ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញរូបរាងប៉ុណ្ណឹង ចុះលក្ខណៈពិសេសៗផ្សេងៗទៀត?

នាពេលបច្ចុប្បន្នរថយន្តភីកអាប់ខ្នាតកណ្តាលបានក្លាយជាជម្រើសដ៏ពេញនិយមក្នុងការជ្រើសរើសមកប្រើប្រាស់ ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុន Chevrolet បានប្រកាសចេញភីកអាប់ខ្នាតកណ្តាលថ្មី នោះគឺ Chevrolet Colorado ឆ្នាំ២០២៣ ដែលបានឌីហ្សាញរូបរាងថ្មី ហើយមានសមត្ថភាពខ្លាំងជាងមុន ថែមទាំងទំនើបជាងមុនទៀតផង។

១) ការរចនាផ្នែកខាងក្រៅ

សម្រាប់ម៉ូឌែលឆ្នាំ ២០២៣នេះ Chevrolet បានផ្តល់អោយរថយន្តសេរ៊ីថ្មីរបស់ខ្លួនជាមួយគ្រោងឆ្អឹងថ្មី និងបានបញ្ចូល DNA របស់ម៉ូដែល Silverado ប៉ុន្តែបានប្រើបំពាក់ចង្កៀងមុខ និងប៉ាណាមុខ បែបផ្ទាល់ខ្លួន មិនឲ្យច្រលំគ្នានោះទេ។ ដោយក្នុងនោះរថយន្តនេះមានចំនួណ ៥ជម្រើសម៉ូឌែលផ្សេងៗគ្នាដោយមាន WT, LT, Z71, ZR2 និងម៉ូឌែលថ្មី Trail Boss។ 

បន្ថែមពីនេះ គ្រប់ម៉ូដែលទាំងអស់ដែលបានបង្កើតឡើងនៅលើតួគ្រោងឆ្អឹងថ្មីនេះបានផ្តល់រថយន្ត Colorado ឆ្នាំ 2023 នូវប្រវែងនៃគម្លាតក់វែងជាងម៉ូឌែលបច្ចុប្បន្នចំនួន ៣,១អ៊ីញ។ អ្វីដែលពិសេសនោះគឺ វាក៏មានឈ្នាន់ជើងចំហៀង សម្រាប់ឡើងទ្រុងផ្នែកខាងក្រោយដែលមានប្រវែង ១,៥ម៉ែត្រ ទៀតផង។

សម្រាប់ការអូសទាញនៃរថយន្ត Colorado បានផ្តល់ជូននូវការអូសទាញទម្ងន់ធ្ងន់ផុតនៅក្នុងផ្នែកភីកអាប់ទំហំមធ្យម ដែលមានសមត្ថភាពអតិបរមា ៣ ៤៩២គីឡូក្រាម។ ខណៈពេលដែលម៉ូឌែល WT និង LT មានកម្លាំង ២៣៧សេះ អាចអូសសណ្តោងបានទម្ងន់ ១ ៥៨៧គីឡូក្រាម, Colorado Z71 និង Trail Boss អាចទាញបានរហូតដល់ ៣ ៤៩២គីឡូក្រាម និង Colorado ZR2 បានទម្ងន់ ២ ៧២១គីឡូក្រាម។

២) ការរចនាផ្នែកខាងក្នុង

ចូលទៅផ្នែកខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ និង អេក្រង់កម្សាន្តទំហំ ១១,៣អ៊ីញ ខណៈអេក្រង់នោះអាចបង្ហាញព័ត៌មាន Off-road Performance ដូចជា ស្ថានភាពផ្លូវ និង សម្ពាធកង់ ជាដើម។

បន្ថែមពីនេះ វាក៏មាន Option មួយចំនួនទៀត ដូចជា ពូកស្បែករំលេចដោយថ្នេរដេរពណ៌ក្រហម ហើយមានមុខងារកម្តៅ និងអាចសារ៉េបាន ៨បែប, ប្រព័ន្ធសោរ Remote Keyless Entry, ប្រព័ន្ធសំឡេងមាន Speaker ៦គ្រាប់, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ និងកន្លែងដាក់ឥវ៉ាន់នៅក្រោមកៅអីក្រោយ ជាដើម។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

Chevrolet Colorado ២០២៣ មានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន រួមទាំង 

