ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មី តម្លៃខ្ទង់ ៦មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣ ជាមួយការរចនាបថថ្មីជាមួយនឹងតម្លៃលក់ចាប់ពី ៦៣ ១៩៤ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត BMW M2 មានប្រវែងតួខ្លួនសរុប ៤ ៥៨០ ម.ម ទទឹង ១ ៨៨៧ ម.ម កម្ពស់ ១ ៤០៣ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៤៧ ម.ម ។ សម្រាប់ការរចនា BMW M2 មានបំពាក់ជាមួយប៉ាណាមុខភ្លោះរបស់ BMW ដែលស្ថិតនៅពីលើរន្ធខ្យល់ចេញ-ចូលដែលមាន ៣ផ្នែក ការរចនាបែបនេះជួយដល់ថាមពលម៉ាស៊ីន និងហ្វ្រាំង។ ផ្នែក​ខាង​ក្រោយ​មាន​កាង​ spoiler ដ៏​រឹង​មាំ, ថាសកង់ស្ព័រខាងមុខទំហំ ១៩ អ៊ីញ និងខាងក្រោយទំហំ ២០ អ៊ីញពណ៌ខ្មៅ។ បន្ថែមពីនេះ BMW នឹងបំពាក់ប្រព័ន្ធ Adaptive M Suspension និង Active M Differential ជាឧបករណ៍ស្តង់ដារសម្រាប់ BMW M2 នេះ ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មានកៅអី M SPORT ជាការរចនាថ្មីដែលមានឡូហ្គោ M នៅលើកន្លែងទម្រក្បាល។ ខណៈ កៅអីស្ព័រ M Carbon ក៏ត្រូវបានផ្តល់ជូនជាជម្រើសដំបូងគេ ដែលជាផ្នែកមួយនៃកញ្ចប់ Carbon Package ដែលរួមបញ្ចូលដំបូល M Carbon roof ដែលធ្វើឲ្យរថយន្តស្រាលជាងមុន និងកៅអី Carbon seat គឺមានទម្ងន់ ១០,៨ គីឡូក្រាមស្រាលជាងម៉ូដែលស្តង់ដារ។ ផ្នែកខាងក្នុងក៏ទទួលបានអេក្រង់កោងរបស់ BMW ដោយដាក់អេក្រង់មួយគូដែលមានទំហំ ១២,៣ អ៊ីញ និងទំហំ ១៤,៩ អ៊ីញ និងមានមុខងារ M-specific control ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ twin-turbo ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៤៥៣ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ BMW បានបំពាក់ប្រអប់លេខដៃ ៦ វគ្គជាស្តង់ដារ និងប្រអប់លេខអូតូ ៨ វគ្គជាជម្រើសផងដែរ។

គួរបញ្ជាក់ផងដែរថា BMW នឹងផលិតរថយន្ត BMW M2 ស៊េរីឆ្នាំ ២០២៣ នៅរោងចក្រ San Luis Potosí ក្នុងប្រទេសម៉ិកស៊ិកកូ។ ខណៈ ក្រុមហ៊ុនផលិតរថយន្តគ្រោងនឹងដាក់បង្ហាញរថយន្តប្រភេទ Coupe នេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតានៅកម្ពុជា ដាក់សំណើរទៅលើការបន្ធូរបន្ថយពន្ធនាំចូលរថយន្ត Hybrid

យោងតាមការបង្ហោះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញស្តីពីជំនួបសម្តែងការគួរសមរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាមួយនឹងសំណើរស្តីពីការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid របស់ខ្លួន ដែលមានអត្ថន័យ និងរូបភាពទាំងស្រុងពី ក្រសួងសាធារណការ និងដឹកជញ្ជូន៖

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)
ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងសហការី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងក្នុងជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែង អំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានជម្រាបជូនអំពីសំណើរបស់ក្រុមហ៊ុនសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទHybridឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ។

លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក និង សហការី និងបានអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំរោងចក្រដំឡើង រថយន្តនៅក្នុងប្រទេសកម្ពុជាដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យយានយន្តនៅកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតទៀត។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែលក្រុមហ៊ុនតូយ៉ូតាបានលើកឡើងខាងលើនេះអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។

គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ប្រទេសកាណាដា Project Arrow EV ត្រៀមបង្ហាញខ្លួននៅខែក្រោយ

[បរទេស] រថយន្ត Project Arrow ដែលជារថយន្តអគ្គិសនីដែលកំពុងត្រូវបានផលិតដោយសមាគមក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ប្រទេសកាណាដា នឹងត្រូវដាក់បង្ហាញក្នុងអំឡុងពេលសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ។

រថយន្តនេះត្រូវបានគេចាត់ទុកជារថយន្តអគ្គិសនីសុទ្ធ ជាមួយនឹងប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ ហើយនឹងបង្ហាញពីសមត្ថភាពរបស់អ្នកផ្គត់ផ្គង់រថយន្តរបស់ប្រទេសកាណាដា ដែលក្នុងនោះមានជាង ៤០០នាក់ បានសម្តែងចំណាប់អារម្មណ៍លើគម្រោងនេះ ហើយនឹងត្រូវបានបង្ហាញជាសាធារណៈនៅពិរព៍ណ៍ CES នៅខែមករាឆ្នាំ ២០២៣ ។

ក្នុងនោះ ប្រធានសមាគមអ្នកផលិតគ្រឿងបន្លាស់រថយន្ត លោក Flavio Volpe បានប្រាប់គេហទំព័រ Auto News ថា រថយន្តនេះអាចនឹងមិនត្រូវបានបង្ហាញពេញលេញនៅថ្ងៃទី ១៩ ខែតុលាខាងមុខនេះទេ ។ ទោះជាយ៉ាងណាក៏ដោយ APMA មានបំណងចង់បង្ហាញពីវឌ្ឍនភាពដែលខ្លួនបានធ្វើលើគម្រោងនេះផងដែរ។

គួរឲ្យដឹងថា រដ្ឋាភិបាលកាណាដាកំពុងវិនិយោគទឹកប្រាក់ប្រមាញ ៣,៩ លានដុល្លារក្នុងគម្រោងនេះ ដោយបំពាក់នៅតួរថយន្ត 3D-polymer កម្រិតខ្ពស់ ហើយដំណាក់កាលវិស្វកម្មនៃគម្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Hyundai i30 N Drive-N មានតែ ១៨០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai i30 N Drive-N Limited Edition ដែលជាម៉ូដែលពិសេសជាមួយចំនួនត្រឹម ៨០០ គ្រឿងសម្រាប់ទីផ្សារពិភពលោក។ ដោយអតិថិជនក្នុងទីផ្សារប្រទេសអូស្រ្តាលីទទួលបានត្រឹមតែ ១៨០ គ្រឿងប៉ុណ្ណោះ។

ម៉ូដែលពិសេសនេះផលិតនៅលើម៉ូដែល i30 N Premium បន្ថែមជាមួយនឹងដំបូលបើកបែប Sunroof និងរួមបញ្ចូលការបំពាក់ថាសកង់ស្ព័រទំហំ ១៩ អ៊ីញតែមួយគត់សម្រាប់ម៉ូដែលនេះ, ឡូហ្គោ Hyundai ពណ៌ខ្មៅ, ឡូហ្គោពិសេសពណ៌សំរឹទ្ធនៅខាងមុខ និងឡូហ្គោ Drive-N ដែលមានផ្តាច់មុខនៅផ្នែកចំហៀងនៃរថយន្ត។

