yorii Automobile Plant នៅ Saitama មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ២៥០ ​០០០ គ្រឿង។ Honda នឹង​ផលិត​រថយន្ត Civic Type R ដំបូង​ចំនួន ៤០០ គ្រឿង​ក្នុង​មួយ​ខែ ដែល​មាន​ន័យ​ថា​អតិថិជន​ជនជាតិ​ជប៉ុន​នឹង​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ ៦ ខែ​ដើម្បី​ទទួល​បាន​ការ​ចែកចាយ។

Honda Civic Type R ជំនាន់ទី ៦ ត្រូវបានដាក់បង្ហាញក្នុងខែកក្កដា ឆ្នាំ ២០២២ ។ ម៉ូដែលនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ៣១៥ សេះ​ និងកម្លាំងរមួល ៤២០​ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦​ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមាជិក Blackpink សហការជាមួយ Porsche ឌីស្សាញម៉ូឌែលរថយន្តដ៏ពិសេសសម្រាប់ខ្លួនឯង

[បរទេស] កំពូលតារា K-pop ដ៏មានឥទ្ធិពលរបស់កូរ៉េខាងត្បូង Jennie Kim ដែលសមាជិកក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ Blackpink កាលពីពេលថ្មីៗនេះបានទទួលកូនសោរក្លាយជាម្ចាស់រថយន្ត Porsche Taycan 4S Cross Turismo for Jenny Ruby Jane ដែលត្រូវបានផលិត និងឌីស្សាញឡើងយ៉ាងពិសេសសម្រាប់ខ្លួនឯងផ្ទាល់។

ជាមួយការទទួលបានរថយន្តដ៏ពិសេសនេះ តារាចម្រៀង Jennie Kim បានធ្វើការផ្ទាល់ជាមួយអ្នកជំនាញមកពីក្រុម Sonderwunsch របស់ Porsche ក៏ដូចជាផ្នែករចនា Manufaktur និង Style Porsche ដើម្បីឌីស្សាញនូវរថយន្ត ‘Taycan 4S Cross Turismo ដែលលេចធ្លោជាងរថយន្តរបស់អ្នកដទៃ។

នាយកប្រតិបត្តិក្រុមហ៊ុន Porsche Korea លោក Holger Gerrmann បាននិយាយថា “វាគឺជាបទពិសោធន៍ដ៏គួរឱ្យរំភើបមួយដែលបានធ្វើការជាមួយ Jennie ពីក្រុមចង្រៀងនារីដ៏ល្បី Blackpink លើគម្រោង Sonderwunsch ដំបូងរបស់ Porsche Korea” ។ “JENNIE គឺជាបុគ្គលតំណាងសកលលោកដ៏មានឥទ្ធិពលដែលតំណាងឱ្យអ្នកដឹកនាំគំនិតច្នៃប្រឌិតវ័យក្មេង និង “Generation Z” នៅក្នុងប្រទេសកូរ៉េ។

ក្រឡេកទៅមើលការ​តុបតែង​ផ្នែក​ខាងក្រៅ​របស់​រថយន្ត​គឺមានការប្រើប្រាស់ពណ៌ខ្មៅ Metallic Black ប៉ុន្តែអ្វីដែលលេខធ្លោបំផុតនោះ​គឺ​ថាសកង់ Exclusive Design ទំហំ ២១អ៊ីញ ដែលប្រើប្រាស់​ពណ៌ដ៏ទាក់ទាញ អោយ​ឈ្មោះថា Meissenblue។ ព្រមទាំងមានភ្ជាប់ជាមួយអក្សរ ‘Electric-អគ្គិសនី’ ដែលបង្ហាញអំពីអត្តសញ្ញាណរបស់ Taycan នៅលើទ្វារផ្នែកអ្នកបើកបរ, តែមនៅផ្នែកខាងក្រោយ និងរូបពពកដែលឌីស្សាញជាលក្ខណៈផ្ទាល់ខ្លួននៅលើផ្នែក B-Pillar ប្រើប្រាស់ពណ៌ផ្ទៃមេឃស្រាលដូចគ្នា។