  • ប្រព័ន្ធជាន់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តិក្នុងលក្ខខណ្ឌមានមនុស្ស ឬកង់ឆ្លងកាត់ Automatic Emergency Braking 
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ Forward Collision Alert
  • ប្រព័ន្ធជាន់ហ្រ្វាំងបន្ទាន់ពេលមានអ្នកថ្មើជើងឆ្លងកាត់នៅផ្នែកខាងមុខ Front Pedestrian Braking
  • ប្រព័ន្ធធ្វើការដំឡើង និងទំលាក់ (ហ្វា/កូដ)ភ្លើងដោយស្វ័យប្រវត្តិដ៏ឆ្លាតវៃ IntelliBeam headlights
  • ប្រព័ន្ធរក្សារថយន្តអោយបើកបរក្នុងគន្លងផ្លូវ Lane Keep Assist

  • ប្រព័ន្ធផ្តល់សញ្ញាដោយស្វ័យប្រវត្តិដល់អ្នកបើកបរ អំពីហានិភ័យនៃរថយន្ត ដែលវ៉ាពីខាងក្រោយ Lane Departure Warning
  • ប្រព័ន្ធបញ្ជារកំណត់ល្បឿនបើកបរ ដោយស្វ័យប្រវត្តិ​តាមរថយន្តដែលនៅពីមុខ ដែលអនុញ្ញាតអោយយើងអាចធ្វើការកំណត់ល្បឿនបើកបរដោយស្វ័យប្រវត្តិ និងការផ្លាស់ប្តូរល្បឿនទៅតាមស្ថានភាពផ្លូវ Adaptive Cruise Control
  • ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់នៅពេលមានឧបសគ្គ ឬអ្នកឆ្លងកាត់នៅផ្នែកខាងក្រោយ Rear Cross Traffic Braking 
  • ប្រព័ន្ធផ្តល់ដំណឹងដើម្បីជួយអ្នកបើកបរជៀសវាងគ្រោះថ្នាក់ជាមួយអ្នកថ្មើរជើងនៅពេលថយក្រោយ Rear Pedestrian Alert 

៤) ថាមពលម៉ាស៊ីន

សម្រាប់ម៉ាស៊ីននៃ រថយន្តភីកអាប់នេះ Chevrolet បាននិយាយថាម៉ាស៊ីនថ្មីនេះមានសម្ថភាពខ្លាំងជាមុនទាំងកម្លាំងសេះ និងកម្លាំងបង្វិលជុំ ដោយក្នុងនោះ Colorado ២០២៣ ប្រើម៉ាស៊ីន ៣ ជម្រើស គឺចំណុះ ២,៧លីត្រ Turbo ទំហំ ៤ស៊ីឡាំង៖

  • កម្លាំង ២៣៧សេះ និងកម្លាំងរមួល ៣៥១ញ៉ូតុនម៉ែត្រ សម្រាប់ម៉ូឌែល WT និង LT
  • កម្លាំង ៣០១សេះ និងកម្លាំងរមួល ៥២៨ញ៉ូតុនម៉ែត្រ សម្រាប់ម៉ូឌែល Z71 និង Trail Boss
  • និងកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៨២ញ៉ូតុនម៉ែត្រ សម្រាប់ម៉ូឌែល ZR2

បន្ថែមពីនេះរថយន្តភីកអាប់ខ្នាតកណ្តាលនេះមានកម្រិតស៊ីប្រេងជាមធ្យម ១២លីត្រ/១០០គីឡូម៉ែត្រ និងមានជម្រើសនៃម៉ូដបើកបរចំនួន ៥ គឺ Normal, Tow/Haul, Off-road, Terrain និង Baja។

៥) តម្លៃ

Chevrolet Colorado ឆ្នាំ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ វានឹងមានតម្លៃចាប់ពីខ្ទង់ ២៨០០០ដុល្លារ នៅពេលចេញលក់ជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Fit ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Fit ស៊េរីឆ្នាំ ២០២៣​ ដែលទទួលបានការកែមុខមាត់ថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ១០ ៩៤៤ ដុល្លារ ដល់ ១៨ ៣០៦ ដុល្លារ ក្នុងទីផ្សារប្រទេសជប៉ុន។

ការរចនាផ្នែកខាងក្រៅរបស់ Honda Fit ស៊េរីឆ្នាំ ២០២៣ ត្រូវបានកែប្រែតិចតួច ប៉ុន្តែអ្វីដែលពិសេសនោះគឺ ម៉ូដែល RS ដែលសង្កត់ធ្ងន់ទៅលើរូបរាងបែបស្ព័រ ជាមួយនឹងប៉ាណាមុខ cross-grilled ពណ៌ខ្មៅ កាងខាងមុខរចនាម៉ូដ RS ជាមួយនឹងឡូហ្គោ RS នៅលើរន្ធខ្យល់ចេញ-ចូល កាងឈ្នាន់ជើងចំហៀងតុបតែងដោយពណ៌ខ្មៅ កាងខាងក្រោយត្រូវបានរចនាថ្មី, កាង spoiler ខាង​ក្រោយ និង​ថាស​កង់ស្ព័រប្រភេទ 5-spoke រចនាជាពីរពណ៌ជាដើម។