ការធ្វើឲ្យប្រសើរឡើងនៅផ្នែកខាងក្នុងរបស់រថយន្ត Hyundai i30 N Drive-N Limited Edition និងរួមបញ្ចូលស្បែក Alcantara នៅលើដៃចង្កូត, ប្រអប់លេខ, កន្លែងទម្រដៃ (armrest) និងហ្វ្រាំងដៃ។ បន្ថែមពីលើនេះ ពណ៌ខៀវ (Performance Blue) ជាពណ៌ស្តង់ដារត្រូវបានជំនួសដោយការតុបតែងពណ៌ក្រហម រួមទាំងប៊ូតុង N នៅលើដៃចង្កូត ក៏ដូចជាការបញ្ចូលថ្នេដេរនៅលើកៅអី និងកម្រាលពូកផ្តាច់មុខក៏ត្រូវបានផលិតសម្រាប់ម៉ូដែលពិសេសនេះផងដែរ។

ជាមួយគ្នានេះ អតិថិជន​ក៏​ទទួល​បាន​ប្រអប់​ស្វាគមន៍​មួយ​ដែល​មាន​កូនសោ​ពីរ​ឈុត និង​កូនសោ Drive-N មួយ​ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយល្បឿនកំណត់ដោយដៃ ដែលអាចត្រូវបានធ្វើឲ្យសកម្មដោយសង្កត់ប៊ូតុងបញ្ជាពេលបើកបរ និងកំណត់ល្បឿន​ដើម្បី​ការពារ​អ្នកបើកបរ​មិនឲ្យបើកបរ​ហួសល្បឿនកំណត់​​។

គួរឲ្យដឹងថា ក្រុមហ៊ុន Hyundai ប្រចាំនៅប្រទេសអូស្ត្រាលីនឹងផ្តល់ជូននៅរថយន្ត i30 N Drive-N Limited Edition ជាប្រភេទប្រអប់លេខដៃ ៦ វគ្គ មានតម្លៃ ៣៣ ៣០៨ ដុល្លារ និងម៉ូដែលប្រអប់លេខដៃ ៨ វគ្គ មានតម្លៃ ៣៥ ១៨៦ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Territory ២០២៣ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Territory ស៊េរីឆ្នាំ ២០២៣ ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ៣៤ ៣៤៣ ដុល្លារ ដល់ ៣៩ ០៦៤ ដុល្លារក្នុងទីផ្សារប្រទេសវៀតណាម។

Territory ជា​ឈ្មោះ​ថ្មី​ក្នុង​ត្រកូល Ford ហើយ​នេះ​ក៏​ជា​ម៉ូដែល Ford ទី ៥ ដែល​បាន​ចេញ​លក់​ក្នុង​ឆ្នាំ ២០២២ បន្ទាប់​ពី Transit, Explorer, Everest, Ranger។ រថយន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​បែបស្ព័រ ផ្នែកខាងមុខនៃរថយន្តមានការរចនាជាមួយប៉ាណារចនាជាសំណាញ់ ចង្កៀងជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ LED មានរបាឆ្លងកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈ ចង្កៀង​ខាងក្រោយ​ត្រូវបានបំពាក់ដោយ​បច្ចេកវិជ្ជា​បំភ្លឺ​ថ្មី​របស់​ក្រុមហ៊ុន Ford។

រីឯនៅផ្ទៃខាងក្នុងវិញ ត្រូវបានការតុបតែងជាមួយពណ៌ខៀវ និងឈើ បន្ថែមជាមួយគ្រឿងបរិក្ខាដ៏ទំនើបដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២តំបន់, រន្ធខ្យល់សម្រាប់កៅអីខាងក្រោយ, ​ប្រព័ន្ធបន្សុន​ខ្យល់​កម្រិត​ខ្ពស់​, កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញជាដើម ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ EcoBoost អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៤៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប៉ុង ១ រួមជាមួយរបៀបបើកបរចំនួន ៤ គឺ Eco, Normal, Sport និង Mountain។

ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពបានបំពាក់ដោយបច្ចេកវិទ្យាជំនួយការបើកបរ Ford Co-Pilot 360 រួមទាំងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ, កាមេរ៉ា ៣៦០ ដឹក្រេ, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ, ប្រព័ន្ធកំណត់ល្បឿនជាមួយមុខងារ Stop & Go និងមុខងារជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

