ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចាប់ដៃជាមួយ FAW បង្ហាញចេញឡាន SUV តម្លៃខ្ទង់ ៤ មុឺនដុល្លារ នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនរបស់ចិន FAW ដោយបានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Tavendor ប្រភេទ SUV ជាមួយតម្លៃលក់ចាប់ពី ៤២ ០០០ ដុល្លារនៅក្នុងប្រទេសចិន។

រថយន្ត VW Tavendor ត្រូវបានផលិតឡើងនៅលើស្ថាបត្យកម្ម MQB Evo មានប្រវែងតួខ្លួនសរុប ៤ ៩៣៦ ម.ម ទទឹង ២ ០១៥ ម.ម កំពស់ ១ ៧៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម ។ ដោយមានការរចនាយ៉ាងលេចធ្លោជាមួយនឹងប៉ាណាមុខមួយផ្ទាំងធំ អមដោយចង្កៀងមុខប្រភេទ LED និងចង្កៀងខាងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, កាងខាងក្រោយរចនាបែបស្ព័រ និងបំពាក់ជាមួយថាសកង់ស្ព័រទំហំធំ។

ចំពោះនៅខាងក្នុងកាប៊ីន ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដោយមានកុងទ័រព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៊ីញ, ដៃចង្កូតពហុមុខងារ, ចង្កឹះលេខអេឡិចត្រូចនិច និងដំបូលបើកបែប Panoramic sunroof ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ VW Tavendor ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៣ សេះ ដល់ ២១៧ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ DSG ៧ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សន្ទុះនៃការគាំទ្ររថយន្ត Xpander និង Xpander Cross បានហក់ឡើងខ្លាំងចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ នេះ

នៅក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាយើង ការទិញរថយន្តថ្មីពីសំណាក់អតិថិជនកំពុងមានការកើនឡើងគួរអោយកត់សម្គាល់។ ដោយឡែក បើយើងក្រឡេកមកមើលរថយន្តម៉ាក Mitsubishi ដែលជាម៉ាករថយន្តដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ក៏កំពុងទទួលបានកំនើនប្រជាប្រិយភាពយ៉ាងច្រើនផងដែរ។ ក្នុងនោះដែរ ក្រៅពីរថយន្តប្រភេទភីគអាប់(Triton)​ រថយន្តម៉ូដែល Mitsubishi Xpander និង Xpander Cross ដែលជារថយន្តប្រភេទ MPV បែបលក្ខណៈគ្រួសារ ក៏កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើន ហើយកំពុងតែក្លាយជារថយន្តប្រភេទ MPV ដែលលក់ដាច់បំផុតនៅក្នុងទីផ្សារកម្ពុជា។

កត្តាដែលជម្រុញអោយរថយន្តទាំង២ម៉ូដែលនេះទាក់ទាញប្រជាប្រិយភាពពីសំណាក់អតិថិជនកម្ពុជាយើងមានដូចជា:

  • ការរចនាផ្នែកខាងក្រៅ: ការរចនារបស់ Xpander និង Xpander Cross បានបង្ហាញពីភាពស្រស់ស្អាត មុខកាច ប្រកបដោយភាពទាក់ទាញ ដែលសាកសមសំរាប់អតិថិជនដែលចូលចិត្តភាពស៊ីវីល័យ។

  • ការរចនាផ្នែកខាងក្នុង: ផ្នែកខាងក្នុងនៃរថយន្តទាំង២ម៉ូដែលនេះ ត្រូវបានរចនាថ្មីទាំងស្រុងដែលធ្វើអោយរថយន្តនេះមើលមក កាន់តែទំនើបជាងមុន កាន់តែស៊ីវីល័យ និងរឹតតែស្រស់ស្អាតបែបប្រណីតជាមួយការរចនាដោយបន្ថែមជាមួយនឹងស្បែកសឹងតែគ្រប់កន្លែង។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងនៃរថយន្តទាំង២ម៉ូដែលនេះ ត្រូវបានអតិថិជនលាន់មាត់សរសើរពីភាពធំទូលាយ និងការកាត់បន្ថយសំឡេងរំខានពីខាងក្រៅ ទោះបីជាពេលបើកលឿនក៏ដោយ។