រីឯនៅផ្នែកខាងក្នុង មានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing ADAS ជាស្តង់ដារលើគ្រប់ម៉ូដែលទាំងអស។ រួម​ទាំង​ការ​ដំឡើងមុខងារ Deceleration Selector នៅ​លើ​ចង្កូត​ដើម្បី​បង្កើន​ការបន្ថែម-​បន្ថយ​ល្បឿន​ ដោយមានរបៀប​បើកបរ​ចំនួន ៣ រួមមាន Normal, Sport និង Eco។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Fit ស៊េរីឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសជប៉ុន គឺប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ Hybrid e:HEV អាចផលិតកម្លាំងបាន ១០៦ សេះ និងកម្លាំងរមួល ១២៧ ញ៉ូតុនម៉ែត្រ និងបន្ថែមជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងពី ១៤ សេះ ដល់ ១២៣ សេះ កម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ។ ខណៈម៉ូដែលផ្សេងទៀតគឺម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំងដែលមានកម្លាំង ១១៨ សេះ និងកម្លាំងរមួល ១៤២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។ ក្នុងនោះ រថយន្ត Honda Fit ក៏​មាន​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផង​ដែរនៅប្រព័ន្ធ suspension ​រួម​ជាមួយ​នឹង​ការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានមកពីចិន យកឈ្នះឡានមកពីកូរ៉េ ជាលើកដំបូង នៅអូស្ត្រាលី

[ទីផ្សារបរទេស] ចំនួននៃការលក់រថយន្តនាំចូលពីប្រទេសចិន នៅប្រទេសអូស្ត្រាលី បានឈានដល់ចំណុចខ្ពស់ថ្មីមួយ ដោយ​ពេល​នេះ​រថយន្ត​ចិន ក្លាយជាប្រភេទរថយន្តថ្មី​ធំលំដាប់ទីបីសម្រាប់ទីផ្សារនេះ។

ទិន្នន័យលក់នៃរថយន្តថ្មីប្រចាំខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញថា រថយន្ត​ដែលនាំចូលពីប្រទេសចិន ពេលនេះស្ថិតនៅចំណាត់​ថ្នាក់​លេខ​បី​ពី​ក្រោយរថយន្តនាំពីជប៉ុន និងថៃ និងនាំមុខរថយន្តកូរ៉េខាងត្បូង, អាល្លឺម៉ង់ រួមជាមួយ​សហរដ្ឋ​អាមេរិក។

កាលពីឆ្នាំ២០២១ រថយន្តនាំពីប្រទេសចិន ធ្លាប់ជាប្រភពធំទីបួន នៃរថយន្តថ្មីដែលលក់ចេញនៅអូស្ត្រាលី បន្ទាប់ពីបានឈរលេខ​រៀង​ទី​៦ នៅឆ្នាំ២០២០, លេខរៀងទី៨ នៅឆ្នាំ២០១៩ និងលេខរៀងទី១២ នៅឆ្នាំ២០១៨។

ការកើនឡើងនៃការលក់របស់រថយន្តចិននៅអូស្ត្រាលី ក៏ដោយសារ​កំណើននៃការលក់រថយន្តរបស់ក្រុមហ៊ុន MG, Great Wall Motors-Haval និងក្រុមហ៊ុន LDV ជាដើម។

ចំនួនលក់រថយន្ត​ពីប្រទេសចិន ទទួលបានការជម្រុញបន្ថែមទៀត ក្រោយពីរថយន្ត Tesla ដែលផលិតនៅចិន ចាប់​ផ្ដើម​ចាក់បញ្ចូល​ក្នុងតួលេខ​ផ្លូវការ​ចាប់ពីខែមីនា ឆ្នាំ២០២២ ខណៈដែលរថយន្តអគ្គិសនី Polestar ក៏ផលិតនៅប្រទេសចិនដែរ។

បច្ចុប្បន្ននេះ MG កំពុងឈរនៅតំណែងលេខ៧ ជាក្រុមហ៊ុនលក់រថយន្តចេញបានច្រើនជាងគេនៅអូស្ត្រាលី ក្រោយ​ពី​បានហក់​ឡើង​ចំណាត់ថ្នាក់កំពូលទាំង១០ជាលើកដំបូង ដោយបានជាប់លេខ៩ នៅឆ្នាំ២០២១ នាំមុខក្រុមហ៊ុន Subaru និង​នៅ​ពី​ក្រោយ Volkswagen៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតត្រឹមពេលនេះ Toyota នៅចាញ់ប្រៀប General Motors ជិត ៨ម៉ឺនគ្រឿង