បន្ថែមជាមួយទ្វារ​មាន​ភ្លើង​រំលេចចេញជាពាក្យ ‘Jennie Ruby Jane’ នៅ​ខាង​មុខ និង​ ‘NiNi’ នៅ​ខាង​ក្រោយ និងមានភ្លើងបញ្ចាំងទៅលើដីជារូបឡូហ្គូពពកផងដែរ។ កាន់តែពិសេស​បន្ថែម​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កាប៊ីន​រថយន្ត​ជាមួយ​នឹង​ការ​រួម​បញ្ចូល​គ្នា​នៃ​ពណ៌​ខ្មៅ Crayon និង Meissenblue រួមជាមួយការភ្ជាប់នូវរូបឡូហ្គូពពកនៅលើកៅអីអង្គុយ ខណៈដែលគម្របការពាររថយន្តដ៏ពិសេសក៏ត្រូវបានប្រគល់ជូនផងដែរ។

Jennie បានរៀបរាប់ថា “ការដែលអាចសហការគ្នាយ៉ាងយកចិត្តទុកដាក់លើរថយន្ត Porsche ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ” ។ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានរចនារូបភាពនៃឡូហ្គូពពក។ ខ្ញុំចំណាយពេលច្រើនក្នុងការធ្វើដំណើរជុំវិញពិភពលោក មេឃ និងពពក គឺជាដៃគូធ្វើដំណើររបស់ខ្ញុំ និងជានិមិត្តសញ្ញាដ៏ស្រស់ស្អាតនៃបទពិសោធន៍ដ៏អស្ចារ្យៗទាំងនេះ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ពួកវា ហើយ​ក៏មានបំណង​ក្នុង​ការ​រក្សារ​គំនូរ​ធម្មជាតិ​ទាំង​នេះ»៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus UX អគ្គិសនីស៊េរីឆ្នាំ២០២៣ បន្ថែមអាគុយធំជាងមុន ជិះបានដល់ ៤៥០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត UX 300e ស៊េរីឆ្នាំ២០២៣ ជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដោយបានបន្ថែមចំណុចថ្មីៗជាច្រើន ជាពិសេសការបន្ថែមអាគុយថ្មី ដែលផ្ដល់ចម្ងាយបើកបរបានឆ្ងាយជាងមុនជាង ៤០%។

UX 300e បានប្រកាសចេញលើកដំបូងក្នុងឆ្នាំ២០១៩ ដោយចាប់ពីពេលនោះ Lexus អាចលក់រថយន្តនេះបានជាង ១ម៉ឺនគ្រឿង ប៉ុន្តែចម្ងាយបើកបរ ៣១៥គីឡូម៉ែត្ររបស់វា ចាប់ផ្ដើមមានអារម្មណ៍ហួសសម័យសម្រាប់ស្តង់ដារឆ្នាំ២០២២។

ហេតុនេះហើយ Lexus បានបង្កើនទំហំអាគុយពី ៥៤,៣kWh ទៅ ៧២,៨kWh ដែលធ្វើឲ្យចម្ងាយបើកបរឡើងដល់ ៤៥០គីឡូម៉ែត្រ ជាមួយយ៉ាន់ទំហំ ១៧អ៊ីញ ឬបានចម្ងាយ ៤៤០គីឡូម៉ែត្រ ជាមួយយ៉ាន់ទំហំ ១៨អ៊ីញ ដោយ Lexus អះអាងថារថយន្តស៊េរីថ្មីនេះអាចបើកបរពីទីក្រុង Brussels ទៅទីក្រុង Frankfurt ដោយមិនបាច់ឈប់​សាកភ្លើង។