  • បច្ចេកវិទ្យា: សំរាប់ម៉ូដែលថ្មីនៃរថយន្ត Xpander និង Xpander Cross នេះមានបំពាក់បច្ចេកវិទ្យាទំនើបៗជាងមុខជាច្រើនដូចជា ហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធ Auto Hold អេក្រង់Touch Screen អាចភ្ចាប់ Apple CarPlay/Android Auto​ ប្រព័ន្ធSmart Key ចង្កូតធូរងាយស្រួលបើកបរ ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបDigital និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត។

  • ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុន: រថយន្តទាំង២ម៉ូដែលនេះបានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុនដូចជា ប្រព័ន្ធហ្វ្រាំង ABS, EBD, BA​ ប្រព័ន្ធផ្តល់សញ្ញាពេលជាន់ហ្វ្រាំងបន្ទាន់ (ESS) ប្រព័ន្ធទប់លំនឹង (ASTC) ប្រព័ន្ធជំនួយពេលឡើងចំណោត(HSA) កាំមេរ៉ាក្រោយ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

  • តម្លៃ: ត្រង់នេះគឺសំខាន់ជាងគេ ព្រោះថារថយន្តទាំង២ម៉ូដែលនេះ គឺមានតម្លៃសមរម្យ ដោយរថយន្ត Xpander មានតម្លៃ ៣៣ ៥០០ដុល្លារ និង​ Xpander Cross មានតម្លៃ ៣៥ ៥០០ដុល្លារ។ មិនតែប៉ុណ្ណោះ អតិិថិជនក៏អាចបង់រំលស់ជាមួយលក្ខខណ្ឌងាយៗទៀតផង។

សំរាប់លោកអ្នកវិញ តើពេញចិត្ត Xpander រឺ Xpander Cross?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota Motor បោះទុន ៥,៣ពាន់លានដុល្លារ នៅរោងចក្រក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Toyota Motor Corp នឹងវិនិយោគរហូតដល់ ៧៣០ ពាន់លានយ៉េន ឬ ៥,២៧ ពាន់លានដុល្លារ នៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវការផ្គត់ផ្គង់អាគុយរថយន្តសម្រាប់រថយន្តអគ្គិសនី។

ក្រុមហ៊ុននេះមានគោលបំណងចាប់ផ្តើមផលិតអាគុយនៅចន្លោះឆ្នាំ ២០២៤ និង ២០២៦ ជាមួយនឹងការវិនិយោគដែលមានគោលបំណងបង្កើនសមត្ថភាពផលិតកញ្ចប់អាគុយនៅក្នុងប្រទេសទាំងពីររហូតដល់ ៤០ជីហ្គាវ៉ាត់។

ក្រុមហ៊ុន Toyota នឹងវិនិយោគប្រហែល ៤០០ពាន់លានយ៉េន ឬ ២,៨៨ពាន់លានដុល្លារ ទៅលើរោងចក្រ Toyota និង Prime Planet Energy & Solutions Co ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Panasonic Holdings Corp រោងចក្រនៅភាគខាងលិចទីក្រុង Himeji ប្រទេសជប៉ុន។ ហើយទឹកប្រាក់ប្រហែល ២,៥ ពាន់លានដុល្លារ នឹងត្រូវវិនិយោគនៅក្នុងក្រុមហ៊ុន Toyota Battery Manufacturing នៅ North Carolina។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោកកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតអាគុយ និងរថយន្តអគ្គិសនី ក្នុងការប្រឈមមុខជាមួយបទប្បញ្ញត្តិបរិស្ថានដ៏តឹងរ៉ឹង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Kicks លក់នៅវៀតណាម ជិះ១០០គ.ម ស៊ីប្រេងត្រឹម ២,២លីត្រ

[ទីផ្សារបរទេស] រថយន្ត Nissan Kicks ត្រៀមបង្ហាញវត្តមាននៅទីផ្សារ​ប្រទេស​វៀតណាមជាមួយ​ប្រភេទប្រើ​ប្រព័ន្ធ​ម៉ាស៊ីន  e-Power ដែល​មាន​សមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈខ្លាំង និងជាគូប្រជែងដ៏ខ្លាំងក្លារបស់ Toyota Corolla Cross ឬ Honda HR-V ជាដើម។