[ទីផ្សារបរទេស] នៅដើមខែតុលានេះ ក្រុមហ៊ុនរថយន្តជាច្រើនក្នុងសហរដ្ឋអាមេរិក​ចាប់ផ្ដើម​ប្រកាស​លទ្ធផល​លក់​សម្រាប់​រយៈពេល​បីត្រីមាសដំបូង និងសម្រាប់ត្រីមាសទីបីនៃ​ឆ្នាំ​២០២២នេះ។

ជាលទ្ធផលឃើញថា ក្រុមហ៊ុន General Motors អាចលក់រថយន្តបាន ៥៥៥ ៥៨០គ្រឿង នៅត្រីមាសទីបី កើនឡើង ២៤% ធៀប​នឹងត្រីមាសទីបីកាលពីឆ្នាំ២០២១។ ចំណែក Toyota លក់បាន ៥២៦ ០១៧គ្រឿង ថយចុះ ៧,១% ដែលនេះ​គឺជាត្រីមាស​ទីពីរ​ដែលឃើញថាក្រុមហ៊ុន General Motors អាចលក់បានច្រើនជាង Toyota។

សរុបរយៈពេលបីត្រីមាស General Motors អាចលក់រថយន្តបានជាង ១,៦៥លានគ្រឿង ដែលច្រើនជាងជិត ៨ម៉ឺនគ្រឿង បើ​ប្រៀប​ធៀបនឹងចំនួនលក់ ១,៥៧លានគ្រឿង របស់ Toyota។ លទ្ធផលនេះធ្វើឲ្យ General Motors អាចកាន់កាប់តំណែង​ជា​ក្រុមហ៊ុន​លក់​រថយន្តដាច់ជាងគេប្រចាំឆ្នាំ​ជា​បណ្ដោះ​អាសន្ន។

រំលឹកទៅឆ្នាំ២០២១ Toyota បានយកឈ្នះ General Motors ក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់បានច្រើនជាងគេនៅ​សហរដ្ឋ​អាមេរិក​ ជា​លើក​ដំបូង​ក្នុងពេល៩០ឆ្នាំ ដែលក្រុមហ៊ុន General Motors បានបាត់បង់តំណែងលេខមួយ។

ក្រឡេកមើល Stellantis Group ដែលជាម្ចាស់ម៉ាក Ram, Dodge និង Chrysler ជាដើម​អាចលក់រថយន្ត​បាន​ជិត ៣៨,៦ម៉ឺន​គ្រឿង នៅត្រីមាសទីបី ថយចុះ ៦% ខណៈដែល Honda ថយចុះការលក់ជិត ៣៦% និង Ford លក់បាន​តិច​ជាង​មុន ៨,៩%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជន​កូរ៉េត្រូវរង់ចាំ ៣០ ខែ​ដើម្បីទទួលបានរថយន្ត Hyundai, Kia និង Genesis Models ថ្មី

[បរទេស] បច្ចុប្បន្ននេះ មូលហេតុចម្បងនៃការពន្យាពេលចែកចាយរបស់ក្រុមហ៊ុនផលិតរថយន្ត ដោយសារការកង្វះខាតបន្ទះឈីប និងការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការរថយន្តថ្មី បណ្តាលឲ្យអតិថិជននៅក្នុងប្រទេសកូរ៉េត្រូវរង់ចាំរហូតដល់ ៣០ខែ ដើម្បីជាម្ចាស់រថយន្ត Hyundai, Kia ឬ Genesis។

ក្នុងនោះ ពួកគេគិតថាការបណ្តាក់ទុនរួមគ្នា Hyundai – Kia កំពុងផ្តល់អាទិភាពដល់ទីផ្សារបរទេស ព្រោះរូបិយប័ណ្ណកូរ៉េមានភាពខុសគ្នាខ្ពស់បើធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលមានន័យថា ប្រសិនបើក្រុមហ៊ុននេះលក់រថយន្តនៅទីផ្សារបរទេស ក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញខ្ពស់ និងការចំណាយទាប។

យោងតាមគេហទំព័រ Korea Times អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសកូរ៉េបាននិយាយថា ពួកគេត្រូវរង់ចាំរហូតដល់ ៣០ ខែដើម្បីក្លាយជាម្ចាស់រថយន្តម៉ាក Hyundai, Kia ឬ Genesis ថ្មី ដែលកើនឡើងពី ២៣ ខែមុន។ នេះត្រូវបានផ្ទៀងផ្ទាត់ដោយការផ្លាស់ប្តូររថយន្តក្នុងស្រុកសម្រាប់ ២៦ ម៉ូដែលពីម៉ាកខាងលើ។