ម៉ូទ័រដែលបំពាក់ខាងមុខរថយន្តនៅតែអាចផលិតកម្លាំងបាន ២០១សេះ ប៉ុន្តែវិស្វកររបស់ Lexus បានផ្លាស់ប្ដូរ​លើគ្រោងរបស់ម៉ូទ័រដើម្បីធ្វើឲ្យការបើកបរកាន់តែល្អប្រសើរ។

សម្រាប់រូបរាងខាងក្រៅមិនបានផ្លាស់ប្ដូរនោះទេ ប៉ុន្តែនៅខាងក្នុងមានការកែប្រែមួយចំនួនដូចជាមានការបំពាក់អេក្រង់កម្សាន្តថ្មីទំហំ ៨អ៊ីញ ឬ ១២,៣អ៊ីញ, ប្រព័ន្ធថ្មីដែលគាំទ្រមុខងារ Apple CarPlay ដោយឥតប្រើខ្សែ និងមុខងារ Android Auto នៅប្រើខ្សែដដែល, មុខងារនាំផ្លូវផ្អែកតាមបច្ចេកវិទ្យា Cloud និងជំនួយការសំឡេងថ្មីជាដើម។

បន្ថែមពីនេះ ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ទទួលបានមុខងារបន្ថែមរួមមាន Intersection Turning Assist, Emergency Steering Assist, មុខងារ Dynamic Radar Cruise Control with Curve Speed Reduction ដែលប្រសើរជាងមុន និងមុខងារដទៃទៀតដែលស្រដៀងនឹងរថយន្ត Lexus ស៊េរីថ្មីដទៃទៀតដែរ។

ការដឹកជញ្ជូនរថយន្ត UX 300e ស៊េរីឆ្នាំ២០២៣ លើកដំបូងក្នុងទីផ្សារអឺរ៉ុប នឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំ២០២៣ ដោយតម្លៃនឹងត្រូវប្រកាសចេញនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Peugeot 408 First Edition Piles ថ្មី មានត្រឹមតែ ៥០​គ្រឿងប៉ុណ្ណោះ នៅចក្រភពអង់គ្លេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Peugeot ប្រចាំនៅចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅ Peugeot First Edition ប្រភេទ Crossover ជាមួយការអាប់ដេតមួយចំនួន ដែលមានចំនួនកំណត់ត្រឹមតែ ៥០​ គ្រឿងប៉ុណ្ណោះ។

រថយន្តចំនួន ៥០ គ្រឿងគឺផ្អែកលើម៉ូដែល GT នៃ 408 ដែលត្រូវបានកែកុនថ្មីជាមួយនឹងថាសកង់ស្ព័រទំហំ ២០ អ៊ីញ ប្រភេទ Monolithe diamond-cut, ឧបករណ៍សាកថ្មទំហំ ៧,៤ គីឡូវ៉ាត់ម៉ោង សម្រាប់ប្រភេទ plug-in hybrid និង Driver & Passenger Seat Pack, កៅអីមុខងារភ្ជាប់ដោយមុខងារកម្តៅអាចការលៃតម្រូវតាមរយៈថាមពលអគ្គិសនី និងមុខងារម៉ាស្សាចំនួន ៥របៀប។

បន្ថែមជាមួយឧបករណ៍សាកថ្មនៅតាមផ្ទះ Pod Point ឥតគិតថ្លៃ, ឥណទានសាកថ្មសាធារណៈ ៥៥៦ ដុល្លារ តាមរយៈបណ្តាញ Electroverse របស់ Octopus Energy និងកញ្ចប់សេវាកម្មរយៈពេល ៤ ឆ្នាំ ។

រាល់ម៉ូដែលពិសេស 408 First Edition ត្រូវបានតុបតែងដោយពណ៌ខៀវ (Obsession Blue) ប៉ុន្តែការបញ្ជាក់ភាគច្រើនមិនមានការផ្លាស់ប្តូរពីរថយន្ត GT នោះទេ រួមទាំងផ្ទៃតាប្ល៊ូ i-Cockpit របស់ Peugeot និងដៃចង្កូតរាងតូច និងម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២២៥ សេះ។ ម៉ូដែល 408 ផ្សេងទៀតអាចរកទិញបានជាមួយនឹងថាមពលចំហេះក្នុង និងម៉ូដែលអគ្គិសនីសុទ្ធផងដែរ។