ផ្អែកតាមព័ត៌មានពី​ក្រសួងចុះបញ្ជីវៀតណាម បានឲ្យដឹងថារថយន្ត Nissan Kicks ស៊េរី​ឆ្នាំ​២០២២ ដែល​លក់​នៅ​វៀត​ណាម នឹង​មាន​ចែកចេញជាពីរប្រភេទរួមមានប្រភេទ E និង V ហើយរថយន្តនេះដែរនឹងនាំចូលពីប្រទេសថៃផ្ទាល់។

ចំណុចទាក់ទាញខ្លាំងរបស់ Nissan Kicks ប្រភេទ e-Power នេះគឺសមត្ថភាពសន្សំសំចៃប្រេងពេលបើកបរ​ក្នុង​ក្រុង ដោយ​បើក​បរចម្ងាយ ១០០គីឡូម៉ែត្រ វា​ចំណាយ​ប្រេង​ត្រឹម ២,២លីត្រប៉ុណ្ណោះ។ ចំណែកគូប្រជែងដូចជា Toyota Corolla Cross ប្រភេទ Hybrid ស៊ី​ប្រេង ៣,៧លីត្រ និង Honda HR-V ស៊ី​ប្រេង ៨,៧លីត្រ។ 

យ៉ាងណាក្ដីសម្រាប់​ការ​បើក​ក្រៅ​ក្រុង​ លើ​ផ្លូវលាត រថយន្តនេះកត់ត្រាការស៊ីប្រេងចំនួន ៦,១លីត្រ និង​គិត​ជាមធ្យមគឺ​ស៊ី​ប្រេង​ប្រមាណ ៤,៦លីត្រ សម្រាប់​ការ​បើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

Nissan Kicks អាចទទួលបានសមត្ថភាពសន្សំសំចៃខ្ពស់បែបនេះ ក៏ដោយសារវាប្រើប្រាស់ម៉ាស៊ីន Hybrid ដែល​មាន​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង ១,២លីត្រ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៩សេះ ជាមួយ​ម៉ូទ័រអគ្គិសនី​មួយដែល​អាច​ផលិត​កម្លាំងបាន ១២៩សេះ។

ចាប់តាំងពីខែមីនាមក រថយន្ត Nissan Kicks បានចាប់ផ្ដើមទទួលការកុម្ម៉ង់ ដោយតម្លៃប៉ាន់ស្មានរបស់វាគឺប្រមាណ ២៧ ៧០០​ដុល្លារ ដោយមានជម្រើសពណ៌ចំនួន​៧ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Tesla បើកទទួលការកក់រថយន្តអគ្គិសនីសុទ្ធ Tesla Semi Truck សាកថ្មម្តងជិះបាន ៨០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការបើកការបញ្ជាទិញទុកមុនសម្រាប់រថយន្តប្រភេទដឹកទំនិញ Tesla Semi Truck ជាមួយតម្លៃចាប់ផ្តើមពី ២០ ០០០ ដុល្លារ។ ក្នុងនោះ ក្រុមហ៊ុនតម្រូវឲ្យរបង់ប្រាក់ចំនួន ៥ ០០០ ដុល្លារភ្លាមៗនៅពេលកក់ និងបន្ថែម ១៥ ០០០ ដុល្លារ ក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីរក្សាការបញ្ជាទិញនេះ។

Tesla គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលក្រុមហ៊ុនកំពុងដាក់បង្ហាញរថយន្តដឹកទំនិញអគ្គិសនីសុទ្ធគឺ Tesla Semi ចាប់តាំងពីឆ្នាំ ២០១៧ ហើយត្រូវបានចំណាយពេលជាង ៥ ឆ្នាំដើម្បីរៀបចំលក់រថយន្តដឹកទំនិញអគ្គិសនីសុទ្ធនេះ។

ការដឹកជញ្ជូនរថយន្តអគ្គិសនីសុទ្ធ Tesla Semi នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងខែមេសាឆ្នាំនេះថា ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏ធំសម្រាប់ក្រុមហ៊ុន Tesla ជាមួយការដឹកជញ្ជូនចែកចាយរថយន្តអគ្គិសនីរួមទាំង Cybertruck និង Roadster ផងដែរ។

Tesla Semi នឹងត្រូវបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ​ផ្គួបជាមួយអាគុយទំហំ​ចាប់ពី ១០០ គីឡូវ៉ាត់ម៉ោង ទៅ ៥០០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៨០៤ គីឡូម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០​ គីឡូម៉ែត្រ ត្រឹមរយៈពេលតែ ២០ វិនាទីប៉ុណ្ណោះ។