បច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ពេលវេលាចែកចាយសម្រាប់ម៉ូដែល Kia K3 និង K5 បានកើនឡើងពី ៣ ខែទៅ ៥ ខែ ប្រហែលជារហូតដល់ ៨ ខែសម្រាប់ម៉ូដែល K5 ស៊េរីខ្ពស់មួយចំនួន និង ២ខែ សម្រាប់ម៉ូដែល K8 និង Sorento Hybrid ។ ទន្ទឹមនឹងនេះ អតិថិជន Hyundai Avante, Sonata, Grandeur និង Santa Fe នឹងត្រូវរង់ចាំ ៦ ដល់ ២០ ខែដើម្បីទទួលបានរថយន្ត។ មិន​ត្រឹម​តែ​ទីផ្សារ​កូរ៉េ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់ទីផ្សារ​បរទេស​ក៏ត្រូវរង់​ចាំ​មួយ​រយៈ​ដើម្បី​ទទួលបាន​រថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Mitsubishi Triton Sport Edition ២០២៣ ផលិតតែ ៤០០ គ្រឿងសម្រាប់តែទីផ្សារអូស្រ្តាលីប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តភីកអាប់ Mitsubishi Triton Sport Edition ស៊េរីឆ្នាំ ២០២៣ ដែលនឹងត្រូវបានផលិតក្នុងចំនួនមានកំណត់ត្រឹម ៤០០ គ្រឿងសម្រាប់ទីផ្សារប្រទេសអូស្រ្តាលី។

ម៉ូដែលពិសេសនេះ ត្រូវបានផ្អែកលើ GLS Deluxe ជាមួយនឹងរចនាប័ទ្មតួរថយន្ត Dual Cab ប៉ុន្តែមានលក្ខណៈពិសេសមួយចំនួននៃរចនាប័ទ្មដែលសម្គាល់វាពីស៊េរីដែលនៅសល់ ដូចជា ប៉ាណាមុខ ត្រឡោកកញ្ចក់ ថាសកង់ស្ព័រ និងកាងខាងក្រោយត្រូវបានតុបតែងជាមួយពណ៌ខ្មៅ ជាមួយនឹងក្រូម៉េ chrome dynamic Shield មានពណ៌ប្រផេះ។

បន្ទះការពារបាតក្រោមខាងមុខ ឈ្នាន់ជើងចំហៀង និងកាងខាងក្រោយក៏ត្រូវបានតុបតែងជាមួយពណ៌ក្រហម។ ខណៈស្ទីកគ័ ពណ៌ក្រហម ឆ្នូតប្រផេះត្រូវបានបន្ថែមលើគម្របម៉ាស៊ីន និងផ្នែកខាងក្រោយដែលបន្ថែមភាពកាន់តែស្ព័រផងដែរ។

រីឯនៅផ្នែកខាងក្នុង កៅអីត្រូវបានស្រោបដោយស្បែកខ្មៅជាមួយនឹងថ្នេដេរពណ៌ក្រហម ដូចទៅនឹង GLS Deluxe ដែលវាត្រូវបានផ្អែកលើ។ បន្ថែមពីនេះ Sport Edition ភ្ជាប់មកជាមួយកៅអីអ្នកបើកបរដែលមានមុខងារកំដៅ និងលៃតម្រូវតាមរយៈថាមពលអគ្គិសនី និងដៃទ្វារស្រោបដោយស្បែកផងដែរ។ មិនតែប៉ុណ្ណោះ ការផ្លាស់ប្តូរផ្សេងទៀតសម្រាប់ត្រកូល Triton ឆ្នាំ ២០២៣ រួមមានការបន្ថែមឈ្នាន់ជើងចំហៀងពណ៌ខ្មៅជាស្តង់ដារនៅក្នុងប្រភេទ GLX trim នឹងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញសម្រាប់ GLX-R និង GLS ។

ទីបំផុត ក្រុមហ៊ុន Mitsubishi បានដកម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ដែលមានតែនៅក្នុង Triton GLX Single Cab Chassis ប៉ុណ្ណោះ។ នេះមានន័យថា សម្រាប់ប្រភេទ Triton ទាំងអស់ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbodiesel ដែលផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ និងប្រអប់លេខដៃ ៦ វគ្គ និងជម្រើសប៉ុង​ ១ និងប៉ុង ២ផងដែរ។