រថយន្ត 408 នឹងមានលក់ជាមួយជម្រើសម៉ូឌែលដូចជា Alllure, Allure Premium និង GT ដោយមានតម្លៃប្រហែល ៣៣ ៣៧៨ ​ដុល្លារ ប៉ុន្តែត្រូវរង់ចាំរហូតដល់ Peugeot បង្ហាញរថយន្តជាផ្លូវការនៅឯពិព័រណ៍ Paris Motor Show នៅចុងខែនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡាន Mercedes-Benz នៅចិន កើនឡើងជិត ៤០%

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានដឹកជញ្ជូនរថយន្តបាន ៥២០ ១០០គ្រឿង នៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយចំណែកធំគឺបានពីទីផ្សារប្រទេសចិន។

ការលក់របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានកើនឡើង ២០% នៅត្រីមាសទីបី កើនពី ៤៣៤ ៨០០គ្រឿង នៅត្រីមាសទីបីនៃឆ្នាំ២០២១នេះ ធ្វើឲ្យការលក់ពេញមួយឆ្នាំ២០២២នេះ មានសរុបដល់ ១ ៥១៨ ២០០គ្រឿង ដែលរាប់បញ្ចូលការលក់នៃរថយន្ត V-Class, T-Class និងរថយន្ត EQV ផងដែរ។

ប្រទេសចិននៅតែជាទីផ្សារសំខាន់បំផុតមួយរបស់ Mercedes ហើយក៏ជាទីផ្សារធំបំផុតផងដែរ ដោយចាប់ពីខែកក្កដា ដល់ខែកញ្ញា មានរថយន្ត ២០៦ ៨០០គ្រឿង បានលក់ចេញនៅប្រទេសចិន នាំមុខចំនួនលក់ ១៥២ ៧០០គ្រឿង នៅឯទីផ្សារអឺរ៉ុប និង ៨៣ ២០០គ្រឿង នៅអាមេរិកខាងជើង។

ការលក់នៅប្រទេសចិនបានកើនឡើង ៣៧% នៅត្រីមាសទីបី កើនពី ១៥០ ៦០០គ្រឿង កាលពីថ្មីមានទីបី នៃឆ្នាំ២០២១។ យ៉ាងណាក្ដី ការលក់សរុបនៅប្រទេសចិនមានការថយចុះ ៥% ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Jaguar F-Type 75 និង F-type R 75 ជាម៉ូដែលចុងក្រោយដែលប្រើប្រាស់ថាមពលចំហេះក្នុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar បានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលពិសេសចំនួន​ ២ គឺ F-Type 75 និង F-type R 75 ដើម្បីអបអរសាទរខួប 75th anniversary និងការផលិតចុងក្រោយនៃម៉ូដែល F-Type នៃថាមពលចំហេះក្នុង មុនពេលប្តូរទៅក្រុមហ៊ុនរថយន្តអគ្គិសនីនៅឆ្នាំ ២០២៥។

ជាមួយគ្នានេះ លោក Jaguar Matthew Beaven និយាយថា  “អស់រយៈពេល ៧៥ ឆ្នាំមកហើយ ក្រុមហ៊ុន Jaguar បានផលិតរថយន្តស្ព័រពិសេសដែលផ្តល់នៅការបើកបរដ៏មានឥទ្ធិពល។ F-Type 75 ប្រកាន់ខ្ជាប់នៅគោលការណ៍ខាងលើ ដោយបន្ថែមការធ្វើឲ្យប្រសើរឡើងនៅការរចនាបន្ថែមទាំងផ្នែកខាងក្នុង និងខាងក្រៅ ដោយហេតុនេះ ជាការផ្តល់កិត្តិយសដល់ម៉ូដែលនេះ មុនពេល Jaguar ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ ២០២៥” ។