បន្ថែមពីនេះ នាយកប្រតិបត្តិ Tesla លោក Elon Musk បាននិយាយថា រថយន្ត Tesla Semi នឹងមានមកស្តង់ដារជាមួយនឹងប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ Tesla Autopilot នៅលើផ្លូវ highways ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិបាករកទិញពេក ធ្វើឲ្យឡាន Land Cruiser ឡើងថ្លៃមួយទ្វេជាពីរនៅជប៉ុន

[ទីផ្សារបរទេស] តម្លៃនៃរថយន្ត Toyota ជាច្រើនម៉ូដែលកំពុងតែកើនឡើងខ្លាំងក្នុងទីផ្សាររថយន្តមួយទឹកនៅ​ឯ​ជប៉ុន ដោយ​សារ​ក្រុមហ៊ុន Toyota ពិបាកក្នុងការផ្គត់ផ្គង់រថយន្តឲ្យបានគ្រប់ចំនួន អំឡុងពេលដែលត្រូវប្រឈមមុខនឹងវិបត្តិខ្វះខាតឈីបសកល។

តម្លៃជាមធ្យម​សម្រាប់​រថយន្ត Toyota Land Cruiser ZX ស៊េរីឆ្នាំ២០២២ មួយ​ទឹក បានហក់​ឡើង​រហូតដល់ប្រមាណ ១២៩ ០០០​ដុល្លារ ក្នុងមួយ​គ្រឿង​កាល​ពី​ចុង​ខែកក្កដា។ តម្លៃនេះគឺថ្លៃជាងទ្វេដង បើធៀបទៅនឹងតម្លៃលក់រាយចេញ​ដោយ Toyota សម្រាប់​ទីផ្សារប្រទេសជប៉ុន។

មិនមែនតែ Land Cruiser នោះទេដែលឡើងថ្លៃខ្លាំង សូម្បីតែរថយន្ត Alphard មួយ​ទឹក​ប្រភេទ Executive Lounge S បាន​ហក់​ឡើងដល់​ប្រមាណ ៦ម៉ឺនដុល្លារ ធៀបនឹងតម្លៃថ្មីដែលមានប្រមាណ ៥៦ ០០០ដុល្លារ ប៉ុណ្ណោះ។ ​បន្ថែម​ពី​នេះ​តម្លៃ​រថយន្ត Corolla Cross និង Harrier មួយទឹក ក៏ថ្លៃលើសប្រភេទថ្មីបកកេសផងដែរ។

គួរដឹងថា​ Toyota មាន​ការកុម្ម៉ង់ប្រមាណ ១លានគ្រឿងសម្រាប់បំពេញនៅ​ប្រទេសជប៉ុន ដែលតួលេខ​នេះ​គឺ​ស្មើ​នឹង​មួយ​ភាគ​បី​នៃ​ទំហំ​ផលិតប្រចាំឆ្នាំ​នៅ​ជប៉ុន។ បញ្ហាការផ្គត់ផ្គង់ការកុម្ម៉ង់នេះ ធ្វើឲ្យ​ការរង់ចាំសម្រាប់រថយន្ត Land Cruiser កើន​ឡើង​រហូត​ដល់ជាង ៤ឆ្នាំ ខណៈដែលរថយន្តផ្សេងទៀតត្រូវរង់ចាំមួយឆ្នាំទើបអតិថិជនទទួលបានរថយន្តទៅប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ Changan Lantop ប្រើម៉ាស៊ីនជំនាន់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Changan Automobile បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Changan Lantop ជាមួយនឹងម៉ាស៊ីន Blue Whale 2.0T ជំនាន់ថ្មីនៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Changan Lantop មានប្រវែងតួខ្លួនសរុប​ ៥ ៦០០​ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៨៦៥ ម.ម និងប្រវែងគន្លាកង់មុខ-ក្រោយ ៣ ៤៣០ ម.ម ។ ក្រឡេកទៅមើលការរចនារូបរាងផ្នែកខាងក្រៅ រថយន្តភីកអាប់ Changan Lantop ប្រើភាសារចនាដ៏ទាក់ទាញ និងទាន់សម័យ ដោយនៅផ្នែកខាងមុខត្រូវបានបំផុសគំនិតដោយ Omega និងមានភ្ជាប់មកជាមួយប៉ាណាមុខឲ្យឈ្មោះថា a cloud sea Glacier front grille អបដោយចង្កៀងមុខប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ខណៈនៅផ្នែកចំហៀងមានបំពាក់ដោយថាសកង់ទំហំធំពណ៌ខ្មៅ, របានៅលើដំបូលពណ៌ខ្មៅ, កញ្ចក់ចំហៀងពណ៌ខ្មៅ, ចង្កៀងក្រោយប្រភេទ LED រចនារាងជាជ្រុងៗ និងឃ្លុបដាក់អីវ៉ាន់ខាងក្រោយមានទំហំធំ។ ខណៈដែរ ព័ត៌មានលម្អិត និងរូបភាពសម្រាប់នៅផ្នែកខាងក្នុងមិនត្រូវបានបញ្ចេញនៅឡើយទេ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តភីកអាប់នេះ​ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ប្រភេទ Blue Whale ជំនាន់ថ្មី turbocharged អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Škoda Auto បញ្ចេញគំរូរថយន្តអគ្គិសនី Skoda Vision 7S Concept រូបរាងកាន់តែទាក់ទាញ