JLR មានការកុម្ម៉ង់ចំនួន ២០ម៉ឺនគ្រឿង ត្រូវបំពេញជូនអតិថិជន

[ទីផ្សារបរទេស] ការប្រកាសចេញរថយន្ត Range Rover និង Range Rover Sport ថ្មីបានជួយបង្កើនការលក់​របស់ Jaguar Land Rover បានជាង ៩ពាន់​គ្រឿង កាលពី​ត្រីមាសកន្លងទៅ ប៉ុន្តែ​វាក៏បានបន្ថែម​ចំនួននៃការកុម្ម៉ង់​ជុំវិញពិភពលោក​ដល់​ជាង ២០៥ ០០០គ្រឿង ជាចំនួនដែលក្រុមហ៊ុនត្រូវបំពេញ។

ជាមួយរថយន្ត Land Rover Defender មួយទៀត រថយន្តទាំងបីម៉ូដែល មានចំណែកនៃការកុម្ម៉ង់ជាង ១៤៥ ០០០​គ្រឿង ក្នុង​ចំណោម​ការកុម្ម៉ង់សរុប ដែលចំនួននេះបានកើនឡើងជិត ៥ពាន់គ្រឿងនៅត្រីមាសទីបី។ JLR និយាយថាខ្លួនកំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាតគ្រឿងបន្លាស់ ជាពិសេសគឺសឺមីកុងឌុចទ័រតែម្ដង។

ចំនួនកុម្ម៉ង់ដ៏ច្រើនសន្ធឹកដែលមិនទាន់សម្រេចបាននេះ បានធ្វើឲ្យ JLR រាយការណ៍ពីការខាតបង់ទឹកប្រាក់ ៥២៤​លាន​ផោន (ប្រមាណ ៥៧៨លានដុល្លារ) កាលពីត្រីមាសទីពីរ ដែលរងការប៉ះពាល់ពីការខ្វះខាតគ្រឿងបន្លាស់ និង​ដោយ​សារការ​បន្ត​ការ​បិទខ្ទប់​នៅ​ប្រទេសចិនផងដែរ។

ការផលិតរថយន្តថ្មីរបស់ JLR មានដំណើរការយឺតនៅនៅត្រីមាសទីពីរ ដោយ​មាន​រថយន្ត Range Rover មិន​ដល់ ៦ពាន់​គ្រឿង​នោះទេ ដែលបានសម្រេចការផលិត ខណៈដែលរថយន្ត Range Rover Sport ស្ទើរតែមានទំហំផលិតស្មើ​សូន្យ។

យ៉ាងណា ការផលិតចាប់ផ្ដើមប្រសើរនៅត្រីមាសទីបី ក្រោយពី​ JLR អាចផលិត​រថយន្ត Range Rover និង Range Rover Sport សរុបចូលគ្នាបាន ១៣ ៥៣៧គ្រឿង ជាការកើនឡើង ៥ ៧៩០គ្រឿង ធៀបនឹងត្រីមាសទីពីរ។

សរុប​ជារួម ការកុម្ម៉ង់ចំនួន ៨៨ ១២១គ្រឿង ត្រូវបានសម្រេចនៅត្រីមាសទីបី ដោយ​ក្រុមហ៊ុន​បានផ្ដោត​លើ​ការបំពេញ​ការ​កុម្ម៉ង់​រថយន្ត​ដែល​អាច​ទទួលបានប្រាក់ចំណេញច្រើនជាងគេ។ JLR រំពឹងថាតួលេខនេះនឹងបន្តកើនឡើងនៅត្រីមាសបន្ទាប់ ក្រោយ​ពី​បាន​ចុះ​កិច្ចព្រមព្រៀងថ្មីជាមួយ​ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jeep Wrangler ប្រភេទសាកភ្លើង លក់បានដល់ជាង ១ម៉ឺនគ្រឿង ក្នុងពេលត្រឹមបីខែ