តាមការគ្រោងទុក ម៉ូដែលពិសេស Mitsubishi Triton ស៊េរីឆ្នាំ ២០២៣ នឹងដាក់លក់ក្នុងខែធ្នូ ជាមួយនឹងតម្លៃចាប់ពី ១៩ ៦១១ ដុល្លារ ដល់ ៤១ ២២៧ ដុល្លារ។ ខណៈ ម៉ូដែល Triton Sport Edition 4×4 drive system មានតម្លៃ ៣៦ ០០០ ដុល្លារ នៅប្រទេសអូស្ត្រាលី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Tesla Model S នេះ ត្រូវបានម្ចាស់លេងខ្លួនដូចទៅនឹងតួអង្គ Iron Man

[បរទេស] កាលពីពេលថ្មីៗនេះ ប្រទះឃើញរថយន្តអគ្គិសនី Tesla Model S ដ៏ចម្លែកចតនៅក្នុងប្រទេសបារាំង ជាមួយការ​រចនា​របស់​វា​ត្រូវ​បាន​កែ​លម្អ​ដោយ​ផ្នែក​ជា​ច្រើនដែល​មើល​ទៅ​ទទួល​បាន​ការ​បំផុស​គំនិត​ពីតួអង្គ Iron Man។

សម្រាប់ផ្នែកខាងក្រៅ ត្រូវបានបិទដោយស្ទីកគ័រ ដែលរួមបញ្ចូលគ្នារវាងពណ៌ក្រហម ប្រផេះ មាស និងខ្មៅ។ ការផ្លាស់ប្តូរជាច្រើនត្រូវបានធ្វើឡើងចំពោះតួខ្លួន Tesla ។ ការផ្លាស់ប្តូរទាំងនេះគឺជាក់ស្តែងបំផុតនៅផ្នែកខាងមុខ ដែលរចនាថ្មីទាំងស្រុងដែលធ្វើឲ្យផ្នែកមុខមានរូបរាងស្រួច។ គម្រប់ម៉ាស៊ីនថ្មីនេះ មានលក្ខណៈពិសេសជាមួយការរចនាពណ៌ខៀវដ៏ធំដូចទៅនឹងអាវក្រោះរបស់ Iron Man, របាំងការពារភុករចនាជាពណ៌មាស និងចង្កៀងក្រោយ LED ពណ៌ស្វាយផងដែរ។

ការផ្លាស់ប្តូរយ៉ាងធំ ក៏ត្រូវបានធ្វើឡើងចំពោះផ្នែកខាងក្រោយដូចជា កាង spoiler  និងកាងដែលបានរចនាឡើងវិញជាមួយនឹងបំពង់ស៊ីមាំងទំហំធំ ដែលតុបតែងជាមួយពណ៍ក្រហម ប្រាក់ និងពណ៌មាស។

សម្រាប់តម្លៃ យើងមិនដឹងថាតើម្ចាស់ Tesla នេះចំណាយប្រាក់ប៉ុន្មានដើម្បីធ្វើការកែច្នៃនេះទេ។ ជាមួយគ្នានេះដែរ នេះ​មិន​មែន​ជា Tesla ដែល​តុបតែងតួខ្លួនដូចទៅនឹង Iron Man ដំបូង​នោះទេ ដោយកាលឆ្នាំ ២០១៩ គេបានប្រទះឃើញទាំង Tesla Model S និង Model X នៅសហរដ្ឋអាមេរិកដែលមានរចនាកែច្នៃស្រដៀងគ្នានេះដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម VinFast នឹងនាំយករថយន្តអគ្គិសនីចំនួន ៤ ម៉ូដែល ទៅកាន់ពិរព័ណ៍ Paris Motor Show 2022

[បរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងដាក់បង្ហាញម៉ូដែលរថយន្តអគ្គិសនីចំនួន ៤ ដែលរួមមាន VF 6, VF 7, VF 8 និង VF 9 ក្នុងកម្មវិធីពិរព័ណ៍រថយន្ត Paris Motor Show 2022 នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។

ព្រឹត្តិការណ៍នេះគឺជាលើកទីមួយហើយដែល VinFast បានបង្ហាញជាផ្លូវការនៅផលិតផលរថយន្តអគ្គិសនីជាច្រើនប្រភេទទៅកាន់ទីផ្សារប្រទេសបារាំង។ ក្នុងនោះ កាលពី ៤ ឆ្នាំមុន នៅពិរពណ៍ Paris Motor Show 2018 ដែលជាកន្លែងដែល VinFast ចូលក្នុងផែនទីឧស្សាហកម្មរថយន្តពិភពលោកជាលើកដំបូង។

នៅឯការតាំងពិរពណ៍ឆ្នាំនេះ VinFast ត្រូវបានគេរំពឹងថានឹងបង្ហាញរថយន្ត VF 6 និង VF 7 ដែលសហការរចនាជាមួយ Torino Design ។ ទន្ទឹមនឹងនេះ រថយន្ត VF 8 និង VF 9 ក៏នឹងត្រូវបានបង្ហាញផងដែរ ដែលរចនាដោយ Pininfarina ។ តំណាង​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ទាំង ៤ ម៉ូដែល​មាន​គោលការណ៍​ធានា​រយៈពេល ១០ ឆ្នាំ។

ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការដាក់បង្ហាញលើកដំបូងរបស់ខ្លួនទៅកាន់ពិភពលោក VinFast កំពុងអភិវឌ្ឍបន្តិចម្តងៗនៅប្រព័ន្ធ ecosystem រថយន្តអគ្គិសនីចម្រុះ ចាប់ពីរថយន្តក្រុង រថយន្ត ម៉ូតូអគ្គិសនី និងដំណោះស្រាយថាមពលស្អាត។ ជាពិសេស ត្រកូលផលិតផលរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះមាន ៥ ម៉ូដែល ដោយបែងចែកផ្នែកពី A ដល់ E ពី VF 5 ដល់ VF 9 ។

ក្នុងនោះ លោកស្រី Le Thi Thu Thuy អនុប្រធានក្រុមហ៊ុន Vingroup និងជាអគ្គនាយកក្រុមហ៊ុន VinFast ទូទាំងពិភពលោកបានមានប្រសាសន៍ថា “Paris Motor Show 2018 គឺជាកន្លែងដំបូងដែល VinFast បញ្ជាក់ទៅកាន់ពិភពលោកថាជនជាតិវៀតណាមបានស្ទាត់ជំនាញលើឧស្សាហកម្មរថយន្ត។ លើកនេះត្រឡប់ទៅទីក្រុងប៉ារីសវិញ យើងនាំសារមិនត្រឹមតែផលិតរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅដំណាក់កាលនៃការផលិតរថយន្តផងដែរ។

Lux A2.0

នៅក្នុងកម្មវិធី Paris Motor Show កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន VinFast បានបង្ហាញរូបរាងដ៏គួរអោយចាប់អារម្មណ៍ជាមួយនឹងគំរូរថយន្តសាំងចំនួន ២ គឺ Lux A2.0 និង Lux SA2.0 ហើយបានដាក់ឈ្មោះប្រទេសវៀតណាមនៅលើផែនទីពិភពលោកនៃឧស្សាហកម្មរថយន្ត។ ជាលទ្ធផល VinFast ត្រូវបានផ្តល់កិត្តិយសដោយ AutoBest ជា “តារាថ្មី” នៃទីផ្សាររថយន្តអន្តរជាតិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្តមកពីត្រកូល 7-series ប្រើថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់មួយនេះ មានលក្ខណៈពិសេសអ្វីខ្លះ?

BMW កំពុងតែវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនាពេលអនាគត ហើយថ្មីៗនេះបានប្រកាសចេញរថយន្តត្រកូល 7-series ប្រើថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់ ហៅថា BMW i7 xDrive60។

១) ការរចនាផ្នែកខាងក្រៅ

រថយន្ត BMW i7 xDrive60 មានការឌីហ្សាញកាត់តាមម៉ូដែលប្រើសាំង BMW 7-series ប៉ុន្តែបានបង្កប់ DNA បែបអនាគតនៅក្នុងនោះជាច្រើន។ វាបំពាក់អំពូល Daytime Running Light រាងស្លីមនៅខាងលើ ខណៈចង្កៀងមុខវាយកមកដាក់នៅខាងក្រោមវិញ អមដោយប៉ាណាមុខភ្លោះប្រចាំត្រកូលបញ្ឈរដ៏ធំ។ ចំណែកឯផ្នែកចំហៀងវិញ យើងនឹងអាចមើលឃើញរូបរាងដ៏វែងរបស់វា ស្រដៀងទៅនឹងរថយន្ត BMW 7-series ប្រើសាំងដែរ ប៉ុន្តែអ្វីដែលខុសគ្នា គឺការឌីហ្សាញស្តុបក្រោយ LED ដូចស្លាបសត្វ ដែលមើលទៅ Smooth និង Clean ជាង។

២) ការរចនាផ្នែកខាងក្នុង

ចូលទៅមើលផ្នែកខាងក្នុងវិញ វាមានភាពធំទូលាយ, ទំនើប និង ប្រណីត ដូចទៅនឹងម៉ូដែល 7-series ប្រើសាំងដែរ ហើយអ្វីដែលពិសេសនោះ គឺការផ្តល់នូវ Option Executive Lounge Package ដែលប្តូរកៅអីក្រោយធម្មតាចេញ ដាក់កៅអីសាឡុងធំ មានមុខងារកាច់ឡើងចុះ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង ខ្នើយកល់កទៀតផង។