សម្រាប់ម៉ូដែលពិសេសទាំង ២ នេះ ត្រូវបានតុបតែងជាមួយពណ៌ប៉ៃតង Giola Green ។ បន្ថែមពីនេះ ត្រូវបានបំពាក់ជាមួយចង្កៀងមុខប្រភេទ LED និងថាសកង់ពណ៌ខ្មៅរលោងទំហំ ២០ អ៊ីញ។ នៅខាងក្នុងរថយន្តត្រូវបានស្រោបដោយស្បែកប្រភេទ Windso, ភ្ជាប់មកជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងមានជម្រើសកញ្ចប់ Black package ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល F-Type 75 មានជម្រើសម៉ាស៊ីន ២ប្រភេទរួមមាន ម៉ាស៊ីនស្តង់ដារប្រភេទ I4 ចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៦៩ សេះ និងម៉ាស៊ីនចំណុះ ៥,០ លីត្រ supercharged មានកម្លាំង ៤៤៤ សេះ។ ក្នុងនោះ ប្លុកម៉ាស៊ីននេះ ក៏ត្រូវបានបំពាក់លើម៉ូដែល F-Type R 75 ដែលអាចផលិតកម្លាំងបានដល់ ៥៦៧ សេះ។

ទាក់ទងនឹងតម្លៃ ចំពោះម៉ូដែល F-Type 75 មានតម្លៃលក់ចាប់ពី ៨៧ ៤៦៣ ដុល្លារ និងម៉ូដែល F-Type R 75 មានតម្លៃ ១១១ ៨៦៥ ដុល្លារ។ បន្ថែមពីនេះ សម្រាប់ម៉ូដែលអាចបិត-បើកដំបូលបានមានតម្លៃចាប់ពី ៩៩ ២៤៣ ដុល្លារ ដល់ ១២០ ៦៦៥ ដុល្លារនៅក្នុងទីផ្សារចក្រភពអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Trax ២០២៤ រូបរាងកាន់តែស្ព័រ ទំនើបជាងមុន តម្លៃខ្ទង់ ២មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២៤ ដោយមាន ៥ ម៉ូដែលដូចជា LS, 1RS, LT, 2RS និង Activ ជាមួយនឹងតម្លៃលក់ចាប់ពី ២១ ៤៩៥ ដុល្លារ ដល់ ២៤ ៩៩៥ ដុល្លារ ហើយនឹងចេញលក់នៅនិទាឃរដូវ ២០២៣ នៅក្នុងសហរដ្ឋអាមេរិក។

រថយន្ត Chevrolet Trax ស៊េរីថ្មីនេះ ទទួលយកការរចនាបែបស្ព័រ និងទំនើបជាងមុន ដែលទាក់ទាញការបំផុសគំនិតពី Blazer ដោយមានប៉ាណាមុខរចនាឲ្យឈ្មោះថា trapezoidal grille design ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ដែលមានទីតាំងនៅពីលើចង្កៀងបំភ្លឺផ្លូវ និងឡូហ្គោ Chevy ពណ៌ខ្មៅជាដើម។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន បំពង់ស៊ីមាំងលាក់, ចង្កៀងខាងក្រោយរាងអក្សរ C, ​កញ្ចក់​ខាង​ក្រោយ​រាង​ជ្រុង, ថាសកង់អាលុយមីញ៉ូមទំហំ ១៧-១៩ អ៊ីញពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនមានភាពធំទូលាយជាងមុន និងមានបំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ និងអេក្រង់កំសាន្តប្រភេទ diagonal touchscreen ទំហំ ៨,០ អ៊ីញ ដល់ ១១ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay, ដៃចង្កូតប្រភេទ flat-bottom steering wheel, កៅអីមុខងារកម្តៅ-ត្រជាក់, កន្លែងសាកថ្មឥតខ្សែ, ការបញ្ឆេះរថយន្តពីចម្ងាយតាមរយៈសោរ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងមានប្រព័ន្ធជំនួយសំលេងរំខាននៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៧ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៦ វគ្គ ប៉ុង ១ វិលកង់មុខ។