[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis បាន​រាយការណ៍​ពី​ការលក់​រថយន្តបាន ៣៨៥ ៦៦៥គ្រឿង នៅសហរដ្ឋអាមេរិក អំឡុង​ត្រីមាស​ទីបីនៃ​ឆ្នាំ​២០២២ ដែលជាការថយចុះ ៦% ធៀបនឹងឆ្នាំមុន ហើយគិតត្រឹមត្រីមាសទីបីនេះក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ជិត ១,២​លាន​គ្រឿង (ថយចុះ ១២%)។

ក្រុមហ៊ុន Stellantis និយាយថាខ្លួនកំពុងតែប្រឈមមុខនឹងបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ ប៉ុន្តែ​ការលក់រថយន្ត PHEV របស់​ខ្លួន​កំពុង​តែមាន​សន្ទុះខ្លាំងក្លានាពេលនេះ។

តាមការប្រកាសបាន​ឲ្យដឹងថា Stellantis អាចលក់រថយន្ត PHEV បានជាង ១,៥ម៉ឺនគ្រឿង នៅត្រីមាស​ទីបី ដែល​ក្នុង​នោះ​រួម​មាន​រថយន្ត Jeep Wrangler 4xe ចំនួន ១៣ ៤៧៨គ្រឿង និងរថយន្ត Chrysler Pacifica Hybrid បាន​ចំនួន ២ ០៨៧​គ្រឿង ដែលស្មើប្រមាណ ៤% នៃ​ទំហំលក់សរុបរបស់ Stellantis។

សម្រាប់រថយន្ត Jeep Wrangler 4xe ​វាមានចំណែករហូតដល់ ២៨% នៃចំនួនលក់សរុបរបស់ម៉ាករថយន្ត Jeep ខណៈដែល Chrysler Pacifica Hybrid មាន​ចំណែក ១២% នៃ​ចំនួនលក់សរុបរបស់ Chrysler Pacifica។

កាលពីខែសីហា ក្រុមហ៊ុន Jeep បានបើកទទួលការកុម្ម៉ង់សម្រាប់រថយន្ត Jeep Cherokee 4xe ដូចនេះ​អាច​រំពឹងថា​ការ​លក់​រថយន្ត PHEV របស់ Stellantis នឹងបន្តមានកំណើន ស្របពេលដែលម៉ាករថយន្តដទៃក៏កំពុងត្រៀម​ខ្លួន​ឈានជើងចូលអនាគត​រថយន្តសាកភ្លើងថ្មីផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Mitsubishi Outlander Black Edition ថ្មី បង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Mitsubishi Outlander Black Edition ថ្មី ដែលមានលក់ជា ៥ កៅអី និង ៧​ កៅអី ជាមួយនឹងតម្លៃលក់ចាប់ពី ៣៤ ៧១០ ដុល្លារ ដល់ ៣៥ ៣៨៣ ដុល្លារនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូដែល Mitsubishi Outlander Black Edition គឺផ្អែកលើ grade ‘G’ ដោយភ្ជាប់មកជាមួយប៉ាណាមុខរចនាបែបស្ព័រ កាងការពារបាតក្រោមខាងមុខ និងខាងក្រោយ និងត្រឡោកកញ្ចក់តុបតែងដោយពណ៌ខ្មៅរលោង និង​មាន​ថាសកង់​អាលុយមីញ៉ូម​ទំហំ ២០ អ៊ីញតុបតែងដោយ​ពណ៌​ខ្មៅ​ផងដែរ។

ទន្ទឹមនឹងនេះ Mitsubishi ក៏ផ្តល់ជូននៅ Outlander Black Edition សម្រាប់តួខ្លួនជាពីរពណ៌ថ្មីនៃ Titanium Grey Metallic / Black Mica ។ មាន​ជម្រើស​ពណ៌​ពីរ​ពណ៌​​ចំនួន ៣ ​ផ្សេង​ទៀតផងដែរ។