មិនតែប៉ុណ្ណោះ ដោយសារតែ i7 ខ្ចីតាបឡូឌីជីថលពីម៉ូដែល BMW iX SUV ដូច្នេះវាក៏បំពាក់កុងទ័រឌីជីថល និង អេក្រង់កម្សាន្ត អណ្តែត លើបន្ទះកញ្ចក់តែមួយផ្ទាំងប៉ុណ្ណោះ។ រឹតតែពិសេសនោះគឺ វាក៏មាន Option អេក្រង់កម្សាន្តនៅកៅអីក្រោយ ទំហំដល់ទៅ ៣១,៣អ៊ីញ ដែលអាចមើល Netflix, Hulu និង YouTube តាមរយៈប្រព័ន្ធ 5G លើរថយន្ត ទៀតផង។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

ចំពោះប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ មានដូចជា hands-free driving mode សម្រាប់ប្រើលើផ្លូវ highway និងប្រព័ន្ធជំនួយចូលចត parking assistant system ដែលអនុញ្ញាតឲ្យអ្នកបើកបរចេញពីរថយន្ត ហើយចតរថយន្ត តាមរយៈកម្មវិធីលើស្មាតហ្វូន, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ automated emergency braking with pedestrian detection, ប្រព័ន្ធ lane-departure warning with lane-keeping assist និង ប្រព័ន្ធ adaptive cruise control ជាដើម។

៤) ថាមពលម៉ាស៊ីន

រថយន្ត BMW i7 xDrive60 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៤៤ញ៉ូតុនម៉ែត្រ ប្រើប៉ុង២។ វាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តនេះបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០១,៧គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣០០មាយ៍ ឬ ៤៨៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាក៏គាំទ្រល្បឿនសាកថ្មលឿនដល់ ១៩៥គីឡូវ៉ាត់ ដែល BMW អះអាងថា អាចសាកបានចម្ងាយ ១២៨គីឡូម៉ែត្រ ដោយប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។

៥) តម្លៃ

រថយន្ត BMW i7 xDrive60 នឹងមានតម្លៃចាប់ពីខ្ទង់ ១១០០០០ដុល្លារ នៅសហរដ្ឋអាមេរិក ហើយនឹងដឹកឲ្យដល់ដៃអតិថិជននៅត្រីមាសទី៤ ឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Foxconn បង្ហាញវីដេអូ Teaser នៃភីកអាប់អគ្គិសនី Model V មុខពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតថយន្ត Foxconn បានធ្វើការដាក់បង្ហាញចេញនៅវីដេអូ Teaser នៃ​ភីកអាប់​អគ្គិសនី​ Model V មុន​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា។

មិនដូចរថយន្ត Foxconn ផ្សេងទៀតដូចជា Model E និងម៉ូដែល B ដែលនឹងត្រូវដាក់បង្ហាញក្នុងពេលឆាប់ៗនេះ ដែលត្រូវបានរចនាឡើងដោយ Pininfarina ដោយភីកអាប់ Model V ត្រូវបានរចនាដោយស្ទូឌីយោរចនាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនតៃវ៉ាន់។

សម្រាប់នៅផ្នែកចំហៀងនៃម៉ូដែល V អាចមើកដឹងថាគឺជារថយន្តភីកអាប់ dual-cab ផ្នែកតូច ដែលមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Ford Ranger ។ ផ្នែកខាងមុខត្រូវបានកំណត់លក្ខណៈដោយចង្កៀង LED រាងអក្សរ L, កាងស្រដៀងទៅនឹងរថយន្ត Peugeot ឡូហ្គោអក្សរ HH ដែលសំដៅទៅលើ Hon Hai Technology Group ដែលជាក្រុមហ៊ុនមេរបស់ Foxconn ។

ខណៈ ប៉ាណាមុខត្រូវបានរចនាបិទជិត រួមបញ្ចូលជាមួយសេនស័រ ADAS ខណៈពេលដែលកាងខាងមុខត្រូវបានរចនាយ៉ាងទំនើប។ ចំពោះរចនាប័ទ្មផ្សេងទៀតដែលយើងអាចមើលឃើញគឺ ចង្កៀងក្រោយរចនាប័ទ្មដូចទៅនឹង F-150-style ជាដើម ។

គួរបញ្ជាក់ផងដែរដា រថយន្តភីកអាប់អគ្គិសនីនឹងត្រូវបានដាក់បង្ហាញនៅទិវា Hon Hai Tech Day 2022 រួមជាមួយនឹងម៉ូដែល B EV ហើយក្រុមហ៊ុននឹងបង្ហាញបន្ថែមអំពីលក្ខណៈបច្ចេកទេសរបស់ម៉ូដែលនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+