[បរទេស] ក្រុមហ៊ុន Škoda Auto ដែលជាម៉ាករថយន្តក្រោមក្រុមហ៊ុន Volkswagen AG បានធ្វើការដាក់បង្ហញចេញនៅគំរូរថយន្តថ្មី Skoda Vision 7S Concept មុនពេលដាក់បញ្ចេញជាផ្លូវការនៅឆ្នាំ ២០២៦។

គំរូរថយន្ត Skoda Vision 7S Concept ដែលជារថយន្តអគ្គិសនីកៅអី ៣ជួរ គឺជារថយន្ត SUV មួយក្នុងចំណោមរថយន្ត SUV កំពូលទាំងបីដែលនឹងត្រូវដាក់បង្ហាញ ហើយនឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB (Modularer E-Antriebs Baukasten) ដូចទៅនឹងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VW ដូចជា ID .4 និង Audi Q4 e.-tron ផងដែរ។

គំរូរថយន្ត Skoda Vision 7S Concept ទទួលបានគំនិតរចនាថ្មីឲ្យឈ្មោះថា “modern solid” ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយចង្កៀងមុខរាងអក្សរ T ជាមួយអំពូលបំភ្លឺពេលថ្ងៃ modular LED DRLs , កាងខាងមុខធំដែលរចនាជាឆ្នូត និងថាសកង់ស្ព័រទំហំ ២២ អ៊ីញ។ ខណៈ នៅផ្នែកខាងក្រោយ មានភាពស្រដៀងនឹងរថយន្ត Range Rover ដោយស្តុបខាងក្រោយប្រភេទ LED មានរាងអក្សរ T, កាងខាងក្រោយទំហំធំរចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ និងកាង spoiler ខាងក្រោយត្រូវបានរចនាយ៉ាងពិសេសផងដែរ។

ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដោយមានបំពាក់ជាមួយកុងទ័រ LCD ទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១៤,៦ អ៊ីញ កន្លែងអង្គុយដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ផ្នែកខាងមុខ និងខាងក្រោយ និងបំពាក់ជាមួយចង្កូតដៃរាងជាជ្រុងកាន់តែទាក់ទាញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ គំរូរថយន្តនឹងភ្ជាប់មកជាមួយថាមពលអាគុយទំហំ ៨៩ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Rogue Sport នឹងត្រូវក្ស័យសង្ខារនៅខែធ្នូនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan គ្រោងបញ្ឈប់ការផលិតរថយន្តម៉ូដែល Rogue Sport ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្ដូរ​សែ​ស្រឡាយ​រថយន្ត​របស់​ខ្លួន ដោយការផលិតរថយន្តនេះនឹងត្រូវបញ្ចប់នៅខែធ្នូខាងមុខនេះហើយ។

អនុប្រធានក្រុមហ៊ុនឈ្មោះថា Scott Shirley បាន​បញ្ជាក់ថាការសម្រេចចិត្តនេះនឹងអាចឲ្យ Nissan ងាក​ទៅ​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​ដែល​មាន​តម្លៃខ្ពស់​ជាងនេះ ដូចជារថយន្ត Rogue, Kicks និង Pathfinder ជាដើម។