ចំពោះការអាប់ដេតសម្រាប់ត្រកូល Outlander ក្រុមហ៊ុន Mitsubishi បានបន្ថែមការភ្ជាប់ WiFi នៅក្នុងរថយន្តដែលផ្តល់ទិន្នន័យគ្មានដែនកំណត់។ ក្រុមហ៊ុនផលិតរថយន្តក៏បានបន្ថែមមុខងារចាក់សោ/ដោះសោទ្វារថ្មីសម្រាប់ប្រព័ន្ធ ‘My Mitsubishi Connect’ ដែលគាំទ្រមុខងារថ្មីៗជាច្រើនផងដែរ។

អតិថិជនប្រទេសជប៉ុនអាចបញ្ជាទិញ Outlander ក្នុងការកំណត់រចនាសម្ព័ន្ធ M, G, និង P រួមជាមួយនឹង Black Edition ថ្មី ដោយមានតម្លៃចាប់ផ្តើមពី៖

  • Mitsubishi Outlander Black Edition (M) មានតម្លៃ ៣១ ៧៧ ដុល្លារ សម្រាប់ ៥ កៅអី,
  • Outlander G មានតម្លៃ ៣៤ ១០៤ សម្រាប់ ៥ កៅអី និងតម្លៃ ៣៤ ៧៣៣ សម្រាប់ Outlander G ៧ កៅអី
  • Outlander P​ មានតម្លៃ ៣៧ ៧១៣ ដុល្លារសម្រាប់ ៧ កៅអី៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និង មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនFord និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ៥០០ នាក់។

អគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម ត្រូវបានបំពាក់ដោយឧបករណ៌ និងគ្រឿងបរិក្ខាទំនើបៗចុងក្រោយ​ ហើយជាងជួសជុលរថយន្ត Ford ទាំងអស់ សុទ្ធសឹងតែត្រូវបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ពីសំណាក់រោងចក្រផ្ទាល់ ព្រមទាំងមានបទពិសោធន៌យូរឆ្នាំដើម្បីបំរើអតិថិជនប្រកបដោយទំនុកចិត្ត។ អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាមនេះ ក៏មានធ្វើការដាក់តាំងបង្ហាញនូវរថយន្ត Ford ស៊េរីឆ្នាំ2023គ្រប់ម៉ូដែលទាំងអស់ ដែលសុទ្ធសឹងជារថយន្តដែលទទួលបានផ្លាស់ផ្តូររូបរាងថ្មីទាំង ស្រុង ព្រមទាំងបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ការពង្រើកសាខាអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford មកកាន់ខេត្តកំពង់ចាមនេះ គឺដើម្បីធើ្វការបង្ខិតសេវាកម្ម និងផលិតផលអោយគៀកជាមួយនឹងអតិថិជន ជាពិសេសគឺអតិថិជនដែលនៅតាមបណ្តាខេត្តនានាជុំវិញខេត្តកំពង់ចាមនេះផ្ទាល់តែម្តង។ បើគិតមកដល់ពេលនេះ យើងបានពង្រីកសាខាចំនួន៣ខេត្តរួចមកហើយគឺ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ហើយទិសដៅបន្ទាប់សំរាប់ឆ្នាំក្រោយ យើងនឹងបន្តពង្រើកដល់បណ្តាខេត្តផ្សេងៗមួយចំនួនទៀត ដូចជាខេត្តបាត់ដំបង​ និងខេត្តព្រះសីហនុជាដើម”។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា៖ “នេះគឺជាមោទនភាពរបស់ខេត្តដែលក្រុមហ៊ុនFord បានសម្រេចចិត្តពង្រើកសាខារបស់ខ្លួនមកដល់ទឹកដីខេត្តកំពង់ចាមយើងនេះ ហើយនេះក៏ជាការផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់អតិថិជនដែលប្រើប្រាស់រថយន្តFord ព្រោះអ្នកប្រើប្រាស់រថយន្តFord មួយចំនួនធំតែងតែមានការព្រួយបារម្មណ៍ក្នុងការរកគ្រឿងបន្លាស់ ហើយចាំបាច់ត្រូវតែធ្វើដំណើរទៅភ្នំពេញ តែឥឡូវនេះ គឺមិនចាំបាច់ធ្វើដំណើរទៅដល់ភ្នំពេញទៀតនោះទេ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋដែលមានធនធាន និងមានបំណងក្នុងការប្រើប្រាស់រថយន្តដែលមានគុណភាព ធន់រឹងមាំ និងប្រើប្រាស់បានយូរ សូមមកពិនិត្យមើលរថយន្តFord និងធ្វើការសម្រេចចិត្តជ្រើសរើសដោយមិនចាំបាច់មានការស្ទាក់ស្ទើរនោះទេ”។

អគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាខេត្តកំពង់ចាម មានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ អាគារលេខ៩៤០ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ខេត្តកំពង់ចាម។សម្រាប់ព័ត៌មានបន្ថែម ឬកក់សេវាកម្មជួសជុលរថយន្ត សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 078 999 883 ឬ 088 3 999 883 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio នាំយករថយន្តអគ្គិសនី ET7, EL7, និង ET5 នៅកាន់ទីផ្សារអាល្លឺម៉ង់ ហូឡង់ ដាណឺម៉ាក និងស៊ុយអែត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត ET7 , EL7 និង ETS ទៅកាន់ទីផ្សារប្រទេសអាឡឺម៉ង់ ហូឡង់ ដាណឺម៉ាក និងស៊ុយអែតជាការពង្រីកទីផ្សាររបស់ខ្លួននៅអឺរ៉ុប ។

ក្នុងនោះ Nio ET7 ជារថយន្តដំបូងបង្អស់គឺអាចបញ្ជាទិញបាននៅក្នុងប្រទេសអាឡឺម៉ង់ ហូឡង់ ដាណឺម៉ាក និងស៊ុយអែត ជាមួយនឹងការចែកចាយនៅថ្ងៃទី ១៦ ខែតុលា។ ជាមួយគ្នានេះ ការបញ្ជាទិញជាមុនសម្រាប់ EL7 និង ET5 ក៏បានបើក ហើយការដឹកជញ្ចូននឹងចាប់ផ្តើមនៅខែមករា និងខែមីនា ឆ្នាំ ២០២៣ ។

គួរឲ្យដឹងថា ម៉ូដែលទាំង ៣ ត្រូវបានផលិតឡើងរដោយគ្រោងឆ្អឹង N2 platform របស់ Nio ដែលបំពាក់នៅប្រព័ន្ធ Banyan Intelligent system, បច្ចេកវិទ្យា full-stack technology suit with computing platform, ប្រព័ន្ធប្រតិបត្តិការ operating system និងប្រព័ន្ធ OTA update​ ជាដើម។ រថយន្តទាំង ៣ នេះក៏មានបំពាក់នៅមុខងារ LiDAR, ADAM និងផ្តល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ និងមុខងារបើកបរដោយស្វ័យប្រវត្តិនៅលើផ្លូវ highway និងក្នុងទីក្រុងផងដែរ។

សម្រាប់រថយន្តអាចរកបានតាមរយៈគម្រោងសេវា (subscription plan) ជាមួយនឹងតម្លៃសម្រាប់ ET5 ចាប់ពី ៩៧២ ដុល្លារ/ខែ, ខណៈដែល ET7 មានចាប់ពី ១ ១៦៧ ដុល្លារ/ខែ និង EL7 មានតម្លៃ ១ ២៦៤ ដុល្លារ/ខែ នៅក្នុងប្រទេសអាល្លឺម៉ង់។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធានាថាម្ចាស់រថយន្តអាចសាករថយន្តរបស់ពួកគេដោយមិនមានការរំខានច្រើនពេក Nio នឹងសាងសង់ស្ថានីយចំនួន ១២០ នៅទូទាំងប្រទេសទាំង ៤ នៅឆ្នាំ ២០២៣ ហើយក៏បានបង្កើតភាពជាដៃគូជាមួយអ្នកផ្តល់សេវារថយន្តនៅក្នុងទីក្រុងធំៗទាំងអស់នៃប្រទេសថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+