ទាក់ទងនឹងផ្នែកប្រព័ន្ធសុវត្ថភាព រថយន្តនេះបំពាក់ដោយប្រព័ន្ធ Chevy Safety Assist ជាមួយនឹងបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់ គ្រប់ម៉ូដែលទាំងអស់មានប្រព័ន្ធជំនួយការចូលចត, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គនៅពីខាងមុខ ក៏មានបន្ថែមនៅប្រព័ន្ធកំណត់ល្បឿន (Adaptive cruise control) និងប្រព័ន្ធជាច្រើនទៀតត្រូវបានភ្ជាប់មកជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាព Toyota Tundra Capstone ម៉ូដែលខ្ពស់បំផុតចង្កូតស្តាំ កំពុងធ្វើតេស្តតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ Whocar.com.au បានបញ្ចេញរូបថតនៃការធ្វើតេស្តសាកល្បងសម្រាប់រថយន្តភីកអាប់ Toyota Tundra ត្រូវបានគេរំពឹងថាជាម៉ូដែល Capstone ថ្មី ដែលត្រូវបានបំលែងទៅជាចង្កូតខាងស្តាំក្នុងប្រទេសអូស្ត្រាលី។

Toyota Tundra Capstone បានធ្វើការ​បើកបរតេស្តសាកល្បងជាមួយសមត្ថិភាពអូសសណ្តោង​ក្នុង​ប្រទេស​អូស្ត្រាលី ដែលមាន​ការ​បិទបាំងតួខ្លួន។ ប៉ុន្តែត្រូវបានមើលឃើញថា មានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុងទៅនឹងម៉ូដែលរបស់សហរដ្ឋអាមេរិក សូម្បីតែថាសកង់ស្ព័រទំហំ ២២ អ៊ីញ។

Toyota Tundra Capstone US version

ក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសអូស្រ្តាលី កំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Walkinshaw Automotive Group ជាក្រុមហ៊ុនតែមួយដែលនៅពីក្រោយការបំប្លែងចង្កូតខាងស្តាំនៃ Ram និង Chevrolet សម្រាប់គម្រោងរថយន្តភីកអាប់ Toyota Tundra ខ្នាតធំ លើការកែប្រែចង្កូតខាងស្តាំ ហើយបាន​បញ្ជាក់​ថា​វា​នឹង​ចេញ​នៅ​ចន្លោះ​ឆ្នាំ ២០២៣ និង ២០២៤ ។

មិនត្រឹមតែប៉ុណ្ណោះ Toyota និង Walkinshaw នឹងចាប់ផ្តើមផលិតគំរូ Tundra ប្រហែល ៣០០ គ្រឿង ក្នុងរយៈពេល ១២ ខែខាងមុខ។ នេះធានាថាការបម្លែងត្រូវនឹងស្តង់ដារដែលអតិថិជនរំពឹងទុកពីក្រុមហ៊ុននេះ។

គួរបញ្ជាក់ផងដែរ សម្រាប់រថយន្ត Toyota Tundra Capstone ប្រើប្រាស់នៅម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6  Twin-Turbo អាចផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ។ ខណៈពេលដែលម៉ាស៊ីនប្រភេទ i-Force Max hybrid ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡាននៅអឺរ៉ុប សុំឲ្យមានសកម្មភាពបន្ទាន់ក្រោយការលក់ធ្លាក់ចុះ

[ទីផ្សារបរទេស] សមាគមន៍យានយន្តអឺរ៉ុបហៅកាត់ថា ACEA នាសប្ដាហ៍នេះ បានអំពាវនាវឲ្យមាន​សកម្មភាពបន្ទាប់ពីសមាជិកសភាសហភាពអឺរ៉ុប ឲ្យជួយដល់ឧស្សាហកម្មយានយន្ត ខណៈដែលឧស្សាហកម្មនេះពិបាកក្នុងការ​រើខ្លួនពីការថយចុះការលក់ចាប់តាំងពីពេលដែលជំងឺកូវីដ១៩រាតត្បាត។