ខណៈដែលការផលិត​នឹងត្រូវបញ្ចប់នៅខែធ្នូ ភ្នាក់ងារចែកចាយរថយន្ត Nissan នឹងអាចបន្តលក់រថយន្តនេះ​រហូតដល់ដើម​ឆ្នាំ​២០២៣ ហើយ​ក្រុមហ៊ុន Nissan នឹងបន្តផ្ដល់​គ្រឿង​បន្លាស់​សម្រាប់ផ្គត់ផ្គង់រហូតដល់ពេញមួយឆ្នាំ២០២៣ផងដែរ។

រថយន្ត Nissan Rogue Sport មិនសូវទទួលបានការគាំទ្រខ្លាំងប៉ុន្មាន​​ចាប់តាំងពីរថយន្តនេះបានប្រកាសចេញលើទីផ្សារ​អាមេរិក​តាំងពីឆ្នាំ២០១៧មក។ រថយន្ត​ដែលស្ថិតនៅ​ចន្លោះ​ម៉ូដែល Kicks និង Rogue នេះ​ ត្រូវបាន​រំពឹងថា​អាច​កាន់​កាប់​ចំណែក​លក់ ៧០% ប៉ុន្តែលទ្ធផលបានត្រឹមឲ្យក្រុមហ៊ុនអស់សង្ឃឹម​ប៉ុណ្ណោះ ដោយសារ​តម្លៃធូរថ្លៃជាង និងភាពពេញនិយម​​លើ​ម៉ូដែល Kicks៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche គ្រោងលក់ហ៊ុននៅខែកញ្ញា ជាមួយតម្លៃរំពឹងទុកដល់ ៨៥ពាន់លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ​កំពុងត្រៀមខ្លួនដាក់លក់ភាគហ៊ុនលើទីផ្សារក្នុងខែកញ្ញាខាងមុខនេះ ដោយ​ដាក់​គោល​ដៅ​តម្លៃ​ទីផ្សារចន្លោះពី ៦០ ដល់ ៨៥ពាន់​លាន​ដុល្លារ។ នេះបើតាមការឲ្យដឹងពីប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន។

ប្រភពកំបាំងមុខបានប្រាប់ដល់ Bloomberg ថាក្រុមហ៊ុន Porsche នឹងប្រកាសពីផែនការលក់ភាគហ៊ុន​ បន្ទាប់ពី​ក្រុមប្រឹក្សា​ភិបាល​​ចុះហត្ថលេខាឯកភាព និងបាននិយាយថា​​ភាគហ៊ុនរបស់ Porsche ទទួលបានការកុម្ម៉ង់ទិញច្រើនជាងភាគហ៊ុន​ដែល​មាន​លក់​ទៅទៀត។

ក្រុមហ៊ុនបណ្ដាក់ទុនដែលបានត្រៀមខ្លួនធ្វើជាម្ចាស់ភាគហ៊ុនរបស់ Porsche មាន​ដូចជា T Rowe Price Group និង Qatar Investment Authority ហើយស្ថាបិកនៃភេសជ្ជៈ Red Bull លោក​ Dietrich Mateschitz ក៏​បាន​បង្ហាញ​ការ​ចាប់​ចិត្ត ​រួម​ទាំង​លោក Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុន LVMH ផងដែរ។

ក្រោម​កិច្ចព្រមព្រៀងលក់ភាគហ៊ុន ក្រុមហ៊ុន Volkswagen នឹងជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន Porsche ហើយ​វិនិយោគិន​នឹង​អាច​ទិញ​ភាគហ៊ុន ប៉ុន្តែភាគហ៊ុនទាំងនោះមិនផ្ដល់សិទ្ធិក្នុងការបោះឆ្នោតឡើយ។

Porsche សង្ឃឹមថាការចូលទីផ្សារភាគហ៊ុនរបស់ខ្លួនអាចនឹងប្រសើរជាងក្រុមហ៊ុន Polestar ដែលបានចូលទីផ្សារភាគហ៊ុន​កាល​ពី​ដើម​ឆ្នាំ និងទទួលបានតម្លៃភាគហ៊ុន​ល្អតែថ្ងៃដំបូង ប៉ុន្តែបែរជាធ្លាក់ចុះយ៉ាងគំហុកនៅសប្ដាហ៍​បន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+