វិបត្តិ Brexit វិបត្តិខ្វះខាតសឺមីកុងឌុចទ័រ និងវិបត្តិថាមពលដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែន អាចឲ្យគេ​ព្យាករណ៍ថាការលក់រថយន្តនៅអឺរ៉ុបក្នុងឆ្នាំ២០២២នេះ នឹងថយចុះ ១% មកនៅត្រឹម ៩,៦លាន​គ្រឿង ធៀបនឹងឆ្នាំ២០២១។ ត្បិតថាជាការថយចុះតិចតួច ប៉ុន្តែវាជាការធ្លាក់ចុះ ២៦% បើធៀបនឹងមុនពេលដែលជំងឺកូវីដ១៩រាត​ត្បាត។

ដើមឡើយ ACEA រំពឹងថាការលក់នឹងល្អប្រសើរឡើងវិញនៅឆ្នាំ២០២២ ក្រោយពីបញ្ហាផ្គត់ផ្គង់បានថមថយ និងស្ថិតក្រោម​ការគ្រប់គ្រង ប៉ុន្តែការពន្លឿននូវអត្រាអតិផរណា និងភាពភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យការលក់កាន់តែថយចុះថែមទៀត។

លោក Oliver Zipse ជាប្រធានសមាគមន៍ និងជានាយកប្រតិបត្តិ BMW ផងនោះ បានលើកឡើងថា ដើម្បីធា​នាបានការវិលត្រឡប់ទៅរកកំណើន ឧស្សាហកម្មយានយន្តត្រូវការក្របខណ្ឌ័ត្រឹមត្រូវដើម្បីដាក់ដំណើរការ ហើយលោកក៏បានសង្កត់ធ្ងន់ពីការពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី នៅទូទាំងទ្វីបអឺរ៉ុប​ផង​ដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បំបែកកំណត់ត្រាលក់ប្រចាំខែថ្មីនៅចិន ក្រោយកែកុនរោងចក្ររួច

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានបំបែកកំណត់ត្រាលក់ផ្ទាល់ខ្លួននៃរថយន្តដែលផលិតនៅប្រទេសចិន ដោយអាចទទួលបានកំណើននៃការលក់ប្រមាណ ៨% ធៀបនឹងកាលពីខែមុន។

របាយការណ៍ដោយសមាគមន៍យានយន្តចិនបានបញ្ជាក់ថា Tesla អាចដឹកជញ្ជូនរថយន្តបាន ៨៣ ១៣៥គ្រឿង ចេញពីរោងចក្រនៅទីក្រុងសៀងហៃ កាលពីខែកញ្ញា។

មានរថយន្ត Tesla ចំនួនពីរម៉ូដែលដែលផលិតនៅ​រោង​ចក្រ​សៀងហៃ គឺរថយន្ត Model 3 និង Model Y ដោយរថយន្ត​ទាំងអស់ក្រៅពីលក់នៅទីផ្សារក្នុងស្រុក ក៏ត្រូវបាននាំចេញទៅកាន់អឺរ៉ុប និងប្រទេសអូស្ត្រាលីផងដែរ។

តួលេខខែកញ្ញានេះបានបំបែកកំណត់ត្រាចាស់ដែល Tesla សាងបានកាលពីខែមិថុនា ដោយខុសគ្នាជិត ៤ពាន់គ្រឿង។ យ៉ាងណា Tesla នៅចាញ់ប្រៀបក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខរបស់ចិន BYD ដែលលក់រថយន្តបាន ២០០ ៩៧៣គ្រឿង កាលពីខែកញ្ញា កើនឡើងប្រមាណ ១៥% ធៀបខែសីហា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+